សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសេចក្ដីសន្និដ្ឋានសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» លើសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ៤០នាក់នៅដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបើកសវនាការសួរដេញដោលអស់រយៈពេល ២ឆ្នាំ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃអង្គារ ទី១២ មេសា នេះ បានបន្តបើកសវនាការសួរដេញដោលអ្នកស្រី យក់ នាង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាអតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ ដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
នៅក្នុងបន្ទប់សវនាការនេះ ចៅក្រម និងតំណាងអយ្យការបានសួរដេញដោលអ្នកស្រី យក់ នាង ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩។
ក្រោយពីសួរដេញដោលសកម្មជនបក្សប្រឆាំង និងអ្នកគាំទ្រ រួមទាំងនគរបាលយុត្តិធម៌រួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសបញ្ចប់សវនាការដេញដោលដោយឱ្យមេធាវី និងតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
សកម្មជនគណបក្សសង្គ្រោះជាតិជាង ៤០នាក់ត្រូវបានតុលាការចោទប្រកាន់ថាចូលរួមធ្វើសកម្មភាពផ្សេងៗ ដើម្បីគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមតំណាងអយ្យការ លោក សេង ហៀង អះអាងថា លោក សម រង្ស៊ី ចង់ចូលមកកម្ពុជាវិញក្នុងចេតនាទុច្ចរិតតាមរយៈការបំផុសបំផុលកៀរគរឱ្យពលរដ្ឋប្រមូលផ្ដុំតវ៉ាប្រឆាំងរដ្ឋាភិបាល និងបានអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុងទៅរករដ្ឋាភិបាលថែមទៀត។
លោក សេង ហៀង អះអាងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី មិនមែនមកដើម្បីចូលរួមបោះឆ្នោតនោះទេ ប៉ុន្តែការត្រឡប់នេះក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល។
ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា នេះ មានជនជាប់ចោទជាង ៤០នាក់៕