ក្រុមអ្នកតស៊ូមតិខ្មែរនៅក្រៅស្រុក អះអាងថា លោក ហ៊ុន សែន ទំនងជាមិនអាចរួចខ្លួនពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនោះទេ ទោះបីជាខំបង្អាក់ដំណើររបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មិនឲ្យទៅធ្វើជាវាគ្មិនក្នុងវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ ក៏ដោយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មីនា ថា ក្រោយវេទិកាពិភពលោកនេះមិនយូរប៉ុន្មាន សហគមន៍អន្តរជាតិអាចនឹងដាក់ចេញនូវសេណារីយ៉ូថ្មីទាក់ទងទៅនឹងនយោបាយប្រជាធិបតេយ្យូបនីយកម្មកម្ពុជា ដើម្បីកំណត់ផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរទៅថ្ងៃមុខជាមិនខាន។
លោក គឹម សុខ អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចប្រើអត្តចរិតក្អេងក្អាងថាគាត់មិនខ្លាចនឹងបំបាក់មុខសហគមន៍អន្តរជាតិ ចំពោះការរាំងខ្ទប់ដំណើរទៅចូលរួមកិច្ចប្រជុំរបស់លោក កឹម សុខា ក្នុងវេទិកាគោលនយោបាយពិភពលោកទេ ប៉ុន្តែគាត់គួរតែដឹងថា សហគមន៍អន្តរជាតិមិនមែនធ្វើតេស្ដអំពីគោលជំហររបស់កម្ពុជាចោលទទេៗនោះឡើយ ហើយជាលទ្ធផល ក្រោយព្រឹត្តិការណ៍វេទិកាអន្តរជាតិនេះ អាចនឹងមានប្រតិកម្មលើរដ្ឋាភិបាលឯកបក្សរបស់គាត់បន្ថែមទៀតពីសហគមន៍អន្តរជាតិទាំងនោះ។
អ្នកវិភាគនយោបាយ និងសង្គមរូបនេះបញ្ជាក់ថា ការអញ្ជើញលោក កឹម សុខា តែម្នាក់ពីប្រទេសកម្ពុជាពាក់ព័ន្ធនឹងក្រុមប្រទេសឧស្សាហកម្មជឿនលឿនដាច់គេទាំង ២០ លើពិភពលោក ពុំមែនជារឿងលេងសើចនោះឡើយ។ លោកបញ្ជាក់ថា ការអញ្ជើញនេះគឺជាការសម្រិតសម្រាំងទាំងបុគ្គលិកលក្ខណៈរបស់បុគ្គលជាវាគ្មិនដែលមានស្មារតីដោះស្រាយបញ្ហា ហើយសម្លឹងទៅដល់លក្ខខណ្ឌដោះស្រាយវិបត្តិនយោបាយកម្ពុជា ដែលសហគមន៍អន្តរជាតិកំពុងព្រួយបារម្ភពីការវិវឌ្ឍទៅជាវិបត្តិផ្សេងទៀត ដែលនឹងជះឥទ្ធិពលអាក្រក់ដល់តំបន់ អន្តរជាតិ និងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលនូវសំណើសុំរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទៅចូលរួមវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានសម្ដែងការសោកស្តាយដែលមិនអាចធ្វើដំណើរទៅចូលរួមវេទិកាពិភពលោកជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច G7 និង G20 តាមកម្មវិធីដែលបានគ្រោងទុក ដោយសារតែសិទ្ធិសេរីភាពរបស់លោកត្រូវបានហាមឃាត់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ មីនា ថា ការអញ្ជើញឱ្យលោក កឹម សុខា ទៅចូលរួមគឺធ្វើឡើងក្នុងបំណងប្រមូលទស្សនៈ និងអនុសាសន៍របស់មេដឹកនាំល្បីៗដើម្បីចងក្រងសម្រាប់ G20 និង G7 ក្នុងការដោះស្រាយបញ្ហាចម្បងៗដែលទាក់ទិននឹងសេដ្ឋកិច្ចសកល ដូចជាការធ្វើឱ្យមានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងវិបត្តិនយោបាយនៅភូមា ជាដើម។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះអះអាងថា លោក កឹម សុខា ដែលត្រូវបានអញ្ជើញឱ្យចូលរួម គឺដោយសារតែគេបានចាត់ទុកថា លោក កឹម សុខា ជាអ្នកដឹកនាំនយោបាយខ្មែរដែលលេចធ្លោមួយរូបដែលគួរតែចូលរួមពិភាក្សាអំពីការប្រឈមខាងគោលនយោបាយរបស់ G20 និង G7 ក្នុងឆ្នាំ២០២២ នេះ។
ជុំវិញបញ្ហានេះ អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី២៨ មីនា ថា ការបិទខ្ទប់សេរីភាពលោក កឹម សុខា មិនឱ្យទៅចូលរួមពីសំណាក់រដ្ឋាភិបាលកម្ពុជា កាន់តែធ្វើឱ្យមុខមាត់កម្ពុជាធ្លាក់ចុះអន់ថយលើឆាកអន្តរជាតិប៉ុណ្ណោះ។ ចំណែកលោក កឹម សុខា នឹងទទួលបានការគោរពស្រឡាញ់ពីមេដឹកនាំនៃប្រទេសទាំងនោះកាន់តែខ្លាំងទៅវិញ។
ក្រុមប្រទេស G20 ឬ Group of Twenty ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានប្រទេសចំនួន២០ ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អ៊ីតាលី បារាំង រុស្ស៊ី ប្រេស៊ីល កាណាដា និងប្រទេសចំនួន១០ទៀត។ ប្រទេសទាំងនេះរួមទាំងសហភាពអឺរ៉ុបផង ចូលរួមគ្នាធ្វើការដោះស្រាយបញ្ហាចម្បងៗដែលទាក់ទិននឹងសេដ្ឋកិច្ចសកល ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាដើម។
ដោយឡែកក្រុមប្រទេស G7 ឬ Group of Seven មានសមាជិកភាគច្រើនជាមហាអំណាចពិភពលោក ដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងនេះបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នាលើផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ច្បាប់ បរិស្ថាន យោធា សាសនា វប្បធម៌ និងនយោបាយការទូត៕