30.7 C
Phnom Penh

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ បើ​ទោះបីជា​រូបលោក​មិន​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​ក៏ដោយ។

បើ​តាម​ពាក្យ​ស្នើសុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កន្លងមក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​ដាក់​រូបលោក​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ដីកា​សម្រេច​ដោយឡែក​នោះ​ទេ​ចាប់​តាំង​ពី​ចៅក្រម​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំ​ជំនុំជម្រះ។

នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដដែល បាន​លើកឡើង​ថា លោក​បាន​ដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បី​ស្នើសុំ​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​មុខរបរ​ផ្ទាល់ខ្លួន ស្រប​ពេល​ដែល​លោក​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ក្នុង​កម្រិត​នីតិវិធី​ជា​បន្ត​ទៀត។

លោក​ក៏​បាន​ស្នើ​ទៅ​តុលាការ​សុំ​លិខិត​ឆ្លងដែន ដើម្បី​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម អនុញ្ញាត​ឱ្យ​ជនបរទេស​ចូល​ប្រទេស​ឡើងវិញ​បន្ទាប់ពី​មាន​ការ​ហាមឃាត់​នៅ​ក្នុង​អំឡុង​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កន្លងមក។

បន្ថែម​ពី​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​រូប​គាត់​ទៅ​ចូលរួម​កម្មវិធី​មហាសន្និបាត​ពិភពលោក​នា​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ខាងមុខ​នេះ ដោយសារ​បច្ចុប្បន្ន រូបលោក​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​ខ្មែរក្រោម និង​អ្នក​សារព័ត៌មាន​ព្រៃនគរ ដែល​ជា​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ខ្មែរ​កម្ពុជាក្រោម ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន។

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ស្នើ​ទៅ​ចៅក្រម​ឱ្យ​ផ្ដល់​លិខិត​ឆ្លងដែន​ដល់​រូបលោក​ដើម្បី​រក្សា​តុល្យភាព ព្រមទាំង​ជៀសវាង​ផល​អវិជ្ជមាន​ផ្សេងៗ​ក្នុង​ដំណើរការ​ក្ដី ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ ជាពិសេស​កិច្ចការ​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​យុត្តិធម៌​នៃ​រឿង​ក្ដី​ឡើយ។

ក្នុង​លិខិត​ជូនដំណឹង​ដីកា​សម្រេច​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ របស់​លោក ពេជ្រ វិជ្ជាធរ ដែល​បាន​បដិសេធ​ពាក្យ​សុំ​របស់​លោក យាង សុធារិន្ទ ដែល​ស្នើសុំ​លិខិត​ឆ្លងដែន​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឡើយ។

លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយមក​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ខ្លួន​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោទប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៨។

យ៉ាងណា​ក៏ដោយ ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ និង​ឈាន​ទៅ​ប្រកាស​សាលក្រម​ហើយ បែរ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៩ សម្រេច​បើក​ការ​ស៊ើបអង្កេត​ឡើងវិញ​នូវ​សំណុំរឿង​ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​ថា​ការ​ស៊ើបអង្កេត​កន្លង​មក​នៅ​មាន​ចំណុច​ខ្វះខាត។

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​ទោស​នយោបាយ​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស