29 C
Phnom Penh

ប៉ូលិស​ថៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​៦០​នាក់​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​ថៃ បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង ៦០​នាក់​បន្ថែម​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ខណៈ​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ខ្លះ​ត្រូវ​បាន​ថៅកែ​ដឹង​មុន។

យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ប៉ូលិស​ថៃ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៦៦​នាក់ ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយ​ការ​ចុះ​ប្រតិបត្តិការ​មួយ​ចំនួន​ត្រូវ​បាន​រំខាន បន្ទាប់ពី​ថៅកែ​បាន​ដឹង​ពី​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ទាំងនោះ។

មុន​ពេល​ជួយ​សង្គ្រោះ ប៉ូលិស​ថៃ បាន​ទៅ​អគារ​មួយ​ដែល​មាន​កម្ពស់ ១០​ជាន់ ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង​ព្រះសីហនុ អំឡុង​ពេល​នោះ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​នៅ​យាម​ច្រក​ទ្វារ​នៃ​អគារ​កម្ពស់ ១០​ជាន់ មិន​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​ថៃ​ចូល​នោះ​ទេ ប៉ុន្តែ​ក្រោយពី​ប៉ូលិស​បាន​ចរចា​រយៈពេល ៨​ម៉ោង​ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ជនជាតិ​ចិន ដែល​ចោទប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​ក្នុង​ទីតាំង​នោះ។

បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ប៉ូលិស​ថៃ បាន​ប៉ាន់ប្រមាណ​ថា មាន​ជនជាតិ​ថៃ ប្រហែល ១៥០០​នាក់​ទៀត​កំពុង​នៅក្នុង​ប្រតិបត្តិការ​ឆបោក ដែល​ធ្វើឡើង​នៅ​ក្នុង​សណ្ឋាគារ និង​អគារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ខណៈ​ជនជាតិ​ថៃ ៧​នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដោះលែង​នៅ​លើ​ចិញ្ចើម​ផ្លូវ។

របាយការណ៍​របស់​ប៉ូលិស​ថៃ បាន​ឱ្យ​ដឹង​ថា មន្ត្រី​របស់​ខ្លួន​បាន​បង់ប្រាក់​ចំនួន ១៥០០​ដុល្លារ និង​បាន​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ចំនួន ២៤​នាក់​ចេញពី​ក្រុម​ឆបោក។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឱ្យ​ដឹង​ថា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន នឹង​ដឹកនាំ​នគរបាល​ជាន់ខ្ពស់​មួយ​ក្រុម​ទៅកាន់​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត ខណៈ​កងទ័ព​ជើងទឹក​ថៃ នឹង​រៀបចំ​នាវា​មួយ​គ្រឿង​ដើម្បី​ប្រមូល​ជនជាតិ​ថៃ​ដែល​បម្រើការ​នៅ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នានា​នៅ​កម្ពុជា ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​ខ្មែរ និង​ថៃ បាន​សហការ​គ្នា​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៦១​នាក់​ទាក់ទង​នឹង​បទល្មើស​បោកប្រាស់​ប្រាក់​តាម​ទូរស័ព្ទ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

បើ​តាម​ប៉ូលិស​ថៃ ឱ្យ​ដឹង​ថា ចាប់តាំង​ពី​ខែ​មីនា ដល់​ខែ​មេសា ឆ្នាំ​២០២២ អាជ្ញាធរ​ថៃ និង​កម្ពុជា បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ជនជាតិ​ថៃ ចន្លោះ​ពី ២៨០០​នាក់​ទៅ ៣​ពាន់​នាក់ ចេញពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​ខុសច្បាប់​នៅ​កម្ពុជា។

ក្រៅពី​ជនជាតិ​ថៃ នា​ពេល​ថ្មីៗ​នេះ ជនជាតិ​ម៉ាឡេស៊ី ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស