29 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ឲ្យ​សាច់ញាតិ​និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ប្រគល់​ឱ្យ​ប្អូនស្រី​របស់​ខ្លួន និង​គ្រួសារ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច ឧកញ៉ា លី យ៉ុងផាត់ រួម​ទាំង​វិស័យ​ឯកជន​ធំៗ​មួយ​ចំនួន​ទៀត។

ដី​រដ្ឋ​ទំហំ​ប្រមាណ ៣​ម៉ឺន ៦​ពាន់​ហិកតារ ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចិន Union Development Group ឬ​ហៅ​កាត់​ថា UDG ដែល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ Magnitsky របស់​អាមេរិក។ ក្រុមហ៊ុន​មួយ​នេះ​ក៏​រង​ការ​ចោទប្រកាន់​ថា បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ខណៈ​ឧទ្យានជាតិ​បុទុមសាគរ​ដែល​មាន​ផ្ទៃដី​ប្រមាណ ១១៥៤​ហិកតារ ត្រូវ​បាន​កំណត់​ឡើងវិញ​ដើម្បី​ប្រគល់​ជូន​ពលរដ្ឋ​ដោយ​មិន​មាន​ចំនួន​ច្បាស់លាស់។

ចំណែក​ផ្ទៃដី​ប្រហែល ៦០០​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​នោះ​ដី​បឹង ព្រៃឈើ ភ្នំ កំពង់ផែ និង​អតីត​សម្បទាន​សេដ្ឋកិច្ច ក៏​ត្រូវ​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដែរ។

ជាមួយ​គ្នា​នោះ សម្រាប់​ធនាគារ​កាណាឌីយ៉ា វិញ ទទួល​បាន​ដី​រដ្ឋ​ចំនួន ១០​ហិកតារ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន Premier Land ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កូនស្រី និង​កូនប្រសា​របស់​លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​កាន់​អំណាច បាន​ទទួល​ដី​ចំនួន ១៣០​ហិកតារ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខណៈ​ក្រុមហ៊ុន Fuhai Investment នៅ​ស្រុក​ព្រៃនប់ ក៏​ទទួល​បាន​ដី ១១៣​ហិកតារ​ស្ថិតនៅ​ទីតាំង​ចំនួន ៤​កន្លែង​ដែរ។

ដោយឡែក​អ្នកស្រី ហ៊ុន សេងនី ដែល​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន និង​ឧកញ៉ា ឡាញ់ ភារ៉ា ទទួល​បាន​ដី​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ រាជធានី​ភ្នំពេញ ចំនួន ២០​ហិកតារ ខណៈ​ដី​ផ្ទៃ​បឹងតាមោក ៥​ហិកតារ​កាត់​ឱ្យ​ឈ្មោះ រស់ ព្រីប៊ូ។

ក្រៅពី​កាត់​ដី​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​ដី​ផ្ទៃ​បឹងតាមោក​នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី ៤៩​ហិកតារ​ដែល​ជា​អតីត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី ប្រគល់​ឱ្យ​បុគ្គល​ម្នាក់​ឈ្មោះ ម៉ី កែវមរកត និង​ដី​ភ្នំ​ចំនួន ២៨០​ហិកតារ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រគល់​ទៅ​ឲ្យ​យោធា​ដំឡើង​ស្ថានីយ​រ៉ាដា។ ចំណែក​ផ្ទៃដី​គម្រប​ព្រៃឈើ​ទំហំ ៩៩​ហិកតារ នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ផ្ទៃដី​ទំហំ ៦៥​ហិកតារ​ឱ្យ​ពលរដ្ឋ ១៩៦​គ្រួសារ។

សៀវភៅ​រាជកិច្ច​ចំនួន ១២​ភាគ ត្រូវ​បាន​បោះពុម្ព និង​ចងក្រង​បទបញ្ជា រួម​ទាំង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​មាន​តាំងពី​ចុង​ឆ្នាំ​២០២១ ដោយ​អនុក្រឹត្យ​កាត់​ដី​បឹង ព្រៃឈើ ភ្នំ កំពង់ផែ និង​អតីត​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ដើម្បី​ប្រគល់​ទៅ​ឯកជន និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នោះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន។

អស់​រយៈពេល ៣៧​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន មិន​ត្រឹមតែ​កាត់​ដី​បឹង ដី​ព្រៃ ភ្នំ កំពង់ផែ នោះ​ទេ សូម្បី​ធនធាន​ធម្មជាតិ ឬ​ព្រៃឈើ​របស់​កម្ពុជា​ក៏​ត្រូវ​បាន​វិនាស ខណៈ​បទល្មើស​គ្រឿងញៀន​កាន់តែ​កើនឡើង​នៅ​ទូទាំង​ប្រទេស ទោះបីជា​លោក​ខំ​ស្រែក​ក្ដែងៗ​ដោយ​ប្ដេជ្ញា​ទប់ស្កាត់​ក៏ដោយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រាប់​សារព័ត៌​ក្នុង​ស្រុក​ថា លោក​មិន​មាន​ព័ត៌មាន​អំពី​ការ​បែងចែក​ដី​ជាក់លាក់​នោះ​ទេ រាប់​បញ្ចូល​ទាំង​ប្អូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន សេងនី និង​ក្រុម​ឧកញ៉ា​ផង​ដែរ។

The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី លី អាផន ម្ចាស់​ក្រុមហ៊ុន Premier Land ដែល​ត្រូវ​ជា​កូនស្រី​របស់​លោក លី យ៉ុងផាត់ និង​លោក សេង ញ៉ក់ ដែល​ជា​កូនប្រសា បាន​នៅឡើយ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស