38 C
Phnom Penh

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួច​មក​ហើយ​នោះ។

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ដែល​គេ​ប្រសិទ្ធិនាម​ថា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន​តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា ក្រៅពី​ការ​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន ក៏​ដើម្បី​បង្កើន​ជំនឿ​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់។ ជាង​នេះ​ទៀត កិច្ចប្រជុំ​នេះ​នឹង​ដាក់​ចេញ​នូវ​ទិសដៅ​អនាគត​ក្នុង​ការ​ទំនាក់ទំនង​អាស៊ាន-អាមេរិក ដើម្បី​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​អាមេរិក​ថែម​ទៀត។

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​អស់​មួយ​ជីវិត លោក ហ៊ុន សែន បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​ដើម្បី​បង្កើន​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ដូចជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ច​សហប្រតិបត្តិការ​សមុទ្រ និង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​កង្វល់​រួម​របស់​អាស៊ាន និង​អាមេរិក​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​នឹង​ត្រូវ​កំណត់​យក​សប្តាហ៍​ទី​២ នៃ​ខែ​ឧសភា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​ខកខាន​ចាប់តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក។

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ត្រូវ​បាន​ពន្យារ​ពេល​ពីរ​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ដើម​ខែ​កុម្ភៈ និង​លើក​ទី​២ នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២២ នេះ។ យ៉ាងណាក៏ដោយ ការ​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី​៣ នេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​លើក​ពេល​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​មេដឹកនាំ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​កិច្ចប្រជុំ​កំពូល​មួយ​នេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ចុង​ខែ​កុម្ភៈ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ប្រចាំ​វិមាន​ប្រធានាធិបតី​អាមេរិក អ្នកស្រី Jen Psaki បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក​នឹង​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លិខិត​នោះ​បញ្ជាក់​ថា អាមេរិក​នឹង​គោរព​តាម​ការ​សម្រេច​របស់​អាស៊ាន ដែល​ថា​កិច្ចប្រជុំ​នេះ​នឹង​មិន​អញ្ជើញ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ចូលរួម និង​ការ​សម្រេច​លើ​ពេលវេលា​នៃ​កិច្ចប្រជុំ​នេះ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មេសា នេះ​ថា កិច្ចប្រជុំ​អាស៊ាន-អាមេរិក​នេះ គួរតែ​ក្លាយជា​វេទិកា​អន្តរជាតិ​គំរូ​មួយ​ក្នុង​ការ​លើក​តម្កើង​បរិយាកាស​ប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​ទូលំទូលាយ ដោយ​ការ​លុបបំបាត់​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​ចេញ​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

លោក គឹម សុខ អះអាង​ថា គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​នេះ បាន​ធ្វើ​ឲ្យ​ពួក​មេដឹកនាំ​ផ្ដាច់ការ​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត ក្នុង​នោះ​ពួកគេ​តែង​ប្រើ​ជា​លេស​បិទ​ទ្វារ​បង្ក្រាប​ពលរដ្ឋ​ម្ចាស់​ប្រទេស ក្រោម​ល្បិចកល​ការពារ​សន្តិភាព​យ៉ាង​ចាស់ដៃ ដូចជា​កម្ពុជា​នៅ​ពេល​នេះ ជាដើម។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នេះ គួរ​ដាក់​លក្ខខណ្ឌ​កំណត់​ឲ្យ​សមាជិក​ទាំងអស់​នៃ​អង្គប្រជុំ លើកឡើង​នូវ​បញ្ហា​ដែល​កើតមាន​ក្នុង​ប្រទេស អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូចជា​នៅ​ប្រទេស​ភូមា កម្ពុជា ថៃ និង​វៀតណាម​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស