ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចោទកងទ័ពរុស្ស៊ីពីបទប្រល័យពូជសាសន៍ បន្ទាប់ពីជនស៊ីវិល ៤១០នាក់បានស្លាប់តាមដងផ្លូវក្រោមគ្រាប់កាំភ្លើងរបស់រុស្ស៊ី។ មនុស្សទាំងនេះស្លាប់នៅក្នុងភូមិរបស់ពួកគេនៅទីក្រុងតូចៗមួយចំនួននៅក្បែររដ្ឋធានីគៀវ ដែលចម្ងាយជា ៧០គីឡូម៉ែត្រ គឺក្រុង Bucha និងទីក្រុងពីរទៀត។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍មកថា រដ្ឋអាជ្ញាជាន់ខ្ពស់ប្រទេសអ៊ុយក្រែន បានរកឃើញសាកសពស្លាប់ទាំងនោះត្រូវគ្រាប់កាំភ្លើងដោយបាញ់ចំក្បាល និងមានចងដៃទៀតផង។
អ្នកស្រី អ៊ីរីណា វែននីឌី-តូវ៉ា (Iryna Venedyktova) ជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ដែលដឹកនាំការប្រមូលភស្តុតាង បញ្ជាក់ថា នេះជាអំពើឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយកងទ័ពរុស្ស៊ី។
ក្រុង Bucha ជាក្រុងមួយក្បែរទីក្រុងគៀវ ដែលទ័ពរុស្ស៊ីបានដកថយចេញ និងក្រុងមួយចំនួនទៀតនៅប៉ែកខាងជើងទីក្រុងគៀវ ដែលមានមនុស្សដេកស្លាប់យ៉ាងរណេករណូកតាមដងផ្លូវ។
ប្រធានាធិបតី Volodymyr Zelenskiy ចោទប្រកាន់ថា រុស្ស៊ីបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មកលើពលរដ្ឋអ៊ុយក្រែន។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS មេដឹកនាំអ៊ុយក្រែន Zelenskiy ថាប្រជាជនក្នុងប្រទេសរបស់លោកមានសញ្ជាតិចម្រុះជាតិសាសន៍ដល់ជាង ១០០សញ្ជាតិ។ លោកបញ្ជាក់ថា ការកាប់សម្លាប់ពលរដ្ឋទាំងនេះពីសំណាក់កងទ័ពរុស្ស៊ី គឺជាការកម្ទេចជាតិសាសន៍លើពិភពលោក ដែលនេះហើយគឺជាអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលប្រធានាធិបតីរុស្ស៊ី ត្រូវតែទទួលខុសត្រូវ។
ក្រុមរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ស្ថានភាពសម្លាប់ជនស៊ីវិលដូចនេះមានផងដែរនៅទីក្រុងចំនួនពីរទៀតនៅក្បែររដ្ឋធានីគៀវ គឺក្រុង Irpin និង Hostomel។ ក្រុមរដ្ឋអាជ្ញាបានរកឃើញសាកសពទាំងនោះកាលពីថ្ងៃអាទិត្យ គឺភ្លាមៗបន្ទាប់ពីកងទ័ពរុស្ស៊ីដកចេញពីទីនោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែន លោក ឌែនស៍ មូណាស្ទីស្គី (Denys Monastyrskiy) និយាយថា ជនស៊ីវិលទាំងនោះស្លាប់ភាគច្រើនត្រូវបានបាញ់ចំក្បាល និងមានចំណងចងជាប់នឹងដៃពួកគេទៀតផង។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រាប់ទៅលោក ពូទីន ថា ព្រោះតែការសម្លាប់រង្គាលដូចនេះហើយ ទើបលោកទាមទារឱ្យរុស្ស៊ី ដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន។ លោកបន្តថា សង្គ្រាមនៅតែបន្តឲ្យជនស៊ីវិលស្លាប់យ៉ាងរង្គាល។ តែបែបនេះក្ដី រដ្ឋាភិបាលរុស្ស៊ី បានទាត់ចោលការចោទមកលើកងទ័ពរុស្ស៊ីថាមានការជាប់ពាក់ព័ន្ធនឹងការស្លាប់ជនស៊ីវិលនោះ។
អំពើសម្លាប់រង្គាលនេះមាននៅលើទីក្រុងកំពង់ផែ ម៉ារីយូប៉ូល ផងដែរ។ បើតាមកងទ័ពអ៊ុយក្រែន ជនស៊ីវិលស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់កងទ័ពរុស្ស៊ី មានចំនួនជាង ៥ពាន់នាក់ក្នុងទីក្រុង Mariapul។ ចំណែកអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរកឃើញរណ្ដៅរួមមួយមានសាកសពដល់ជាង ១ពាន់នាក់ (១០៨១នាក់)។
ប្រធានស្នងការសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet ទទូចឲ្យរុស្ស៊ី បញ្ចប់សង្គ្រាម ព្រោះដែនដីអ៊ុយក្រែន បានក្លាយជាវាលពិឃាតមនុស្សហើយនៅពេលនេះ។ អ្នកស្រីបន្តថ្កោលទោសចំពោះដំណឹងដែលថាជនស៊ីវិលបន្តស្លាប់យ៉ាងរង្គាល។
ចំពោះប្រទេសអង់គ្លេស គឺរដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានទាមទារឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតចំពោះបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានហៅអំពើរបស់ទ័ពរុស្ស៊ីនៅអ៊ុយក្រែន ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងចាត់ទុកថាជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានឃើញរូបភាពដ៏តក់ស្លុត អះអាងថា បារាំងមិនអាចទទួលយកបានជាដាច់ខាតនូវអំពើព្រៃផ្សៃនេះ។ លោកស្នើទៅរុស្ស៊ី ថាត្រូវតែទទួលខុសត្រូវចំពោះបទល្មើសឧក្រិដ្ឋដែលរុស្ស៊ីបានប្រព្រឹត្ត។
ដោយឡែកប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ក៏បានសម្ដែងភាពតក់ស្លុតចំពោះរូបភាពដ៏ឃោរឃៅដែលកងទ័ពរុស្ស៊ីបានបង្កឡើង។ លោកប្រាប់ថា សហភាពអឺរ៉ុប និងអង្គការសង្គមស៊ីវិល នឹងប្រមូលភស្តុតាងប្តឹងរុស្ស៊ីទៅតុលាការអន្តរជាតិ ICC។
ទាក់ទិននឹងភាពឃោរឃៅដោយសង្គ្រាមឈ្លានពាននេះ លោកប្រធានាធិបតី ចូ បៃដិន បានផ្ដើមមុខគេដោយបានហៅលោកប្រធានាធិបតីរុស្ស៊ី ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាម។
យ៉ាងណាចំពោះសំណើរបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy ដែលសុំជួបផ្ទាល់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ត្រូវបានទាត់ចោល។ ប្រធានក្រុមចរចារបស់ភាគីរុស្ស៊ី លោក Vladimir Medinsky បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម Telegram ថា លោក ពូទីន មិនមានបំណងជួបលោក Zelenskiy ទេ បើការចរចា និងលក្ខខណ្ឌរបស់រុស្ស៊ី ដែលទាមទារឱ្យអ៊ុយក្រែន ទទួលស្គាល់តំបន់គ្រីមៀរ និងតំបន់ Donbas ជាទឹកដីរុស្ស៊ី មិនត្រូវបានព្រមព្រៀងនោះ គឺគ្មានផ្លូវជួបគ្នារវាងលោក ពូទីន និងលោក Zelenskiy ឡើយ។ លោកបានបញ្ជាក់ថា ទាំងតំបន់ Crimea និង Donbas នៅតែជាលក្ខខណ្ឌនៃការចរចា គឺមិនអាចធ្វើឱ្យរុស្ស៊ីផ្លាស់ប្ដូរជំហរបានឡើយ។
នៅពេលការចរចាឈានដល់ថ្ងៃទី២ នៅក្នុងប្រទេសតួកគី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨-២៩ មីនា លោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy ដែលទំនងបានដឹងជាមុនអំពីលក្ខខណ្ឌរបស់ភាគីរុស្ស៊ី បានប្រកាសឲ្យកងទ័ពពង្រឹងស្មារតីវាយទប់ទល់នឹងកងទ័ពរុស្ស៊ី ដែលប្រមូលកម្លាំងទៅកាន់តំបន់ Donbas នៅភាគខាងកើតប្រទេស។ លោកថា រុស្ស៊ីមានផែនការវាយយកតំបន់នេះ ហើយបង្កើតរដ្ឋអំណាចរបស់ខ្លួនតាមរយៈការពុះទឹកដីអ៊ុយក្រែនជាពីរឲ្យដូចកូរ៉េខាងជើង និងខាងត្បូងសព្វថ្ងៃនេះ។ តែសម្រាប់លោក Zelenskiy បានសច្ចាមិនឱ្យទឹកដីអ៊ុយក្រែន បាត់ទៅលើរុស្ស៊ីឡើយ។
លោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy សង្កត់ធ្ងន់ថា បើរូបលោកនៅតែមានជីវិត ដែនដីអ៊ុយក្រែនមិនអាចជាថ្នូរដើម្បីសន្តិភាពពីអ្នកឈ្លានពានឡើយ៕