34 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម កាលពី​ឆ្នាំ​១៩៧៩។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​កងទ័ព​ជើងគោក​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​ឧបសម្ពន្ធ​រវាង​កម្ពុជា​ជាមួយ​វៀតណាម។

លោក សុខ សុគន្ធ អះអាង​ថា សន្ធិសញ្ញា​រវាង​កម្ពុជា-វៀតណាម បាន​ផ្តល់​ឱកាស​ឱ្យ​វៀតណាម​បន្ត​ឥទ្ធិពល​គ្រប់គ្រង​កម្ពុជា​ទាំង​ផ្នែក​យោធា សេដ្ឋកិច្ច និង​នយោបាយ​រហូត​ដល់​សព្វថ្ងៃ​នេះ ខណៈ​ចិន​នឹង​ប្រើ​រូបមន្ត​បែប​នេះ​គ្រប់គ្រង​កម្ពុជា​បន្តិច​ម្តងៗ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ស្រប​ពេល​ដែល​វៀតណាម​កំពុង​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​យ៉ាង​ខ្លាំង។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​រូប​នេះ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​រវាង​កម្ពុជា និង​ចិន នេះ ប្រសិនបើ​គ្រាន់តែ​ដើម្បី​ជា​ឧបករណ៍​ឱ្យ​ចិន​យក​កម្ពុជា​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​សម្រាប់​ភូមិសាស្ត្រ​នយោបាយ ការពារ​សន្តិសុខ​ជាតិ​របស់​ចិន​ភាគ​ខាងត្បូង និង​ដើម្បី​គ្រប់គ្រង​សភាពការណ៍​សមុទ្រ​ចិន​ខាងត្បូង​នោះ នឹង​បង្ក​ហានិភ័យ​ធំ​ណាស់​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ជើងគោក​កម្ពុជា-ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កងទ័ព​ជើងគោក​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន លោក លីវ ចេន លី (Liu Zhen Li) បាន​សម្រេច​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន» ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរ​អង្វែង​រវាង​កងទ័ព​ជើងគោក​ទាំង​ពីរ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទៅវិញ​ទៅមក។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក​វរសេនីយ៍ឯក Wu Qian បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជា​ទៀងទាត់​នៅ​ទីក្រុង​ប៉េកាំង ថា ប្រទេស​ចិន និង​កម្ពុជា ជា​អ្នក​ជិតខាង និង​ជា​មិត្ត​ដែកថែប​ដ៏​ជិតស្និទ្ធ។ លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​យោធា​ទាំង​ពីរ​ក្នុង​វិស័យ​ផ្សេងៗ រួម​ទាំង​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ សមយុទ្ធ​រួម និង​ការ​ហ្វឹកហ្វឺន ការ​ផ្លាស់ប្ដូរ និង​ការ​បណ្តុះបណ្តាល​កំពុង​បន្ត​កាន់តែ​ស៊ីជម្រៅ។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក វណ្ណ ប៊ុនណា បាន​អះអាង​ថា ប្រសិនបើ​កម្ពុជា​សម្រេច​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា​រវាង​កងទ័ព​កម្ពុជា-ចិន នេះ ដើម្បី​ពង្រឹង​បក្ស​សម្ព័ន្ធ​ជាមួយ​មហាអំណាច​ចិន​មែន នោះ​វា​មិន​ខុស​ពី​កម្ពុជា​យក​ភ្លើង ឬ​គ្រាប់បែក​មក​បោក​កម្ទេច​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​នោះ​ឡើយ។

លោក វណ្ណ ប៊ុនណា បញ្ជាក់​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​មហាអំណាច​ណា​មួយ ដើម្បី​បង្ក​ជម្លោះ​ជាមួយ​មហាអំណាច​មួយ​ផ្សេង​ទៀត​បាន​ទេ ព្រោះ​ការ​មិន​រក្សា​អព្យាក្រឹត​របស់​កម្ពុជា អាច​នឹង​ដើរ​ជាន់​ដាន​អតីតកាល​ដែល​ជា​ការ​បង្ក​សង្គ្រាម​លើ​ទឹកដី​របស់​ខ្លួន​ម្តង​ទៀត ដោយសារ​ជម្លោះ​រវាង​មហាអំណាច និង​មហាអំណាច។

កាលពី​ចុង​ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក ម៉ាក អេស្ពើរ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ថា កម្ពុជា​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន ដែល​នឹង​នាំ​ឲ្យ​បាត់​អធិបតេយ្យ​ជាតិ និង​ឯករាជភាព​របស់​ខ្លួន​នោះ​ទេ។

លោក ម៉ាក អេស្ពើរ អះអាង​ថា អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ គឺ​ប្រទេស​ចិន​តែង​ល្បួង​លួងលោម​ឲ្យ​ប្រទេស​ជាច្រើន​ខ្ចី​លុយ​របស់​ខ្លួន ដែល​យូរៗ​ទៅ​ប្រទេស​ទាំងនោះ​បាន​ផុង​ខ្លួន​ជំពាក់​បំណុល​ចិន​វ័ណ្ឌក រហូត​ហ៊ាន​សន្យា​សង់​មូលដ្ឋាន​យោធា​ជា​ថ្នូរ​នឹង​បំណុល​របស់​ខ្លួន ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​រង​នូវ​ឥទ្ធិពល​ចិន​យ៉ាង​ធ្ងន់ធ្ងរ ទាំង​ឥទ្ធិពល​សេដ្ឋកិច្ច យោធា និង​នយោបាយ​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ចោទ​ថា កម្ពុជា​បាន​ផ្ដល់​តំបន់​រាម​ឱ្យ​ចិន​ដាក់​ពង្រាយ​យោធា​ជើងទឹក​ចិន កាល​ពី​ពេល​កន្លងទៅ ប៉ុន្តែ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ជាដាច់ខាត។

យ៉ាងណាក៏ដោយ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត The Wall Street Journal របស់​អាមេរិក បាន​ចុះផ្សាយ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ភាគី​ចិន អំឡុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុង​ឈូង​សមុទ្រ​រាម​របស់​កម្ពុជា រយៈពេល ៣០​ឆ្នាំ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស