38 C
Phnom Penh

លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់។

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សារ​លិខិត​របស់​ខ្លួន​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​នយោបាយ ឬ​ចលនា​ខុសច្បាប់​ក្នុង​សង្គម។

បុរស​ខ្លាំង​ដែល​ចូលចិត្ត​គំរាម​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​រូប​នេះ អះអាង​ថា ក្រៅពី​ការ​ប្តូរផ្តាច់​ការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ក៏​បាន​ខិតខំ​បំពេញ​បេសកកម្ម​ការទូត​លើ​ឆាក​អន្តរជាតិ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​គ្រប់​វិស័យ​ផង​ដែរ ដោយ​ទទួល​បាន​នូវ​ផ្លែផ្កា​ជា​បន្តបន្ទាប់។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត​នៃ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ថា​រដ្ឋាភិបាល​របស់​គាត់​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺជា​ការ​អះអាង​ផ្ទុយ​ពី​ការពិត​ទាំងស្រុង។ ការ​លើកឡើង​បែប​នេះ គ្រាន់តែ​ដើម្បី​លួង​ចិត្ត​មន្ត្រី​របស់​ខ្លួន និង​បន្លប់​ការពិត​ទៅកាន់​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល អះអាង​ថា នៅ​កម្ពុជា​គ្មាន​នរណា​ថ្លើមធំ​ហ៊ាន​បង្កើត​អសន្តិសុខ​ដល់​ប្រទេស​ជាតិ ក្រៅតែ​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ និង​ការ​បង្ក​ឱ្យ​មាន​អំពើ​អយុត្តិធម៌​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ គឺជា​ឫសគល់​នៃ​ការ​បង្ក​ភាព​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា កម្ពុជា​ក៏​គ្មាន​បដិវត្តន៍​ពណ៌​ដែរ ប៉ុន្តែ​នៅ​កម្ពុជា​មាន​តែ​អ្នក​ដែល​បង្កើត​លេស​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រំលោភ​ទាំង​រដ្ឋធម្មនុញ្ញ​តាមរយៈ​នៃ​ការ​ចោទប្រកាន់​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ប៉ុណ្ណោះ។

កាលពី​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ត្រឹម​ត្រែ ៦៨​អាសនៈ​ប៉ុណ្ណោះ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា និង​លោក សម រង្ស៊ី ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ចំនួន ៥៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​ជា​ឧបសគ្គ​យ៉ាង​ធំ​ក្នុង​ការ​ដឹកនាំ​ប្រទេស​តាម​ទំនើង​ចិត្ត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​កម្ពុជា​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទប្រកាន់​ថា​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​នោះ​តុលាការ​កំពូល​ក៏​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​នាក់​រយៈពេល ៥​ឆ្នាំ។

បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​បែងចែក​អាសនៈ​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥ ឱ្យ​ទៅ​គណបក្ស​នយោបាយ​កាន់​អំណាច​ទាំងអស់ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​បដិសេធ​មិនព្រម​យក​អាសនៈ​សភា​ទាំង​៥៥ នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គណបក្ស​កាន់​អំណាច​បាន​ធ្វើ​រដ្ឋប្រហារ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​សមាជិក​របស់​បក្ស​នេះ​យក​អាសនៈ​ទាំង​៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​ចាត់ចែង​របស់ គ.ជ.ប សុទ្ធសឹងតែ​មិន​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​គ្រប់​គ្នា​ទាំងអស់ ដូច្នេះ​សមាជិក​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច គឺជា​សមាជិក​សភា​ខុសច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស