34 C
Phnom Penh

បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ប្រទេស​ស្រីលង្កា កំពុង​ផ្ទុះ​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​រូបភាព​នេះ​មិន​ខុស​នឹង​បដិវត្តន៍​ពណ៌​ផ្ទុះ​នៅ​អារ៉ាប់ កាលពី​ឆ្នាំ​២០១១ ដែល​ផ្ដើម​ចេញពី​ក្រុម​យុវជន​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ពុករលួយ​របស់​ប្រធានាធិបតី Zine El Abidine Ben នៃ​ប្រទេស​ទុយណេស៊ី។

ប្រធានាធិបតី Zine El Abidine Ben បាន​ព្យាយាម​កាន់​អំណាច​តាមរយៈ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​រហូត​លោក​កាន់​អំណាច​បាន​ជាង ២០​ឆ្នាំ តែ​ទីបំផុត ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​កម្លាំង​មហាជន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ ដោយ​បាតុករ​ប្រើ​ពេលវេលា ២៨​ថ្ងៃ។

ចំណែក​នៅ​ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ក្រីក្រ និង​ជា​កូនបំណុល​របស់​ចិន​ពាន់​លាន​ដុល្លារ គឺ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ធ្លាក់​ក្នុង​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​មើល​ទៅ​ជា​រូបភាព​បដិវត្តន៍​មហាជន​បាន​ផ្ទុះ​ឡើង​ជិត ១០​ថ្ងៃ​មក​ហើយ។

កុបករ និង​សមត្ថកិច្ច ប៉ូលិស និង​យោធា បាន​ប៉ះ​ទង្គិច​ខណៈ​ការ​ចាប់​ខ្លួន​កុបករ​រាប់​សិប​នាក់។ បញ្ហា​នេះ​កើត​ចេញពី​រដ្ឋាភិបាល​ក្រុង​កូឡំបូ ដែល​បាន​បិទ​ចរន្ត​អគ្គិសនី​បំភ្លឺ​តាម​ផ្លូវ និង​លំនៅឋាន​របស់​ពលរដ្ឋ​ដល់​ទៅ​ជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្រោម​ហេតុផល​នៃ​ការ​ជួយ​សន្សំ​ប្រាក់ចំណូល​របស់​រដ្ឋ។

តែ​ធាតុ​ពិត មិន​ត្រឹម​តែ​មាន​វិបត្តិ​ថាមពល​នោះ​ទេ ដោយសារ​ប្រទេស​ជាប់​បំណុល​បរទេស​ជាង ៥១​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​នោះ​ក៏​ជំពាក់​ចិន​ច្រើន​លើសលប់ ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ព្រោះ​តែ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​យ៉ាង​អាក្រក់​បំផុត ស្រប​ពេល​ប្រទេស​នេះ​បាត់បង់​ទុន​បម្រុង​រដ្ឋ​ដល់​ទៅ​ជិត ៨០% ឯណោះ។

ការ​បាត់បង់​ទុន​បម្រុង​របស់​រដ្ឋ មាន​ន័យ​ថា ឃ្លាំង​ស្តុក​ប្រាក់​របស់​រដ្ឋ​ដើម្បី​ជួយ​ទប់ស្កាត់​វិបត្តិ​ក្នុង​គ្រា​មាន​អាសន្ន​របស់​ប្រទេស សឹងតែ​សូន្យ​ទៅ​ហើយ។ ក្នុង​គ្រា​ដែល​រដ្ឋ​ទាំងមូល​សឹងតែ​អស់​ប្រាក់​ក្នុង​ខ្លួន គឺ​សង្វាក់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​សឹងតែ​លែង​ដំណើរការ​ទៀត​ផង។

ប្រទេស​ដែល​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ បាន​ធ្លាក់​ចុះ​ប្រាក់ចំណូល​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​តែ​ប្រទេស​ប្រឈម​នឹង​ការ​បិទ​ខ្ទប់​ប្រទេស​ករណី​ផ្ទុះ​ជំងឺ​កូវីដ-១៩ ហើយ​ដែល​រោគ​ចង្រៃ​នេះ​ហើយ​ជា​ប្រភព​ដំបូង​ចេញពី​ប្រទេស​ចិន ដែល​ជា​ម្ចាស់​បំណុល​របស់​ប្រទេស​ក្រីក្រ និង​ពុករលួយ​មួយ​នេះ។

តាម​ដំណឹង​ពី​រដ្ឋធានី​កូឡំបូ សមាជិក​សភា​នៃ​រដ្ឋាភិបាល​ចម្រុះ​បែកបាក់​គ្នា​អស់​ទៅ​ហើយ​នៅ​ក្រោម​សម្ពាធ​របស់​មហាជន​ធ្វើ​បាតុកម្ម​គាប​សង្កត់​ទៅ​លើ​ត្រកូល Rajapaksa ដែល​ជា​ប្អូនបង្កើត​របស់​ប្រធានាធិបតី។

នៅ​ក្នុង​ប្រទេស​នេះ បង​ជា​នាយករដ្ឋមន្ត្រី ប្អូន​ប្រុស​ពៅ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បងប្រុស​ច្បង​គេ​ជា​រដ្ឋមន្ត្រី​កសិកម្ម ហើយ​កូនៗ និង​បងប្អូន​ជីដូនមួយ​សុទ្ធសឹងតែ​ជា​អ្នក​ជំនួញ​ធំៗ និង​ខ្លះ​ទៀត​ជា​មេទ័ព។ នៅ​ពេល​នេះ កម្លាំង​មហាជន​កំពុង​តែ​រុញ​ឲ្យ​ត្រកូល​មហាអំណាច​មួយ​នេះ​ឲ្យ​រលំ​រលាយ។

បាតុករ​រាប់​ម៉ឺន​នាក់​ដែល​ផ្ទុះឡើង​ពាសពេញ​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ទី​៣ មេសា បាន​ទាមទារ​ឱ្យ​ប្រធានាធិបតី Gotabaya Rajapaksa និង Mahinda Rajapaksa ជា​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង។

យុវជន​ដែល​មាន​កំហឹង​ក្នុង​ចិត្ត​រាប់​ពាន់​នាក់​បាន​ទៅ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​មេដឹកនាំ​បងប្អូន​ពីរ​នាក់​នេះ។ គោលដៅ​របស់​បាតុករ គឺ​ដើម្បី​ចូល​ចាប់​ខ្លួន​មេដឹកនាំ​ពីរ​រូប​នេះ​នៅ​ក្នុង​ផ្ទុះ ប៉ុន្តែ​ក្រុម​បាតុករ​វ័យ​ក្មេង​មិន​អាច​រុល​ចូល​ភូមិគ្រឹះ​បាន​ឡើយ។

បាតុករ​ត្រូវ​បាន​រុញច្រាន​ដោយ​កម្លាំង​យោធា​ដែល​មាន​អាវុធ​បាញ់​សម្លុត បាញ់​បំភ័យ។ ក្រុម​បាតុករ​ស្រែក​ព្រម​គ្នាៗ​ថា ត្រូវ​បញ្ចប់​អំណាច​របស់​ត្រកូល Rajapaksa ព្រោះ​ជា​ត្រកូល​ពុករលួយ​គាប​សង្កត់​ប្រជាជន កិបកេង​ទ្រព្យសម្បត្តិ​ជាតិ។

សេចក្ដី​រាយការណ៍​ចុងក្រោយ គឺ​គណៈរដ្ឋមន្ត្រី​ទាំងមូល​នៃ​ប្រទេស​ស្រីលង្កា បាន​លាលែង​ចេញពី​តំណែង​អស់​ហើយ​នៅ​ចំពោះ​មុខ​បាតុកម្ម។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC។

រដ្ឋមន្ត្រី​ទាំងអស់​ចំនួន ២៦​រូប ក្នុង​នោះ​រួម​មាន​ទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋមន្ត្រី​កីឡា ដែល​ជា​បងប្អូន​របស់​ប្រធានាធិបតី Gotabaya Rajapaksa បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អាទិត្យ ទី​៣ មេសា។ ប៉ុន្តែ​លោក Gotabaya Rajapaksa និង​បងប្រុស​របស់​លោក គឺ​លោក​នាយករដ្ឋមន្ត្រី Mahinda Rajapaksa នៅតែ​បន្ត​កាន់​តំណែង​ដដែល ដោយ​ប្រកាស​ថា​នឹង​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​ថ្មី​ឲ្យ​បាន​ក្នុង​ពេល​ខាងមុខ​នេះ។

លោក Gotabaya Rajapaksa ប្រកាស​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ឡើយ បើ​ទោះជា​លោក​កំពុង​ប្រឈមមុខ​នឹង​ការ​ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង​ពី​សំណាក់​ក្រុម​បាតុករ និង​គណបក្ស​ប្រឆាំង​ក៏ដោយ។ នេះ​ជា​ការ​បញ្ជាក់​របស់ Johnston Fernando រដ្ឋមន្ត្រី​ផ្លូវ​ថ្នល់ និង​ដឹកជញ្ជូន ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​លោក​ប្រធានាធិបតី Gotabaya។

ប្រធានាធិបតី​ស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។ (ហ្វេសប៊ុក៖ Gotabaya Rajapaksa)

នៅ​ពេល​បាតុកម្ម​ពោរពេញ​ដោយ​កំហឹង លោក Gotabaya ដែល​ជា​មេទ័ព​ម្នាក់​ផង​ដែរ​អំឡុង​បងប្រុស​លោក គឺ​លោក Mahinda Rajapaksa ឡើង​ជា​ប្រធានាធិបតី លោក​បាន​ប្រកាស​ប្រាប់​បាតុករ​ថា លោក​ជា​អ្នក​នយោបាយ​ជាប់​ឆ្នោត​ពី​ប្រជាជន គឺ​លោក​ត្រូវការ​បញ្ចប់​អំណាច​របស់​លោក​វិញ​តាមរយៈ​សន្លឹកឆ្នោត។

ទោះជា​យ៉ាងណា លោក Gotabaya នៅតែ​អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​ឡើងវិញ ដើម្បី​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​ថ្មី​មួយ ហើយ​ក្នុង​គោលដៅ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​ប្រទេស​កំពុង​ប្រឈមមុខ​ធ្ងន់ធ្ងរ​នេះ។

ប៉ុន្តែ​មើល​ទៅ គណៈរដ្ឋមន្ត្រី​ថ្មី​ទំនង​មិន​អាច​ចេញ​រូបរាង​បាន​ទេ ព្រោះ​សមាជិក​សភា​របស់​ក្រុម​ចម្រុះ​ជាមួយ​រដ្ឋាភិបាល បាន​បែកបាក់​អស់​ហើយ។ បើ​ដូចនេះ គឺ​ប្រធានាធិបតី​ត្រូវ​រំលាយ​សភា ហើយ​បោះឆ្នោត​ឡើងវិញ គឺ​ទាំង​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី។

ខណៈ​នេះ ស្រីលង្កា​ជាប់​ប្រាក់​បំណុល​បរទេស​សរុប ៥១​ពាន់​លាន​ដុល្លារ ដែល​មួយ​ភាគ​ធំ​ខ្ចី​ពី​ចិន។ អ្នកជំនាញ​សេដ្ឋកិច្ច​ថា ស្រីលង្កា​លែង​មាន​លទ្ធភាព​សង​បំណុល​ហើយ​នៅពេល​នេះ។

តាម​មើល​ទៅ រដ្ឋាភិបាល​ស្រីលង្កា គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​រក​ខ្ចីប្រាក់​ថែម​ទៀត​ដើម្បី​សង​បំណុល​គេ។ តើ​ថា​ចិន​ដែល​ជា​ម្ចាស់​បំណុល​ធំ​ជាងគេ ឱ្យ​ស្រីលង្កា​ខ្ចីប្រាក់​ទៀត​ឬ​ទេ នៅ​ពេលវេលា​ត្រូវ​សង​ចិន​តាំងពី​ឆ្នាំ​២០១៨ ក្នុង​មួយ​ឆ្នាំៗ ៥០០​លាន​ដុល្លារ ស្រីលង្កា​ពុំ​មាន​លទ្ធភាព​សង​ផង​នោះ ដែល​នាំ​ឲ្យ​ចិន​រឹបអូស​កំពង់ផែ​សមុទ្រ​របស់​ប្រទេស​នេះ​ទៅ​ហើយ​នោះ។ កូនបំណុល​ធំ​ទី​២ គឺ​ឥណ្ឌា។ ឥណ្ឌា​ប្រាប់​ស្រីលង្កា​ថា សង​តែ​ប្រាក់​ដើម​បាន​ហើយ តែ​ស្រីលង្កា​នៅតែ​ពុំ​មាន​លទ្ធភាព​ទៀត។ បំណុល​មាន​ច្រើន​បំផុត​ពី​ចិន គឺ​លោក Mahinda Rajapaksa ជា​អ្នក​ខ្ចី ព្រោះ​ជាង ១០​ឆ្នាំ​មុន​នោះ លោក​គឺជា​ប្រធានាធិបតី​ស្រីលង្កា ហើយ​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​នឹង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន។

ប្រាក់កម្ចី​ចិន ដែល​ពុំ​មាន​តម្លាភាព និង​មាន​ការប្រាក់​ខ្ពស់ នាំ​ឲ្យ​កើតមាន​អំពើ​កេងប្រវ័ញ្ច។ សំណង់​កំពង់ផែ​សមុទ្រ Hambantota ដែល​ធ្លាក់​ក្រោម​ការ​រឹបអូស​ពី​ចិន​ទៅ​ហើយ​នេះ បាន​បាត់​ថវិកា​គម្រោង​សំណង់​ដល់​ទៅ ៣០០​លាន​ដុល្លារ​ក្នុង​ប្រាក់កម្ចី​សរុប ១​ពាន់​លាន​ដុល្លារ។

ក្រុម​បាតុកម្ម​របស់​មហាជន​ស្រីលង្កា ក៏​បាន​លើកឡើង​អំពី​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​របស់​ត្រូល Rajapaksa ដែល​មាន​ពាសពេញ​ប្រទេស។ ក្រុម​បាតុករ​ខ្លះ​ស្រែក​ថា ត្រូវ​បញ្ចប់​អំណាច​របស់​ត្រកូល Rajapaksa ហើយ​រក​ឱ្យ​ឃើញ​ទ្រព្យសម្បត្តិ​របស់​ត្រកូល​មួយ​នេះ ដើម្បី​រឹបអូស​មក​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស