38.1 C
Phnom Penh

តំណាង​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើងវិញ​សម្រាប់​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ​ប្រកប​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ត្រូវតែ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​នូវ​លំហ​សេរីភាព​បញ្ចេញមតិ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ផ្តល់​នូវ​សេរីភាព​កាន់តែ​ច្រើន​ថែម​ទៀត​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​នយោបាយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ ថា ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) សូម​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សហភាព​អឺរ៉ុប ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

លោក ទូច វិបុល អះអាង​ថា ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​សូម​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ប្រញាប់​ស្ដារ​ប្រក្រតីភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា ទាំងអស់ រួម​ទាំង​អ្នក​នយោបាយ និង​សកម្មជន​សង្គម​នានា​ដោយ​ឈរ​លើ​គោលការណ៍​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​សន្តិភាព​ថ្លៃថ្នូរ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​កំពុង​ធរមាន​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស។ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅ​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ទោះបី​មាន​សវនាការ​ជិត ៤០​ដង​ទៅ​ហើយ​ក៏ដោយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​បិទ​ខ្ទប់​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ចេញ​នូវ​សេណារីយ៉ូ​ថ្មី​ទាក់ទង​ទៅ​នឹង​នយោបាយ​ប្រជាធិបតេយ្យូបនីយកម្ម​កម្ពុជា ដើម្បី​កំណត់​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ទៅ​ថ្ងៃ​មុខ​ជាមិនខាន។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ បាន​សម្ដែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា​ពិភពលោក​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G7 និង G20 តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ដោយសារតែ​សិទ្ធិ​សេរីភាព​របស់​លោក​ត្រូវ​បាន​ហាមឃាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស