នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល

By ឌឹ ខេមបូឌា ដេលី

March 31, 2022

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង ដែល​បាន​សម្រេច​ជា​ឯកតោ​ភាគី​មក​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​សេតវិមាន នៅ​ខណៈ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​បន្ត​លើក​ពេល​ដោយ​មិន​កំណត់ ហើយ​ចំ​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។

ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក លី សៀនឡុង បាន​ធ្វើឡើង​នៅ​ឯ​សេតវិមាន​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ថ្ងៃ​អង្គារ ទី​២៩ មីនា។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា។

ក្នុង​ជំនួប​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង ដោយ​ផ្ដោត​សំខាន់​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក រួម​ទាំង​វិបត្តិ​នៅ​ប្រទេស​ភូមា។ មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​អង្គុយ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ក្រោយ​មក​ក៏​មាន​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​រួម​គ្នា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅកាន់​បណ្ដាញ​ផ្សាយ​ព័ត៌មាន។

លោក បៃដិន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក បើ​ទោះ​ជា​ពេលនេះ​អាមេរិក​កំពុង​ផ្ដោត​ទៅលើ​ស្ថានការណ៍​នៅ​អឺរ៉ុប​ខាងកើត ដោយសារតែ​រុស្ស៊ី​លើក​ទ័ព​បង្ក​សង្គ្រាម​វាយ​លើ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ តាម​ការ​ពន្យល់​របស់​លោក បៃដិន ពេលនេះ​ទោះ​ជា​សហរដ្ឋ​អាមេរិក​កំពុង​ដោះស្រាយ​វិបត្តិ​នៅ​អឺរ៉ុប​ក៏ដោយ ក៏​ក្រុង​វ៉ាស៊ីនតុន​នៅតែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ។

ដោយ​ទឹកមុខ​រីករាយ លោក បៃដិន បាន​សម្ដែង​សេចក្ដី​រីករាយ​ចំពោះ​ការ​សម្រេច​របស់​សិង្ហបុរី ក្នុង​ការ​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ព្រោះ​តែ​ឈ្លានពាន​លើ​អ៊ុយក្រែន។ លោក បៃដិន បាន​ចាត់ទុក​សិង្ហបុរី​ជា​ប្រទេស​មាន​មោទកភាព​មួយ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​លោក​ធានា​ថា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅតែ​ជា​តំបន់​សេរី និង​បើក​ចំហ។

ចំណែក​ឯ​លោក លី សៀនឡុង វិញ បាន​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​អាស៊ាន។ លោក សៀនឡុង និយាយ​ថា ទំនាក់ទំនង​អាមេរិក-អាស៊ាន​នឹង​ជួយ​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ជួយ​ឱ្យ​ក្រុង​វ៉ាស៊ីនតុន​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ដៃគូ​ជាច្រើន សំដៅ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតុន នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង មុន​នឹង​ជួប​លោក បៃដិន លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin នៅ​ឯ​មន្ទីរ​ប៉ុងតាហ្គោន។ ឥស្សរជន​ទាំង​ពីរ​បាន​បង្ហាញ​ជា​ថ្មី​អំពី​ទំនាក់ទំនង​ការពារ​ជាតិ​ទ្វេភាគី និង​ទទួល​ស្គាល់​តួនាទី​របស់​សិង្ហបុរី ក្នុង​នាម​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហបុរី គឺ​លោក លី សៀនឡុង និង​លោក Lloyd Austin បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​មាន​ដូចជា វិស័យ​អ៊ីនធឺណិត និង​ការ​បណ្ដុះបណ្ដាល ព្រមទាំង​ការ​ឯកភាព​គ្នា​នៃ​ការ​ចូលរួម​ជា​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​អន្តរជាតិ និង​ថ្នាក់​តំបន់ ជាពិសេស​គឺ​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក លី សៀនឡុង កំពុង​ស្ថិតនៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​បំពេញ​ទស្សនកិច្ច​លើកដំបូង​នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃដិន។ លោក លី សៀនឡុង បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​វត្តមាន​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថា​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ភាព​រីកចម្រើន​នៅ​ក្នុង​តំបន់​ទាំងមូល ហើយ​សម្រាប់​សិង្ហបុរី នឹង​បន្ត​គាំទ្រ​វត្តមាន​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ជានិច្ច។

អ្វី​ជា​ការ​កត់សម្គាល់​ចំពោះ​វត្តមាន​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី ដែល​ជា​សមាជិក​មួយ​នៃ​សមាគម​អាស៊ាន​នៅ​សេតវិមាន បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​លើក​ពេល​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក គឺ​ចំ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ។

ក្រសួង​ការបរទេស​អាមេរិក បាន​បន្ត​ពន្យារ​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​សមាគម​អាស៊ាន​ដោយ​មិន​កំណត់​ពេល ដែល​ពី​មុន កិច្ចប្រជុំ​កំពូល​នេះ​គ្រោង​នឹង​ត្រូវ​បើក​ធ្វើ​នៅ​ចុង​ខែ​មីនា នេះ។ លោក បៃដិន បាន​ចំណាយ​ពេល​មួយ​ខែ​ទៅ​ហើយ​ដោយ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​លើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​ទើប​មក​ដល់​សេតវិមាន​វិញ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ប្រ៊ុចសែល នៃ​ប្រទេស​បែលហ្ស៊ិក និង​នៅ​ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។

នៅ​ក្នុង​ប្រទេស​ប៉ូឡូញ លោក បៃដិន បាន​ជួប និង​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក​ដែល​ដាក់​ពង្រាយ​នៅ​តំបន់​មួយ​ជាប់​ព្រំដែន​ប៉ូឡូញ និង​អ៊ុយក្រែន និង​បាន​ទៅ​ពិនិត្យ​ផ្ទាល់​ស្ថានភាព​ជនភៀសខ្លួន​រត់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ដែល​មក​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ៕