28 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​ខ្វះ​ភស្តុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឡើងវិញ​លើ​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ថា ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ។

ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធានា និង​អនុវត្ត​សិទ្ធិមនុស្ស​បាន​ទេ វា​ជា​ក្តី​បារម្ភ​ធំៗ​មួយ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។

កន្លងមក ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ដំណើរការ​សវនាការ​ក្តី​ដ៏​ធំ ការ​ដកហូត​លិខិត​ឆ្លងដែន និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​សមាជិក​គណបក្ស​ជំទាស់។

សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) របស់​លោក ហ៊ុយ វណ្ណៈ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា ខ្លួន​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​របាយការណ៍​សង្ខេប​ដែល​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម និង​របាយការណ៍​ពេញ​ទាំងស្រុង ហើយ​ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​មាន​លក្ខណៈ​មិន​ពេញលេញ សម្រាប់​របាយការណ៍​អំពី​ស្ថានភាព​កម្ពុជា ជាពិសេស​ត្រង់​កថាខណ្ឌ​ស្ដីពី​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដដែល​លើកឡើង​ថា របាយការណ៍​នេះ​វាយតម្លៃ​ដោយ​លម្អៀង​ដោយ​ខ្វះ​ភស្តុតាង​ច្បាស់លាស់ គ្មាន​ការពិត​ពេញលេញ និង​បាន​ទាត់ចោល​នូវ​អ្វី​ដែល​ជា​តម្រូវការ​ក្នុង​បរិបទ​ជាក់ស្តែង​របស់​សង្គម​កម្ពុជា ព្រមទាំង​ព្យាយាម​បន្ទោស​ទៅ​ភាគី​ផ្សេង​ភ្ជាប់​ទៅ​លំហ​នយោបាយ និង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ក្នុង​គោលបំណង​ហាក់​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បង្ហាញ​ការ​គាំទ្រ​ដោយ​ថា បើសិន​រដ្ឋាភិបាល​នៅតែ​មិន​ព្រម​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​តាមរយៈ​ប្រព័ន្ធ​តុលាការ និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ផ្សេងៗ​ទៀត​នោះ កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​ពី​សហគមន៍​អឺរ៉ុប​បន្ថែម ខណៈ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​រួច​ទៅ​ហើយ​នោះ។

លោក ករុណា បន្ត​ថា កម្ពុជា​គួរ​ពិចារណា​ចំពោះ​ការ​លើកឡើង​របស់​សហគមន៍​អន្តរជាតិ ដោយ​បញ្ឈប់​រាល់​អំពើ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​រង​ការ​រិះគន់​ពី​បណ្ដា​ប្រទេស​លោក​សេរី។

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នកទោស​នយោបាយ​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ។ ការ​អំពាវនាវ​នេះ ដោយ Human Rights Watch ថា​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​មាន​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ក្រោម​ហេតុផល​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស