40.6 C
Phnom Penh

ចារកម្ម​អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​បង្កើន​ទ័ព​ព្រោះ​រុស្ស៊ី​អាច​វាយ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​បង្កើន​កងទ័ព​នៅ​តំបន់​ណា​ជា​មុខសញ្ញា​ដែល​រុស្ស៊ី​កំណត់​ជា​គោលដៅ​ចុងក្រោយ ដើម្បី​វាយ​ផ្ដាច់ព្រ័ត្រ។

បើ​តាម​ក្រុម​ចារកម្ម​អាមេរិក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រុស្ស៊ី​នឹង​បើក​ប្រតិបត្តិការ​សឹក​ដំណាក់កាល​ចុងក្រោយ ហើយ​មើល​ទៅ​អាច​នឹង ៣ ឬ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

មន្ត្រី​ចារកម្ម ២​រូប​នៃ​ភ្នាក់ងារ​ចារកម្ម CIA បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC ថា នៅ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង ទោះជា​រុស្ស៊ី​ត្រូវ​កំណត់​វាយ​កាន់កាប់​ឱ្យ​បាន​ក៏ដោយ តែ​នៅ​តំបន់​សំខាន់ៗ​ផ្សេងៗ​ទៀត ដូចជា​រដ្ឋធានី​គៀវ គឺ​កងទ័ព​រុស្ស៊ី​អាច​នឹង​លើក​ទ័ព​ទៅ​វាយ​ម្ដង​ទៀត​ដោយ​បើក​ប្រតិបត្តិការ​ចេញពី​ព្រំដែន​នៃ​ប្រទេស​បេឡារូស។

តាម​មន្ត្រី​ចារកម្ម​អាមេរិក ឲ្យ​ដឹង​ថា វិមាន​ក្រឹមឡាំង នឹង​វាយលុក​គ្រប់​ជ្រុង​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​កងទ័ព​អ៊ុយក្រែន​មិន​អាច​ចល័ត​ទ័ព​ជួយ​អន្តរាគមន៍​នៅ​តំបន់​ណា​ដែល​កងទ័ព​រុស្ស៊ី​វាយ​សន្ធប់។ ចំពោះ​តំបន់​ដុនបាស់ គឺជា​ចំណុច​ក្ដៅ​មួយ​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​វាយ​ដើម្បី​កាន់កាប់ ព្រោះ​ប្រជាជន​តំបន់​នេះ​ភាគច្រើន​បាន​រត់​ចេញ​ទៅ​នៅ​ប្រទេស​រុស្ស៊ី​អស់​ហើយ។

កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ប្រធាន​ចារកម្ម CIA របស់​សហរដ្ឋ​អាមេរិក លោក William Burns បាន​ប្រាប់​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ថា ប្រធានាធិបតី​រុស្ស៊ី​ដែល​ខូចចិត្ត​ចំពោះ​ការ​លើក​ទ័ព​ឈ្លានពាន​វាយ​កាន់កាប់​រដ្ឋធានី​គៀវ​មិន​បាន​សម្រេច​ដូច​ផែនការ​របស់​លោក គឺ​លោក វ៉្លាឌីមៀរ ពូទីន អាច​នឹង​វាយប្រហារ​ទៅលើ​រដ្ឋធានី​នេះ​ដោយ​អាវុធ​នុយក្លេអ៊ែរ​តាក់តិច។

បើ​តាម​លោក William Burns ការ​ដែល​លោក ពូទីន ខូចចិត្ត​នេះ​ហើយ​ដែល​គាត់​អាច​ចង់​ឈ្នះ ទោះ​ជា​ដឹង​ថា​អាវុធ​ប្រភេទ​នេះ​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ជាតិ​ក៏ដោយ។ ដោយ​ទទួល​បាន​ការ​ព្រមាន​ដូចនេះ លោក Zelenskiy បាន​ទទួលស្គាល់​ថា រដ្ឋធានី​គៀវ អាច​នឹង​គ្រោះថ្នាក់​ដោយ​អាវុធ​ប្រភេទ​នេះ ព្រោះ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ទីក្រុង​មួយ​នេះ​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដោយ​កាំជ្រួច​របស់​កងទ័ព​រុស្ស៊ី ដែល​បាញ់​ចេញពី​ព្រំដែន​នៃ​ទឹកដី​ប្រទេស​បេឡារូស។ ប៉ុន្តែ​លោក​ប្រាប់​ទៅ​ប្រធាន​ចារកម្ម​អាមេរិក​ថា ទីក្រុង Mariupol សឹងតែ​រលាយ​អស់​ហើយ​ដោយ​គ្រាប់កាំភ្លើង​ត្បាល់​របស់​កងទ័ព​រុស្ស៊ី។

តែ​យ៉ាងណា លោក​ថា​កងទ័ព​របស់​លោក​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​ដង្ហើម​ចុងក្រោយ ដើម្បី​ការពារ​ទីក្រុង​កំពង់ផែ​ដ៏​សំខាន់​មួយ​នេះ ទោះជា​រុស្ស៊ី​ដាក់​ឱសានវាទ​ឱ្យ​កងទ័ព​អ៊ុយក្រែន​ដែល​នៅ​លាក់​ខ្លួន​ត្រូវ​ចាកចេញ​ពី​ទីក្រុង​នេះ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មេសា ក៏ដោយ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ដាក់​ឱសានវាទ​លើក​ទី​១​ម្ដង​ហើយ ដោយ​ឱ្យ​កងទ័ព​អ៊ុយក្រែន​ដែល​នៅ​សេសសល់​ក្នុង​ទីក្រុង Mariupol ទម្លាក់​អាវុធ ហើយ​សុំ​ចុះចាញ់​ឱ្យ​បាន​ត្រឹម​ពេល​រសៀល កាលពី​ថ្ងៃ​អាទិត្យ ទី​១៧ មេសា ហើយ​បាន​ព្រមាន​ថា ជន​ណា​ដែល​រឹង​ទទឹង នឹង​ត្រូវ​បាន​កម្ទេច ឬ​បាញ់​សម្លាប់។

កាលពី​ថ្ងៃ​ទី​១៦ មេសា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា កងទ័ព​អ៊ុយក្រែន​ប្រមាណ ១០០០​នាក់​បាន​ទម្លាក់​អាវុធ ហើយ​ចុះចូល​នឹង​កងទ័ព​រុស្ស៊ី។

របប​ក្រុង​មូស្គូ មាន​ផែនការ​ធ្វើ​ពិធី​រំឭក​ខួប​ជ័យជម្នះ​ដ៏​ធំ​មួយ​របស់​ខ្លួន​លើ​សង្គ្រាម​លោក​លើក​ទី​២ ដែល​កងទ័ព​រុស្ស៊ី​បាន​វាយ​ឈ្នះ​កងទ័ព​អាល្លឺម៉ង់ ដឹកនាំ​ដោយ អាឌុល អ៊ីត្លែរ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥ ដោយ​ចាប់​យក​ទីក្រុង Mariupol ធ្វើជា​ទីតាំង​នៃ​ការ​រំឭក​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃ​ទី​៩ ឧសភា។

បែប​នេះ​ក្ដី រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​និយាយ​ថា គ្មាន​ការ​ជួប​ទាក់ទង​ណា​មួយ​ក្នុង​កម្រិត​នៃ​ក្រសួង​ការបរទេស​រវាង​រុស្ស៊ី និង​អ៊ុយក្រែន អាច​ធ្វើ​បាន​ទៀត​នោះ​ទេ ខណៈ​ស្ថានភាព​ធ្ងន់ធ្ងរ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ក្លាយជា​បន្ទាត់​ក្រហម​នៃ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ទៅ​ហើយ​នោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CBS កាលពី​ថ្ងៃ​អាទិត្យ លោក Kuleba បាន​លើកឡើង​ថា Mariupol កំពុង​ស្ថិត​នៅ​លើ​បន្ទាត់​ក្រហម។ លោក Kuleba បញ្ជាក់​ថា កងទ័ព​អ៊ុយក្រែន​ព្យាយាម​ទប់ទល់​នឹង​ឱសានវាទ​របស់​រុស្ស៊ី​គំរាម​ឱ្យ​ទម្លាក់​អាវុធ ដែល​លោក​ថា​គឺជា​ផែនការ​របស់​រុស្ស៊ី​វាយ​កាន់កាប់​ទីក្រុង​មួយ​នេះ​ឱ្យ​បាន​ក្នុង​សង្គ្រាម​ជាង ៥០​ថ្ងៃ​មក​នេះ។

តាម​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​រូប​នេះ មាន​ការ​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បន្ថែម​អាវុធ​មួយ​ប្រភេទ​ទៀត គឺ​កាំភ្លើង​ត្បាល់​ខ្នាត​យក្ស​ចំនួន ១៨​គ្រឿង ដោយ​មាន​គ្រាប់​ចំនួន ៤​ម៉ឺន​គ្រាប់​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន។ បន្ថែម​លើស​ពី​នេះ អាមេរិក​ប្រកាស​បញ្ជូន​យន្តហោះ​ដ្រូន AeroVironment Switchblade ចំនួន ៦០០​គ្រឿង​ទៅ​ជួយ​កងទ័ព​អ៊ុយក្រែន។ តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ប្រទេស​ដែល​ជួយ​សព្វាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​មាន​អង់គ្លេស អាល្លឺម៉ង់ កាណាដា និង​អូស្ត្រាលី ស្លូវើនៀ និង​សាធារណរដ្ឋ​ឆេក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស