31 C
Phnom Penh

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman លោក Abd Jalil Hassan បាន​បន្ថែម​ថា ជនរងគ្រោះ​ទាំង ១៦​នាក់ ក្នុង​នោះ​មាន​បុរស ១៥​នាក់ និង​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៩​ឆ្នាំ​ដល់ ៤៣​ឆ្នាំ ដោយ​ពួកគេ​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់​បាន​អះអាង​ថា ពួកគេ​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ការងារ​ជា​មន្ត្រី​សេវា​អតិថិជន​នៅក្នុង​សារព័ត៌មាន Free Malaysia Today ក្នុង​នោះ​ថ្លៃ​ចំណាយ និង​ការ​ធ្វើ​ដំណើរ​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​បាន​ក្រុមហ៊ុន​ជា​អ្នក​ចេញ។ ប៉ុន្តែ​នៅ​ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម ឯកសារ​ធ្វើ​ដំណើរ​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​យក​ទុក ខណៈ​ពួកគេ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​យាមកាម​ពី​សន្តិសុខ​ដ៏​តឹងរ៉ឹង មុន​នឹង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។ នេះ​បើ​តាម​លោក Abd Jalil Hassan ដែល​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍។

មន្ត្រី​គណបក្ស​នយោបាយ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​កម្ពុជា។ នៅ​ក្នុង​កិច្ច​សន្ទនា​នោះ ជនរងគ្រោះ​ម្នាក់​បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​បោកប្រាស់​អតិថិជន ហើយ​ប្រសិនបើ​ខ្លួន​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ នោះ​រូបគេ​នឹង​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​បន្ទប់​ដែល​គ្មាន​អាហារ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ។

បើ​តាម​ជនរងគ្រោះ​ដដែល​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៣​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ស្ត្រី ៥​នាក់​មាន​អាយុ​ចន្លោះ​ពី ១៧ ទៅ ៣៦​ឆ្នាំ នៅ​ក្នុង​តំបន់​ដូច​គ្នា ដោយ​ពួកគាត់​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ជា​ប្រតិបត្តិករ​បោកប្រាស់។

ចំណែក​ជនរងគ្រោះ​ម្នាក់​ទៀត​បាន​និយាយ​ថា រូបគេ​នៅ​ជាមួយ​ក្រុម​ផ្សេង​ទៀត​ដែល​មាន​ជនជាតិ​ម៉ាឡេស៊ី​ប្រហែល ៥០​នាក់​នៅ​កម្ពុជា ដោយ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​លើស​ពី ១៥​ម៉ោង​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បោកប្រាស់​អតិថិជន​ជុំវិញ​ពិភពលោក។

កាសែត​ក្នុង​ស្រុក​ខ្មែរ​ថាមស៍ បាន​ដកស្រង់​លិខិត​របស់​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ថា ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក Eldeen Husaini Mohd Hashim បាន​សរសេរ​លិខិត​មួយ​ច្បាប់​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន កាលពី​ដើម​ខែ​មេសា ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី ៥០​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ពួកគេ​រង​ការ​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​សកម្មភាព​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ។

កាសែត​ដដែល​បាន​ដកស្រង់​លិខិត​របស់​ស្ថានទូត​ថា ជនជាតិ​ម៉ាឡេស៊ី​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស​ចំនួន ២០​នាក់ ក្នុង​នោះ​ប្រុស ១៦​នាក់ ស្រី ៤​នាក់ ត្រូវ​បាន​គេ​ឃុំឃាំង និង​បង្ខំ​ឱ្យ​ធ្វើ​ការ​អស់​រយៈពេល ១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ទទួល​រង​ការ​គំរាមកំហែង និង​វាយដំ ប្រសិនបើ​ពួកគេ​មិន​គោរព​តាម​បញ្ជា និង​មាន​ចេតនា​ចង់​រត់​ចេញ។

កាលពី​ដើម​សប្តាហ៍​នេះ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​យុវជន​ម៉ាឡេស៊ី​ចំនួន ១៥​នាក់។ ក្រោយពី​បាន​សួរ​ចម្លើយ​ហើយ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពួកគេ​មិន​ត្រូវ​បាន​ចាញ់បោក​ដូច​ការ​លើកឡើង​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើការ​ស្របច្បាប់​នៅ​ក្នុង​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ។ ពួកគេ​ខ្លះ​ចង់​នៅ​ធ្វើការ និង​ខ្លះ​ទៀត​ចង់​វិលត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​កាសែត​ដដែល​ថា យុវជន​ម៉ាឡេស៊ី​ចំនួន ១៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ​រួច​ហើយ ដើម្បី​សួរ​ចម្លើយ និង​សម្រេច​ចិត្ត​ចុងក្រោយ ថា​តើ​នឹង​ត្រូវ​និរទេស​ពួកគេ ឬ​ក៏​អត់។ លោក​បន្ត​ថា ជនរងគ្រោះ​ត្រូវ​បាន​បោក​បញ្ឆោត​ជាមួយ​នឹង​ការ​ផ្តល់​ការងារ​ជា​អ្នក​លក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បាន​ប្រាក់ខែ​ពី ៣​ពាន់​ដុល្លារ​ដល់ ៤​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ។

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​អង្កេត និង​វាយតម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​មួយ​ស្ដីពី «ការ​ជួញដូរ​មនុស្ស​លើ​សកលលោក​ឆ្នាំ​២០២១» ដោយ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ទី​២ (Tier 2 Watch List)។

របាយការណ៍​នោះ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​មិន​បាន​គោរព​ឱ្យ​បាន​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ ហើយ​ថា​អំពើពុករលួយ​នៅតែ​បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ នីតិវិធី​ព្រហ្មទណ្ឌ និង​ការ​ផ្ដល់​សេវា​ដល់​ជនរងគ្រោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស