29 C
Phnom Penh

អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ដែល​បាន​បញ្ជូន​មន្ត្រី និង​នាវា​កងទ័ព​ជើងទឹក​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ជនជាតិ​ថៃ ចំនួន ៣០០០​នាក់​ចេញពី​ទីតាំង​ដែល​បម្រើ​ការ​នៅ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នានា​នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ខាងមុខ​នេះ ដើម្បី​ជួយ​សង្គ្រោះ និង​បញ្ជូន​ជនជាតិ​ថៃ ចន្លោះ​ពី ២៨០០​នាក់​ទៅ ៣០០០​នាក់ ចេញពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​ខុសច្បាប់​នៅ​កម្ពុជា។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន នឹង​ដឹកនាំ​នគរបាល​ជាន់ខ្ពស់​មួយ​ក្រុម​ទៅកាន់​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត ខណៈ​ដែល​កងទ័ព​ជើងទឹក​ថៃ នឹង​រៀបចំ​នាវា​មួយ​គ្រឿង​ដើម្បី​ជួយ​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ។

អាជ្ញាធរ​ថៃ​រូប​នេះ​អះអាង​ថា ជនជាតិ​ថៃ​នានា​នឹង​ត្រូវ​ជួយ​សង្គ្រោះ​ចេញពី​ទីតាំង​នៃ​ប្រតិបត្តិការ​ឆបោក​ខុសច្បាប់​ទាំងឡាយ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ពួកគេ​ទាំងអស់​នោះ​ក៏​នឹង​ត្រូវ​សាកសួរ​បន្ថែម​ទៀត​ក្នុង​ប្រទេស​ថៃ ដើម្បី​សម្រេច​ថា​តើ​ពួកគេ​នឹង​ត្រូវ​ទទួល​រង​នូវ​វិធានការ​ផ្លូវច្បាប់ ឬ​យ៉ាង​ណា។

វិធានការ​របស់​អាជ្ញាធរ​ថៃ​នា​ពេលនេះ ធ្វើឡើង​ស្រប​ពេល​អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភាគច្រើន​ក៏​មាន​ចេញពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល និង​ឥស្សរជន​នយោបាយ​កម្ពុជា​មួយ​ចំនួន រួម​មាន​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន ស្ថាបនិក​ក្រុមហ៊ុន ផាយផេ (Pi Pay) លោក ឫទ្ធី សំណាង ម្ចាស់​ក្លឹប​បាល់ទាត់​ធំ​មួយ​នៅ​កម្ពុជា និង​ឧកញ៉ា ទ្រី ភាព ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស