29 C
Phnom Penh

ចិន​កំពុង​ផ្ទុះ​កូវីដ​ថ្មី​មួយ​ទៀត​ហើយ​ដោយ​រក​ឃើញ​ជាង ១​ម៉ឺន ៣​ពាន់​ករណី​នៅ​ក្រុងShanghai

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ចិន បាន​រាយការណ៍​ថា មាន​ករណី​កូវីដ​ថ្មី​នៅ​ក្រុង Shanghai ដោយ​រក​ឃើញ​ជំងឺ​កូវីដ​ថ្មី​ជាង ១​ម៉ឺន ៣​ពាន់​ករណី​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា។ ការ​ផ្ទុះ​រីក​រាលដាល​ដ៏​រហ័ស​នេះ ទើប​កើតមាន​បន្ទាប់ពី​ចិន​យក​ឈ្នះ​កូវីដ-១៩ ដែល​ផ្ទុះ​ចេញពី​ក្រុង​អ៊ូហាន ប្រទេស​ចិន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩។

វីរុស​កូរ៉ូណា​ឆ្នាំ​២០១៩ ឬ​កូវីដ-១៩ គឺជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ជា​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ។ ជំងឺ​កូវីដ-១៩ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ទីក្រុង​អ៊ូហាន នៃ​ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក វា​បាន​រីក​រាលដាល​ទៅ​ជុំវិញ​ពិភពលោក ហើយ​បន្ត​ក្លាយជា​ជំងឺ​រាតត្បាត​សកល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​ឆ្លង និង​ស្លាប់​ជុំវិញ​ពិភពលោក។

ឥឡូវ​នេះ ប្រទេស​ដែល​ជា​ប្រភព​នៃ​ការ​សាយភាយ​មេរោគ​ជំងឺ​ផ្លូវដង្ហើម​ដ៏​ធ្ងន់ធ្ងរ​សម្លាប់​មនុស្ស​ពាសពេញ​ពិភពលោក​ច្រើន​លាន​នាក់ បាន​កំពុង​ផ្ទុះ​មេរោគ​ថ្មី​មួយ​ទៀត​ដែល​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP រាយការណ៍​ថា វា​ជា​មេរោគ​បំប្លែង​ពី​មេរោគ Omicron។

ក្នុង​ស្ថានភាព​នេះ អាជ្ញាធរ​ចិន​បាន​សម្រេច​ចេញ​វិធានការ​បិទ​ខ្ទប់​ទាំងស្រុង​នៅ​ក្រុង Shanghai ដែល​មាន​ប្រជាជន​ប្រមាណ ២៥​លាន​នាក់។ ក្នុង​ការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ចិន បាន​ធ្វើ​តេស្ដ​មនុស្ស​ដល់​ទៅ​ជាង ៧០% ក្នុង​ចំណោម​មនុស្ស​ចំនួន ២៥​លាន​នាក់​នៅ​ក្រុង Shanghai។ តែ​យ៉ាងណា គណៈកម្មការ​ជាតិ​សុខាភិបាល​របស់​ប្រទេស​ចិន បាន​អះអាង​ថា ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជាង ១​ម៉ឺន ៣​ពាន់​នាក់​នេះ។

កាលពី​ខែ​មីនា អ្នកស្រុក​នៅ​ក្រុង Shanghai សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ និង​ការ​ឆ្លង​មេរោគ​ផ្លូវដង្ហើម​នេះ ដែល​នាំ​ឲ្យ​ទីក្រុង​មួយ​នេះ​បិទ​ខ្ទប់​ជា​លើកដំបូង​តាំងពី​ជាង ២​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​ជា​ការ​កត់សម្គាល់ អាជ្ញាធរ​ក្រុង​ប៉េកាំង បាន​ដាក់​នូវ​វិធានការ​ក្ដៅ​មួយ​ដោយ​បិទ​ការ​ផ្សាយ​នូវ​ដំណឹង​អំពី​ការ​រីក​រាលដាល​មេរោគ​នេះ​នៅ​លើ​បណ្ដាញ​សង្គម Weibo ប៉ុន្តែ​ដំណឹង​នេះ​មាន​ការ​បង្ហោះ​រួច​ហើយ​ដែល​ថា​ក្រុង Shanghai ផ្ទុះ​ជំងឺឆ្លង​មេរោគ Omicron។

ចិន​ជា​ប្រទេស​កុម្មុយនីស្ត ដែល​តែងតែ​លាក់​ព័ត៌មាន ហើយ​តែងតែ​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​ភូត​កុហក ដូច​ករណី​ការ​ផ្ទុះ​មេរោគ​កូវីដ-១៩ គឺ​ចិន​ត្រូវ​បាន​គេ​ចោទ​ថា​បាន​លាក់​ព័ត៌មាន និង​ទិន្នន័យ​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់ ជាពិសេស​នៅ​ក្រុង​អ៊ូហាន ដែល​ជា​ប្រភព​ទី​១ នៃ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩។

នៅ​ក្រុង Shanghai អាជ្ញាធរ​ក្រុង​ដែល​ទទួល​បញ្ជា​ពី​បក្ស​កុម្មុយនីស្ត​នៅ​ក្រុង​ប៉េកាំង បាន​ដាក់​កំហិត និង​ចាត់​វិធានការ​ពិន័យ​ទៅ​លើ​ពលរដ្ឋ​ណា​ដែល​ហ៊ាន​បង្ហោះ​សារ ហើយ​សរសេរ​ថា​ក្រុង Shanghai កំពុង​ឆ្លង​ធ្ងន់ធ្ងរ​នូវ​ការ​ផ្ទុះ​ជំងឺឆ្លង​មេរោគ Omicron។

តែ​នៅ​ទីបំផុត ព័ត៌មាន​ទាំងនេះ​មិន​អាច​លាក់​បាន​យូរ​នោះ​ទេ​ពី​បណ្ដាញ​សង្គម និង​អ្នក​សារព័ត៌មាន។ អាជ្ញាធរ​នៅ​ក្រុង​ប៉េកាំង បាន​ប្រាប់​ទៅ​អាជ្ញាធរ​ក្រុង Shanghai បញ្ចេញ​ព័ត៌មាន​អំពី​ការ​បិទ​ខ្ទប់​ទីក្រុង​មួយ​នេះ ប៉ុន្តែ​ការ​ផ្សាយ​មាន​កម្រិត។ មក​ដល់​ពេលនេះ ក្រុង Shanghai នៅ​បន្ត​បិទ​ខ្ទប់​នៅឡើយ។

កាលពី​មិន​ទាន់​ផ្ទុះ​ជំងឺឆ្លង​មេរោគ Omicron លោក​ប្រធានាធិបតី ស៊ី ជីនពីង បាន​អួតអាង​ប្រាប់​ពិភពលោក​ថា ចិន​បាន​យក​ឈ្នះ​នូវ​ការ​ឆ្លង​មេរោគ​ជំងឺ​ផ្លូវដង្ហើម​ដ៏​ស្រួចស្រាល់​មួយ​នេះ​ហើយ ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​ឆ្លង​ជា​ខ្លាំង។ ក្រោយពី​ទទួល​ដំណឹង​ថា ក្រុង Shanghai កំពុង​ផ្ទុះ​ជំងឺ​នេះ លោក ស៊ី បាន​បង្គាប់​ឱ្យ​ប្រើ​ជា​បន្ទាន់​នូវ​វិធានការ​សូន្យ​កូវីដ។

ការ​ផ្ទុះ​ជំងឺឆ្លង​មេរោគ Omicron នៅ​ក្រុង Shanghai ត្រូវ​បាន​រាយការណ៍​មក​ថា វា​បាន​ឆ្លង​ពី​អ្នក​ដំណើរ​មកពី​ក្រុង​ហុងកុង ដែល​ជា​ដែនដី​រដ្ឋបាល​ស្វយ័ត​របស់​ក្រុង​ប៉េកាំង។

រលក​ឆ្លង​រាលដាល​កូវីដ​លើក​ទី​៥ នៅ​ហុងកុង គេ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ប្រមាណ ៥​ម៉ឺន ៤​ពាន់​នាក់។ ចំនួន​ដ៏​ច្រើន​នេះ គឺ​ច្រើន​ជាង​កាលពី ២​ឆ្នាំ​មុន ដែល​មាន​តែ ១​ម៉ឺន ២​ពាន់​នាក់​នៅ​ក្នុង​ដែនដី​នេះ។

ជាមួយ​នឹង​វិធានការ​បិទ​ខ្ទប់​ដ៏​តឹងតែង បាន​ធ្វើ​ឱ្យ​ដែនដី​ហុងកុង ត្រូវ​ផ្ដាច់ខ្លួន​ពី​គេ​ឯង និង​បាន​រង​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។

ខណៈ​ពិភពលោក​កំពុង​ឆ្លង​កូវីដ-១៩ ចិន​ជា​អ្នក​បញ្ចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្លង​នេះ​មុនគេ។ វ៉ាក់សាំង​របស់​ចិន មាន​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់។

ចិន​បាន​សម្រុក​បញ្ជូន​វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ទ្វីប​អាស៊ី និង​អាហ្វ្រិក ជាពិសេស​ប្រទេស​ណា​ដែល​ជា​កូនបំណុល​ចិន​ពាន់​លាន​ដុល្លារ។ តែ​នៅ​ពេល​សហរដ្ឋ​អាមេរិក និង​អង់គ្លេស អាល្លឺម៉ង់ ផលិត​បាន​វ៉ាក់សាំង​របស់​ខ្លួន​បាន​យ៉ាង​លឿន គឺ​សម្រាប់​សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រញាប់​បញ្ជូន​ទៅ​ជួយ​ប្រទេស​ក្រីក្រ​ដោយ​ជំហាន​ដំបូង គឺ​ស្ថិត​ក្នុង​គម្រោង​ជំនួយ​មនុស្សធម៌ គេ​សង្កេត​ឃើញ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី និង​អាហ្វ្រិក បាន​សម្រុក​ចាក់​វ៉ាក់សាំង​របស់​អាមេរិក និង​អង់គ្លេស ខណៈ​ពួកគេ​មិន​ទុកចិត្ត​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចិន។

វ៉ាក់សាំង​របស់​អាមេរិក​មាន​បី​ប្រភេទ គឺ BioNTech Pfizer, Johnson & Johnson និង Moderna។ ចំណែក​វ៉ាក់សាំង​របស់​អង់គ្លេស គឺ AstraZeneca ហើយ​រីឯ​វ៉ាក់សាំង​របស់​រុស្ស៊ី គឺ Sputnik V។ យ៉ាងណា​ក៏ដោយ ប្រទេស​ជាច្រើន​ក៏​បាន​ផលិត​វ៉ាក់សាំង​របស់​ពួកគេ​ដែរ ដូចជា​ប្រទេស​ឥណ្ឌា ជាដើម។

មក​ដល់​ពេលនេះ វ៉ាក់សាំង​របស់​ចិន​ពីរ​ប្រភេទ​នេះ គឺ​ប្រទេស​ខ្លះ​ទាំង​នៅ​អាស៊ី និង​អាហ្វ្រិក ពួកគេ​បាន​ប្រកាស​លែង​ទទួល​យក​វ៉ាក់សាំង​ចិន​មក​ចាក់​ឲ្យ​ប្រជាជន​គេ​ទៀត​ហើយ។

ក្នុង​ស្ថានភាព​ដែល​ជំងឺ​នេះ​នៅតែ​បន្ត​ឆ្លង និង​បំប្លែង​ថ្មី វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ទាំង ៣​ប្រភេទ​នេះ រួម​នឹង​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស គឺជា​ប្រភព​ចែកចាយ​នៅ​ពាសពេញ​ពិភពលោក ដោយ​ប្រទេស​ជាច្រើន​បាន​ស្នើ​ទិញ​វ៉ាក់សាំង​របស់​អាមេរិក និង​អង់គ្លេស​មក​ប្រើ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស