នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​រដ្ឋធានី​គៀវ កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២។

ព័ត៌មានអន្តរជាតិ

តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន?

By ឌឹ ខេមបូឌា ដេលី

April 12, 2022

ភ្លាមៗ​បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា ស្រាប់តែ​មេដឹកនាំ​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​រដ្ឋធានី​គៀវ ខណៈ​អ៊ុយក្រែន​បន្ត​ហែកហួរ​ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។

កាលពី​ថ្ងៃ​ទី​៨ មេសា ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​ទីក្រុង​គៀវ។

កាលពី​ថ្ងៃ​ទី​២៣ មីនា កន្លងទៅ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ៣​ផ្សេង​ទៀត គឺ​ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ស្លូវ៉េនី បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​គៀវ ដោយ​ផ្សង​នឹង​គ្រោះថ្នាក់ ព្រោះតែ​រដ្ឋធានី​មួយ​នេះ​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​កងទ័ព​រុស្ស៊ី។

អ្នកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​សន្យា​ថា សហភាព​អឺរ៉ុប​សូម​គាំទ្រ និង​ជួយ​ភាគី​អ៊ុយក្រែន​កាន់តែ​ច្រើន​ថែម​ទៀត​ចាប់​ពី​ពេលនេះ​តទៅ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូប​នេះ​និយាយ​ថា អ្នកស្រី​ជឿជាក់​ថា​អ៊ុយក្រែន​នឹង​ឈ្នះ​សង្គ្រាម។ អ្នកស្រី​សន្យា​ថា អ៊ុយក្រែន​នឹង​ក្លាយជា​សមាជិក​សហភាព​នៅ​អឺរ៉ុប។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម ៥០០​លាន​អឺរ៉ូ​សម្រាប់​ឲ្យ​អ៊ុយក្រែន​អាច​ទិញ​អាវុធ។ ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ដែល​ធ្វើ​ដំណើរ​ជាមួយ​មេដឹកនាំ​អឺរ៉ុប ក៏​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន ថា ស្លូវ៉ាគី​សម្រេច​ផ្តល់​ប្រព័ន្ធ​ខែល​មីស៊ីល S-300 ដែល​ផលិត​ដោយ​រុស្ស៊ី​ទៅ​ឲ្យ​អ៊ុយក្រែន ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​វិញ។

ដំណើរ​ទស្សនកិច្ច​ក្នុង​ទឹកដី​មួយ​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ដ៏​ខ្លោចផ្សា ប្រធាន​គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា សហភាព​អឺរ៉ុប​បាន​គាំទ្រ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​ជំនួយ​ផ្នែក​ច្បាប់ និង​បច្ចេកទេស​នៅ​ក្នុង​ការងារ​ស៊ើបអង្កេត​ទៅលើ​ការ​សម្លាប់​រង្គាល​ជនស៊ីវិល​នៅ​ទីក្រុង Bucha ក្បែរ​ទីក្រុង​គៀវ។

នៅ​មុន​ចាកចេញ​ពី​ទឹកដី​អ៊ុយក្រែន គណៈប្រតិភូ​សហភាព​អឺរ៉ុប​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែង​ប្រមូល​សាកសព​នៅ​ទីក្រុង Bucha ដែល​មាន​សាកសព​ជាង ៤០០​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ សាកសព​ខ្លះ​ស្លាប់​ដោយ​ការ​ចងដៃ​មក​ក្រោយ​ថែម​ទៀត។

ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ថា ការ​ស៊ើបអង្កេត​ស្វែងរក​ភស្តុតាង ត្រូវតែ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាម​អន្តរជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​ទីក្រុង​គៀវ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២២។

មួយ​ថ្ងៃ​ក្រោយមក រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក Karim Khan បាន​ជួប​លោក Josep Borrell នៅ​ប្រទេស​លុចហ្សំបួរ។ ក្នុង​ជំនួប​នេះ លោក Josep Borrell បាន​ស្នើ​ឲ្យ​លោក Karim Khan បង្កើន​ការ​កសាង​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​របប​ក្រុង​មូស្គូ។

លោក ពូទីន ត្រូវ​បាន​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក ចោទ​ជា​សាធារណៈ​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម ដែល​លោក​ថា​ពិភពលោក​ចាំបាច់​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ប្រឆាំង​នឹង​បុរស​ខ្លាំង​រូប​នេះ។

នៅ​ចំពោះ​មុខ​លោក Volodymyr Zelenskiy ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​សន្យា​ថា អឺរ៉ុប​នឹង​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ថែម​ទៀត​ទៅលើ​របប​លោក ពូទីន។ ក្រោយពី​គណៈប្រតិភូ​សហភាព​អឺរ៉ុប​វិលត្រឡប់​មក​វិញ គឺ​នៅ​ថ្ងៃ​ទី​៩ មេសា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ទៅកាន់​ទីក្រុង​គៀវ ចំ​ពេល​ដែល​អង់គ្លេស​សន្យា​ផ្តល់​រថពាសដែក​ចំនួន ១២០​គ្រឿង និង​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា​ដល់​រដ្ឋាភិបាល​របស់​លោក Volodymyr Zelenskiy។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ក្នុង​ជំនួប​មួយ​ទល់​មួយ​ជាមួយ​លោក Volodymyr Zelenskiy លោក Boris Johnson សន្យា​ថា​នឹង​ផ្តល់​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ លោក Johnson បាន​សរសេរ​នៅ​លើ Twitter ដោយ​ចាត់ទុក​ថា លោក​បាន​ជួប​មិត្ត​របស់​លោក គឺ​លោក​ប្រធានាធិបតី Zelenskiy ក្នុង​ទីក្រុង​គៀវ ដើម្បី​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​ឥត​ងាករេ​របស់​អង់គ្លេស​ចំពោះ​ប្រជាជន​អ៊ុយក្រែន។

លោក​បាន​បញ្ជាក់​ថា អង់គ្លេស​កំពុង​រៀបចំ​កញ្ចប់​ថ្មី​នៃ​ជំនួយ​ហិរញ្ញវត្ថុ និង​យោធា ដែល​ជា​សក្ខីភាព​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អង់គ្លេស​ចំពោះ​ការ​តស៊ូ​របស់​ពលរដ្ឋ​អ៊ុយក្រែន ប្រឆាំង​នឹង​សង្គ្រាម​ដ៏​ព្រៃផ្សៃ​ពី​សំណាក់​រុស្ស៊ី។

តើ​ជំនួប​មេដឹកនាំ​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ជួប​ផ្ទាល់​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក វ៉្លាឌីមៀរ ពូទីន ?

ការពិត ទស្សនកិច្ច​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន នៅ​រដ្ឋធានី​គៀវ គឺជា​ផ្នែក​មួយ​នៃ​ការ​ស្វែងរក​ការពិត​នៃ​ការ​ស្នើសុំ​របស់​លោក Zelenskiy ដែល​សុំ​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ នៅ​ក្នុង​ជំនួប​នោះ អ្នកស្រី Ursula von der Leyen បាន​សម្រេច​ថា​នឹង​ស្នើ​ឲ្យ​សភា​អឺរ៉ុប​ធ្វើការ​អនុម័ត។ បើ​ដូចនេះ​មែន អ៊ុយក្រែន​នឹង​ក្លាយជា​សមាជិក​ទី​២៨ នៃ​សហភាព​អឺរ៉ុប។

ចំណែក​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ដែល​មិន​បាន​ប្រកាស​ជា​មុន គឺជា​ចំណុច​ប្រវត្តិសាស្ត្រ​ដែល​មេដឹកនាំ​មហាអំណាច​មួយ​កំពុង​ជួយ​សព្វាវុធ​ក្នុង​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​មិន​ត្រឹមតែ​ដូចនេះ​ទេ មេដឹកនាំ​ប្រទេស​នេះ​ក៏​បាន​សម្រេច​ផ្សង​គ្រោះថ្នាក់​នៅ​ក្រោម​ស្ថានការណ៍​សឹក​ដ៏​ផុយ​ស្រួយ​បំផុត​ពី​សំណាក់​គ្រាប់​កាំជ្រួច​របស់​រុស្ស៊ី។

តែ​យ៉ាងនេះ​ក្ដី ជំនួប​ផ្ទាល់​រវាង​មេដឹកនាំ​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺជា​សារ​ដ៏​ធ្ងន់​មួយ​ទៀត​សំពង​ទៅ​លើ​របប​លោក វ៉្លាឌីមៀរ ពូទីន បន្ទាប់ពី​រុស្ស៊ី​បាត់បង់​បុព្វសិទ្ធិ​ក្នុង​ការ​តស៊ូ​មតិ​ដោយសារ​ការ​ព្យួរ​អាសនៈ​របស់​ខ្លួន​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា។ នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែល​រុស្ស៊ី​ជា​ប្រទេស​មហាអំណាច​មួយ ត្រូវ​បាន​វាយ​បំបាក់​លើ​សមរភូមិ​ការទូត​ដ៏​អាម៉ាស់​បំផុត៕