29 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ ការ​អនុវត្ត​ច្បាប់​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​បាន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ បើ​មិន​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ គឺ​មាន​ន័យ​ថា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក៏​គ្មាន​ដូច​គ្នា​ដែរ។

អ្នកស្រី ព្រុំ ចាន់ថា អះអាង​ថា ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​គ្រប់​គ្នា​នឹង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ដើម្បី​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទេ​នោះ។ ដូច្នេះ​ការ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា ដូចជា​ស្ថានទូត​ម៉ាឡេស៊ី ជាដើម គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​ឱ្យ​ស្ថានទូត​ទាំងនោះ​ជួយ​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ស្នើសុំ​ឱ្យ​ស្ថានទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ នេះ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បាន​នាំគ្នា​មក​តាមដាន​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ជូន​ស្ថានទូត​ម៉ាឡេស៊ី​កាលពី ៤​សប្តាហ៍​មុន ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ ក្រុម​ស្ត្រី​ទាំងនោះ​មិនទាន់​បាន​ទទួល​ចម្លើយ​យល់ព្រម ឬ​បដិសេធ​ពី​ស្ថានទូត​នេះ​នៅឡើយ​ទេ ខណៈ​ស្ថានទូត​បារាំង អូស្ត្រាលី ជប៉ុន និង​អាល្លឺម៉ង់ ជាដើម បាន​ទទួល​សំណើ​របស់​ពួកគេ​គ្រប់​គ្នា។

លោក កាក់ កុម្ភារ ដែល​ត្រូវជា​ប្ដី​របស់​អ្នកស្រី ព្រុំ ចាន់ថា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ផង​ដែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា លោក​នៅតែ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅតែ​មាន​ស្តង់ដារ​ពីរ​ដដែល។ បញ្ហា​នេះ​បាន​បង្ក​ទៅ​ជា​ការ​រឹតត្បិត​សេរីភាព និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់។

លោក មឿន តុលា ត្អូញត្អែរ​ថា ប្រទេស​ដែល​ដឹកនាំ​តាម​របៀប​ប្រជាធិបតេយ្យ​ក្លែងក្លាយ តែង​ចោទ​អ្នក​តវ៉ា​ស្លូតត្រង់​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ចលនា​ណា​មួយ​ដែល​មិន​ស្របច្បាប់ ជាដើម ដើម្បី​ចាត់​វិធានការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល។ ដោយឡែក​ប្រទេស​ដែល​ប្រកាន់​របប​សេរី​ប្រជាធិបតេយ្យ​ពិតប្រាកដ មិន​ដែល​ភ័យ​ខ្លាច ឬ​ចោទប្រកាន់​លើ​ពលរដ្ឋ​របស់​ខ្លួន​ពី​ការ​ធ្វើ​បដិវត្តន៍​ក្នុង​រូបភាព​ណា​មួយ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន រិះគន់​ថា លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស ក្នុង​នោះ​គឺ​មាន​ការ​បិទ​លំហ​សេរីភាព​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជំទាស់​ដាក់​ពន្ធនាគារ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស