38 C
Phnom Penh

តុលាការ​សួរ​ដេញដោល​លោក កឹម សុខា ចាប់ពី​ថ្ងៃ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ក្រុង​ភ្នំពេញ បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣៦ ដោយ​សួរ​ដេញដោល​លើ​អង្គហេតុ​ទី​៣ គិត​ចាប់​ពី​ថ្ងៃ​នៃ​ការ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ឆ្នាំ​២០១៧។

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​តំណាង​អយ្យការ​ចោទ​សួរ​នូវ​សំណួរ​ជាច្រើន​ដែល​ផ្ដោត​សំខាន់​លើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដំណើរការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវ​សហ​មេធាវី និង​លោក កឹម សុខា ជំរុញ​ឱ្យ​តំណាង​អយ្យការ​បង្វែរ​សំណួរ​បច្ចេកទេស​ទាំងអស់​នោះ​ទៅ​សួរ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជំនួស​វិញ។

សាលាដំបូង​ក្រុង​ភ្នំពេញ បាន​សម្រេច​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ បន្ត​ទៀត។ យ៉ាងណា​ក៏ដោយ សវនាការ​នៅ​ថ្ងៃ​ពុធ ទី​៦ មេសា នេះ មាន​ការ​ចូលរួម​តាមដាន​ពី​សំណាក់​អង្គទូត​នានា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន និង​អ្នក​សង្កេតការណ៍​ជាច្រើន​ទៀត​ផង​ដែរ។

សវនាការ​នេះ​ធ្វើឡើង​ដើម្បី​សាកសួរ​លើ​អង្គហេតុ​នានា​ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​កាលពី​ជាង ៤​ឆ្នាំ​មុន។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណា​ក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ ប៉ុន្តែ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​ចេះ​តែ​បន្ត​អូស​បន្លាយ​ពេលវេលា​លើ​សំណុំរឿង​របស់​លោក​រហូត​មក​ទល់​នឹង​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា កម្ពុជា​គួរតែ​ត្រូវ​បាន​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​ធានា​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

បើ​ទោះបីជា​លោក កឹម សុខា ស្ថិត​ក្នុង​ការ​ចោទប្រកាន់ និង​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ណា​ក្តី ក៏​តំណាង​អង្គទូត​នៃ​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​បាន​នាំគ្នា​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​ជាបន្តបន្ទាប់ ដូចជា​តំណាង​សហគមន៍​អឺរ៉ុប តំណាង​ទូត​សហរដ្ឋ​អាមេរិក ជាដើម។

ជាង​នេះ​ទៀត អគ្គលេខាធិការ​អង្គការ GLOBAL SOLUTIONS បាន​អញ្ជើញ​លោក កឹម សុខា ឲ្យ​ទៅ​ចូលរួម​វេទិកា​ដំណោះស្រាយ​គោលនយោបាយ​ពិភពលោក​ថែម​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បើក​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សហគមន៍​អន្តរជាតិ​នាំគ្នា​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​រីក​ក្លាយ​ទៅ​ជា​វិបត្តិ​ផ្សេង​ទៀត ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​លោក កឹម សុខា ក៏​ទំនង​ជា​គន្លឹះ​សំខាន់​បំផុត​មួយ​ក្នុង​ដំណោះស្រាយ​នៃ​វិបត្តិ​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​កិត្តិយស​ដល់​រូប​គាត់​ក្នុង​ការ​ចូលរួម​វេទិកា​គោលនយោបាយ​ពិភពលោក​កាល​ពី​ពេល​កន្លង​ទៅនោះ។

កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចរចា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ នេះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស