ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy (ពាក់​ម៉ាស់​ខ្មៅ)។

បទវិភាគ

វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

April 01, 2022

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា ៣៦​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​ពិភពលោក ព្រមាន​ថា​ជា​ហានិភ័យ​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ បើ​អង្គការ​យោធា​ណាតូ (NATO) បញ្ជូន​ទ័ព​ជួយ​កងទ័ព​អ៊ុយក្រែន ឬ​ក៏​កងទ័ព​រុស្ស៊ី បាញ់​ផ្លោង​ទៅលើ​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ។

ក្នុង​រយៈពេល ៣៦​ថ្ងៃ​មក​នេះ ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​ក៏​បាន​សម្រេច​ទៅ​រក​តុ​ចរចា​ផង​ដែរ ដោយ​បាន​ធ្វើឡើង ៧​លើក​មក​ហើយ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​ក្រុង​មូស្គូ ចាត់ទុក​ជា​មេដឹកនាំ​និយម​ពួក​បស្ចិម​ប្រទេស។

ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម គឺ​មាន​ចំណុច​ពីរ​ដ៏​សំខាន់ គឺ​ទី​មួយ រុស្ស៊ី​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​លះបង់​ការ​ប៉ុនប៉ង​ចូល​ជា​សមាជិក​យោធា​ណាតូ ដែល​ក្រុង​មូស្គូ ចាត់ទុក​ថា​លោក Zelenskiy ជា​អ្នក​បង្ក​អសន្តិសុខ​ដល់​មាត់ទ្វារ​របង​ព្រំដែន​របស់​រុស្ស៊ី និង​ទី​ពីរ រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​ដំបន់ Donbas ឱ្យ​មក​នៅ​ក្រោម​ចំណុះ​របស់​សហព័ន្ធ​រុស្ស៊ី គឺ​ដូច​រុស្ស៊ី​យក​បាន​តំបន់​គ្រីមៀរ កាលពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​គ្រា​នោះ គ្រីមៀរ ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​ដោយ​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​នេះ ពុំ​បាន​បញ្ចេញ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ឡើយ គឺ​រុស្ស៊ី​យក​បាន​តាមរយៈ​ក្រុង​មូស្គូ ណែនាំ​ឱ្យ​មេដឹកនាំ​តំបន់​នោះ​បោះឆ្នោត​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៤ បាន​នាំ​ឱ្យ​គ្រីមៀរ ក្លាយ​ជា​តំបន់​រណប​រុស្ស៊ី គឺ​សំឡេង​គាំទ្រ​ដល់​ជិត ៩៧%។ តាមរយៈ​លទ្ធផល​នេះ គេ​អាច​រក​ឃើញ​ជនជាតិ​រុស្ស៊ី មក​រស់នៅ​លើ​តំបន់​គ្រីមៀរ ដល់​ទៅ​ជាង ៩០% គឺ​ច្រើន​លើសលប់។ មាន​ន័យ​ថា ជនជាតិ​រុស្ស៊ី​មាន​ចំនួន​ច្រើន​ជាង​ម្ចាស់​ស្រុក ដែល​នាំ​ឱ្យ​មាន​លទ្ធផល​ដូចនេះ។ ក្នុង​ពេល​ដែល​គ្រីមៀរ ធ្លាក់​ទៅ​យ៉ាង​ស្រួល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី គឺ​មេដឹកនាំ​កម្លាំង​ផ្ដាច់ខ្លួន​នៅ​ក្នុង​តំបន់ Donbas ដែល​រុស្ស៊ី​នៅ​ពីក្រោយ ក៏​ចាប់ផ្ដើម​ប្រមូល​កម្លាំង​បះបោរ ដើម្បី​គាបសង្កត់​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​យល់ព្រម​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ គឺ​ដូច​តំបន់​គ្រីមៀរ ដែរ។ ប៉ុន្តែ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ុយក្រែន គឺ​លោក Petro Poroshenko ដែល​ខុស​ពី​លោក Viktor Yanukovych ជា​ប្រធានាធិបតី​ឱន​ក្បាល​ជាមួយ​នឹង​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​បណ្ដោយ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមៀរ។ លោក Viktor Yanukovych ត្រូវ​បាន​ប្រជាជន​អ៊ុយក្រែន ដេញ​ទម្លាក់​ពី​អំណាច​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ សម្រាប់​លោក Poroshenko ជា​ប្រធានាធិបតី​ថ្មី លោក​បាន​បញ្ជូន​ទ័ព​អ៊ុយក្រែន ទៅ​វាយ​បង្ក្រាប​កម្លាំង​ឧទ្ទាម​នៅ​ក្នុង​តំបន់ Donbas ដោយ​មិន​បណ្ដោយ​ឱ្យ​មាន​ការ​បោះឆ្នោត​បាន​ឡើយ។

ចាប់តាំង​ពី​ឆ្នាំ​២០១៤ តំបន់ Donbas ក្លាយ​ជា​ភ្លក់​ភ្លើង​សង្គ្រាម​រហូត​មកដល់​លោក ពូទីន បញ្ជា​កងទ័ព​រុស្ស៊ី​បើក​ការ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន ដោយ​ឆ្លងកាត់​តំបន់ Donbas បណ្ដាល​ឱ្យ​សង្គ្រាម​ផ្ទុះ​ពាសពេញ​ប្រទេស​មកដល់​ពេលនេះ។

តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ តំបន់​នេះ​មាន​ផ្ទៃដី​សរុប​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ជាង ៤​លាន ១​សែន​នាក់។ ជា​តំបន់​ដែល​សម្បូរ​ដោយ​រ៉ែ​ធម្មជាតិ ជាពិសេស​គឺ​ឧស្ម័ន និង​ធ្យូងថ្ម។ ការពិត រុស្ស៊ី​មាន​ផែនការ​យក​តំបន់ Donbas តាំងពី​ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​លោក ពូទីន បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​រុស្ស៊ី​ម្ដង​ទៀត។

នៅ​ក្នុង​ការ​ចរចា​លើក​ទី​៧ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៨-២៩ មីនា នៅ​ប្រទេស​តួកគី ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​ខ្លាំង គឺ​រុស្ស៊ី​ទាមទារ​ឱ្យ​អ៊ុយក្រែន ទម្លាក់​អាវុធ ហើយ​យល់ព្រម​រំលាយ​រចនាសម្ព័ន្ធ​យោធា និង​យល់ព្រម​ប្រគល់​ដី​នៅ​តំបន់ Donbas ឱ្យ​នៅ​ក្រោម​ចំណុះ​របស់​រុស្ស៊ី ព្រមទាំង​ទទួលស្គាល់​ជា​ផ្លូវការ​តំបន់​គ្រីមៀរ ជា​ដែនដី​របស់​រុស្ស៊ី។ នេះ​ជា​ចំណុច​ស្លាប់​រស់​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​លោក​សច្ចា​មិន​ឱន​ក្បាល​កាត់​ដី​ទៅ​ឱ្យ​អ្នក​ឈ្លានពាន​ជា​ថ្នូរ​នឹង​សន្តិភាព និង​ការ​ក្រាញ​អំណាច​ឡើយ។

នៅ​ក្នុង​ការ​ចរចា​ដល់​ចំណុច​នេះ ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ទៅ​មុខ​ទៀត​បាន​ឡើយ បន្ទាប់ពី​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ពីរ​ចំណុច​រួច​ហើយ គឺ​ភាគី​រុស្ស៊ី​យល់ព្រម​កាត់បន្ថយ​កងទ័ព​ដែល​ឡោមព័ទ្ធ​រដ្ឋធានី​គៀវ និង​ទីក្រុង Chernihiv។ ចំណែក​ភាគី​អ៊ុយក្រែន យល់ព្រម​ទទួលយក​នូវ​ការ​ប្រកាន់​យក​រដ្ឋ​អធិបតេយ្យ និង​អព្យាក្រឹត ដែល​មាន​ន័យ​ថា អ៊ុយក្រែន​លះបង់​ចោល​ផែនការ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​យោធា​ណាតូ ហើយ​មិន​ឱ្យ​មាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​អ៊ុយក្រែន​បាន​ឡើយ។

តែ​បែប​នេះ​ក្ដី អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា ពុំ​មាន​លទ្ធផល​ណា​មួយ​ក្លាយ​ជា​ដំណោះស្រាយ​ផ្លូវការ​នោះ​ទេ ទោះ​ជា​ភាគី​រុស្ស៊ី​រីករាយ​ដែល​អ៊ុយក្រែន​ប្រកាស​ដាក់​ប្រទេស​ជា​រដ្ឋ​អព្យាក្រឹត​ក៏ដោយ។ លោក Dmitry Peskov និយាយ​ថា ការ​ចរចា​អាច​បន្ត​ទៀត។ ប៉ុន្តែ​ចំណុច​ណា​ដែល​មិន​អាច​រក​ច្រកចេញ​រួច គឺ​ភាគី​អ៊ុយក្រែន ត្រូវ​បាន​បង្ហាញ​សម្បទាន។

តាម​ដំណឹង​ចុងក្រោយ ស្ថានការណ៍​សឹក​នៅ​តំបន់ Donbas ដែល​មាន​រដ្ឋ​ពីរ​ជា​ចំណុះ គឺ​រដ្ឋ Luhansk និង Donetsk គឺ​កងទ័ព​ប្រទេស​ទាំង​ពីរ​កំពុងតែ​ត្រៀម​ប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ បើ​ទោះ​ជា​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​បាន​ភាគច្រើន​ក៏ដោយ​នោះ។ ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy បាន​បញ្ជា​ឱ្យ​បញ្ជូន​កងទ័ព​ច្រើន​ពាន់​នាក់​ថែម​ទៀត​ទៅកាន់​តំបន់​នោះ ដែល​លោក​ថា រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​តំបន់​នោះ​ទាំងស្រុង ព្រោះ​ធ្វើ​តាម​ផែនការ​របស់​លោក ពូទីន ដែល​ចង់​ពុះ​ច្រៀក​ទឹកដី​អ៊ុយក្រែន​ជា​ពីរ​ដូច​នឹង​ប្រទេស​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​សព្វថ្ងៃ​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​បង្ហើប​ថា កងទ័ព​រុស្ស៊ី​នឹង​ផ្ដោត​ទៅលើ​តំបន់ Donbas វិញ ដែល​រួម​មាន​តំបន់​បំបែក​ខ្លួន Luhansk និង Donetsk នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ លោក​អះអាង​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​មួយ​ផ្នែក​ធំ​ហើយ​នៅ​ក្នុង​ដំណាក់កាល​ទី​១ នៃ​ប្រតិបត្តិការ​យោធា ដែល​ក្នុង​នោះ​រួម​មាន​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​សមត្ថភាព​កងទ័ព​របស់​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក John Kirby បាន​ឱ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី បាន​បង្កើន​សកម្មភាព និង​ផ្ដោត​ទៅលើ​តំបន់​ភាគ​ខាងកើត​វិញ បន្ទាប់ពី​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​យុទ្ធនាការ​យោធា​នៅ​ក្នុង​តំបន់​ភាគ​ខាងជើង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា កងកម្លាំង​អ៊ុយក្រែន​បាន​ដណ្តើម​កាន់កាប់​បាន​មកវិញ​នូវ​ទីប្រជុំជន Trostyanets នៅ​ជិត​ទីក្រុង Sumy ភាគ​ឦសាន ខណៈ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា កងកម្លាំង​អ៊ុយក្រែន​បាន​រំដោះ​យក​ទីក្រុង Irpin ដែល​នៅ​ជាយ​រដ្ឋធានី​គៀវ បាន​មកវិញ​ហើយ។

អ្នក​សង្កេតការណ៍​យល់​ថា បើ​តំបន់ Donbas ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​យ៉ាង​រឹងមាំ​របស់​កងទ័ព​រុស្ស៊ី គឺជា​ចំណុច​បញ្ចប់​នៃ​មហិច្ឆតា​របស់​លោក ពូទីន ដែល​លើក​ទ័ព​លុកលុយ​អ៊ុយក្រែន ហើយ​ក្រុង​មូស្គូ នឹង​ឈាន​ដល់​ការ​ប្រកាស​រឹបអូស​តំបន់​នោះ​ជា​ដែនដី​ចំណុះ​រុស្ស៊ី​ជា​ផ្លូវការ។ យ៉ាងណា សង្គ្រាម​នឹង​មិន​អាច​បិទ​បញ្ចប់​បាន​ឡើយ បើ​ភាគី​អ៊ុយក្រែន​នៅ​កណ្ឌ​ទ័ព​វាយ​លើ​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​នៃ​តំបន់ Donbas៕