មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា អង្គសន្និសីទអន្តរជាតិមួយនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាជាវីរជនប្រកាន់ជំហរសន្តិភាព តស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម ដែលជាកត្តាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបើកឱ្យលោក កឹម សុខា ទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មេសា ថា ការលើកឡើងរបស់សន្និសីទអន្តរជាតិនេះ បង្ហាញឱ្យឃើញថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មិនឯកោឡើយ ព្រោះថាប្រទេសលោកសេរីនឹងមិនមើលរំលងការតស៊ូរបស់លោកនោះទេ ត្បិតការលះបង់គ្រប់បែបយ៉ាងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ ជាទង្វើដែលគួរតែទទួលបាននូវការគោរព និងការផ្តល់នូវមេដាយសេរីភាព និងសន្តិភាពសម្រាប់ការតស៊ូរបស់លោក។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការរំលាយបក្សប្រឆាំងដ៏ធំបំផុតនៅឆ្នាំ២០១៧ គឺជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរដែលបង្កជាវិបត្តិនយោបាយយ៉ាងធំធេងសម្រាប់កម្ពុជាសព្វថ្ងៃនេះ ដូច្នេះគន្លឹះក្នុងការដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលកម្ពុជាគ្មានជម្រើសផ្សេងក្រៅពីបើកឱ្យលោក កឹម សុខា ទទួលបានសិទ្ធិនយោបាយដោយពេញលេញរបស់លោកវិញនោះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះអះអាងថា មេដឹកនាំសន្តិភាពនិយមតែងតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសេចក្តីសុខដល់មនុស្សជាតិនៅលើពិភពលោក តាមមាគ៌ាអហិង្សា។ ដោយឡែកជនផ្ដាច់ការ ឬមេដឹកនាំឧក្រិដ្ឋកម្មមនុស្សជាតិ គឺជាជនហិង្សានិយម ជាន់ឈ្លីសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យកពលរដ្ឋជាទាសករកំដរអំណាចផ្ដាច់ការរបស់ខ្លួន និងធ្វើឱ្យពិភពលោកខូចសណ្ដាប់ធ្នាប់ថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសន្និសីទអន្តរជាតិក្នុងសហរដ្ឋអាមេរិក បានលើកឡើងពីការតស៊ូដើម្បីសេរី និងលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំបក្សប្រឆាំង ដែលត្រូវរដ្ឋាភិបាលកម្ពុជាធ្វើទុក្ខបុកម្នេញសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ សន្និសីទអន្តរជាតិមួយត្រូវបានធ្វើឡើងក្នុងរដ្ឋ California សហរដ្ឋអាមេរិក ស្ដីពីបញ្ហាប្រឈមថ្មីសម្រាប់គោលនយោបាយការបរទេសអាមេរិក ដែលគេមើលឃើញអំពីឥទ្ធិពលនយោបាយការបរទេស និងយោធារបស់មហាអំណាចកុម្មុយនីស្តចិន ដែលកំពុងបោះជំហានទៅក្តោបក្តាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ។
ជាក់ស្តែង កម្ពុជាត្រូវគេមើលឃើញថា ត្រូវបានមហាអំណាចកុម្មុយនីស្តចិនលូកដៃចូលយ៉ាងជ្រៅក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការរំលាយបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅ។
អង្គសន្និសីទអន្តរជាតិនោះបានបញ្ជាក់ថា ការតស៊ូរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការបង្ហាញនូវជាវីរភាពនៃជនប្រកាន់ជំហរសន្តិភាព តស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គមនៅកម្ពុជាពិតៗ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តំណាងសហភាពអឺរ៉ុប បានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៃកិច្ចប្រជុំអន្តរសកម្មលើកទី៥០ ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ថាកម្ពុជាគួរតែត្រូវបានបើកលំហឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីធានាបាននូវការបោះឆ្នោតមួយដែលប្រកបទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដោយឡែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី Michele Taylor កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចោទប្រកាន់ដែលមានចរិតនយោបាយលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសមាជិកបក្សប្រឆាំងដទៃទៀត។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះមានរយៈពេលជិត ៥ឆ្នាំហើយ ប៉ុន្តែតុលាការមិនទាន់កាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ ខណៈសវនាការចេះតែដំណើរការបន្តដោយពុំមានការកំណត់ជាក់លាក់៕