41.3 C
Phnom Penh

គ.ជ.ប ថា​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​ភ្លើងទៀន​ផ្អែក​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់​ពី​ខាង​គណបក្ស​ភ្លើងទៀន នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ​ក្រោយពី​មាន​ការ​ប្ដឹង​តវ៉ា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បញ្ជាក់​ថា ការ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន ដោយ គ.ជ.ប ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ ហើយ​ច្បាស់លាស់ ដោយ​មិនមែន​ចេះ​តែ​នឹក​ឃើញ​ធ្វើ​ទៅ​តាម​អារម្មណ៍ ឬ​កាត់​ក្តី​ដោយ​លម្អៀង​ផ្នែក​នយោបាយ​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន (គ.ជ.ប) ដដែល ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លើក​យក​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គហេតុ ព្រមទាំង​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ មក​ការពារ​ពី​ការ​លុប​បញ្ជី​បេក្ខជន​នេះ​មក​ជាមួយ​ផង។

ការ​បញ្ជាក់​ជា​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើឡើង​ឆ្លើយតប​នឹង​គណបក្ស​ភ្លើងទៀន ដែល​នៅតែ​បន្ត​ប្រតិកម្ម​ប្រឆាំង​សេចក្តី​សម្រេច​របស់ គ.ជ.ប ដែល​បាន​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់​ចេញ។

គិត​មក​ដល់​ពេល​នេះ បេក្ខជន​ដែល​ឈរ​ជា​មេឃុំ​ចៅសង្កាត់​នៃ​គណបក្ស​ភ្លើងទៀន ដែល​ត្រូវ គ.ជ.ប លុប​ចេញពី​បញ្ជី​បោះឆ្នោត​នោះ មាន​ចំនួន ២៩​ឃុំ-សង្កាត់ ដែល​នាំ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​នៅ​សល់​បេក្ខជន​មេឃុំ​ចៅសង្កាត់​ចំនួន ១៦២៣​ឃុំ-សង្កាត់ ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប ១៦៥២​ឃុំ-សង្កាត់ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

ទោះជា​យ៉ាងណា បើ​តាម គ.ជ.ប បញ្ជាក់​ថា ការ​សម្រេច​លុប​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន បន្ទាប់ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រក​ឃើញ​ថា គណបក្ស​នេះ​រើស​បេក្ខជន​មិន​ចេះ​ទាំង​អាន និង​សរសេរ​អក្សរ​ខ្មែរ ខណៈ​សាមី​ខ្លួន​ដែល​ត្រូវ​បក្ស​ជ្រើសរើស គឺ​ពុំ​បាន​ដឹង​ខ្លួន ហើយ​ក៏​មិន​មាន​ឆន្ទៈ​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​ចៅសង្កាត់​ថែម​ទៀត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១៧ ចូលរួម ប៉ុន្តែ​ក្នុង​ចំណោម​គណបក្ស​ទាំង ១៧ នោះ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​នៅ​ទូទាំង​ប្រទេស ខណៈ​គណបក្ស​ភ្លើង​ទៀន ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ស្ទើរតែ​គ្រប់​ទូទាំង​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស