28.4 C
Phnom Penh

តើ​ចិន​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក ឬ​ជួយ​បំផ្លាញ ខណៈ​ចិន​សរសើរ​រុស្ស៊ី​អំពី​ការ​គោរព​សិទ្ធិមនុស្ស?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រហូត​មកទល់​ពេលនេះ ចិន​នៅតែ​បន្ត​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើ​ទោះបីជា​ពិភពលោក​សឹងតែ​ទាំងអស់​នាំគ្នា​ថ្កោលទោស​របប​លោក ពូទីន ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន យ៉ាងណា​ក៏ដោយ។

នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា នៅ​ភាគ​ខាងកើត​ប្រទេស​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov បាន​ទទួល​នូវ​ភាព​កក់ក្ដៅ​ជា​ថ្មី​ទៀត​ពី​ប្រទេស​ចិន។ ក្នុង​ជំនួប​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ប្រាប់​សមភាគី​រុស្ស៊ី ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី មាន​ភាព​រឹងមាំ និង​មាន​ទំហំ​ធំ​ក្រៃ ហើយ​រឹង​ដូច​ថ្ម។ មិន​តែប៉ុណ្ណោះ តំណាង​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​រួម​គ្នា​ថា នឹង​រួម​គ្នា​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ។

ប្រមុខ​ការទូត​ចិន បាន​ប្រាប់​លោក Sergey Lavrov ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី គឺ​រឹងមាំ គ្មាន​ទីបំផុត និង​គ្មាន​អ្វី​បំបែក​បាន​ឡើយ។ លោក វ៉ាង យី ចាត់ទុក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទៅលើ​ប្រទេស​រុស្ស៊ី ថា​ជា​ទង្វើ​ខុសច្បាប់ ហើយ​មិន​បាន​ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក​នោះ​ទេ។

ចំណែក​ឯ​លោក Sergey Lavrov បាន​ហៅ​ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី នៅតែ​ឈរ​រឹងមាំ​ទប់ទល់​ឧបសគ្គ​ពី​សំណាក់​ពួក​បស្ចិម​ប្រទេស។ តាមរយៈ​ជំហរ​របស់​ចិន ករណី​រុស្ស៊ី លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​បែរជា​ចិន​នៅតែ​ប្រកាន់​ជំហរ​នៅ​ជាមួយ​រុស្ស៊ី ហើយ​រហូត​សរសើរ​រុស្ស៊ី​ថា​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ជួយ​កាត់បន្ថយ​វិបត្តិ​មនុស្ស​ជាតិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​អ៊ុយក្រែន​ធ្លាក់​ក្នុង​សង្គ្រាម​ដ៏​ព្រៃផ្សៃ​ពី​សំណាក់​រុស្ស៊ី ថា​តើ​អ្វី​ជា​ជំហរ​ពិតប្រាកដ និង​ស្មោះត្រង់​របស់​ចិន។

បើ​ដូច្នេះ ថា​តើ​ចិន​អាច​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក​ម្ដេច​នឹង​កើត បើ​នៅតែ​ជួយ​គាំទ្រ​មេដឹកនាំ​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ និង​បំពាន​ប្រទេស​ទន់ខ្សោយ?

នេះ​មិនទាន់​និយាយ​ទៅ​ដល់​ប្រទេស​ចិន​ដែល​ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​ចំនួន​ចោទ​ថា ចិន​កំពុង​រំលោភ​យក​ដែន​ទឹក និង​ដី​កោះ​របស់​ប្រទេស​ក្នុង​សមាគម​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស