34 C
Phnom Penh

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បម្រុង​នឹង​ដឹក​គ្រឿងញៀន​នេះ​ទៅ​ទីកន្លែង​ផ្សេង​ទៀត។

បើ​តាម​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ ទី​២៥ មីនា ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ការ​ដឹកជញ្ជូន រក្សាទុក​សារធាតុ​ញៀន​នៅ ៣​ចំណុច​ផ្សេង​គ្នា​ជាបន្តបន្ទាប់។

ចំណុច​ទាំងនោះ​មាន​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បង្គោល​គីឡូម៉ែត្រ​លេខ​២៣ ទល់មុខ​រោងចក្រ CPF ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខណៈ​នៅ​ចំណុច​ទី​២ នៅ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​១១ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ និង​ទី​៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​លើ​ផ្លូវលំ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​ថា ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ JEN HAO JUN ឈ្មោះ CHEN POYEN ខណៈ​ម្នាក់​ឈ្មោះ LI YANG គ្មាន​លិខិត​ឆ្លងដែន។

ក្រៅពី​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ៣​នាក់ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម ក្នុង​នោះ​ប្រភេទ​កេតាមីន អ៊ិចស្តាស៊ី (MDMA) មេតំហ្វេតាមីន (WY) និង​ប្រភេទ​នីមេតាហ្សេប៉ាម (Nimetazepam) បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន​នេះ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​ចាប់​បាន​សារធាតុ​គីមី​ជាង ៣០០​តោន​សម្រាប់​យក​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ហើយ​ថា​បច្ចុប្បន្ន កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ដើម្បី​ឱ្យ​មក​ជួយ​បន្សាប​សារធាតុ​គីមី​ជាង ៣០០​តោន​នោះ មុន​នឹង​កប់​ចោល បើ​មិន​ដូច្នោះ​ទេ វា​នឹង​បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន។

លោក ស ខេង ក៏​បារម្ភ​ផង​ដែរ​អំពី​ការ​គ្រប់គ្រង​សន្តិសុខ​ពន្ធនាគារ ខណៈ​អ្នកទោស​គ្រឿងញៀន​កំពុង​មាន​ការ​កើន​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស