ប្រធានសហភាពសហជីពកម្ពុជា អះអាងថា ប្រសិនបើបដិវត្តន៍កើតមាននៅកម្ពុជាមែន គឺដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលសព្វថ្ងៃនេះបានបង្កើតនូវអំពើអយុត្តិធម៌លើពលរដ្ឋខ្លួនឯងសឹងទូទាំងប្រទេសទៅហើយនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មេសា ថា បើរដ្ឋាភិបាលកម្ពុជាដឹកនាំឱ្យមានភាពសម្បូរសប្បាយសម្រាប់ពលរដ្ឋខ្លួនឯងនោះ គ្មានពលរដ្ឋណាម្នាក់ចង់ដូររបៀបដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនោះទេ ប៉ុន្តែការរើបម្រះរបស់ប្រជាជន គឺដោយសារតែពួកគាត់មិនអាចរស់នៅក្នុងការគាបសង្កត់ក្នុងរបបដឹកនាំតាមបែបជិះជាន់ប៉ុណ្ណោះ។
លោក រ៉ុង ឈុន លើកឡើងថា នៅពេលដែលពលរដ្ឋរស់ក្នុងប្រទេសដែលមានសន្តិភាពពិតប្រាកដ និងមានសុភមង្គលពេញលេញហើយនោះ ទោះអ្នកនយោបាយណាហៅពួកគាត់ឱ្យចេញទៅធ្វើបដិវត្តន៍ពណ៌ ក៏ពួកគាត់មិនទៅដែរ ព្រោះថាប្រជាជនខ្មែរមិនអាចយកភាពសុខដុមរមនានៃប្រទេសជាតិរបស់ពួកគាត់ដែលកំពុងរស់នៅដោយមានភាពយុត្តិធម៌ ការគោរពច្បាប់ត្រឹមត្រូវ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ទៅដូរនឹងល្បែងភ្នាល់ឈ្នះចាញ់របស់អ្នកនយោបាយនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជារូបនេះដាស់តឿនថា បដិវត្តន៍ពណ៌អាចនឹងកើតឡើងយ៉ាងផុយស្រួយ ប្រសិនបើមេដឹកនាំកម្ពុជានៅតែមិនអាចធ្វើឱ្យសង្គមកម្ពុជាក្លាយទៅជាប្រទេសមួយដែលមាននីតិរដ្ឋពិតប្រាកដ។ លោកថា សង្គមជាតិមួយដែលគ្មានច្បាប់គ្រប់គ្រង នឹងក្លាយទៅជាសង្គមអណាធិបតេយ្យ ហើយភាពអណាធិបតេយ្យនេះកើតមានឡើងដោយសារតែអ្នកដឹកនាំអនុវត្តបទបញ្ជា ជាជាងអនុវត្តច្បាប់។
ការអះអាងរបស់ប្រធានសហភាពសហជីពកម្ពុជានេះ ធ្វើឡើងស្របពេលដែលមេដឹកនាំខ្មែរលោក ហ៊ុន សែន តែងគំរាមតាមកម្ទេចមិនរើសមុខអ្នកដែលបង្កសកម្មភាពឱ្យមានចលនាបដិវត្តពណ៌នៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលឯកបក្សរបស់លោក។
ចំណែកអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ប្រសិនបើកម្ពុជាជាប្រទេសដែលមានសន្តិភាពពិតប្រាកដមែន មិនមែនមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គំរាមកម្ទេចអ្នកដែលប្រឆាំង ឬតវ៉ានឹងការដឹកនាំនៃរដ្ឋាភិបាលរបស់លោក ដោយប្រើលេសចោទពលរដ្ឋខ្លួនឯងថាមានបំណងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួននោះទេ។
លោក សុខ សុគន្ធ អះអាងថា ការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃនេះ ពិតមែនថាគ្មានឈ្មោះជាបក្សកុម្មុយនីស្តលើទឹកដីកម្ពុជា ប៉ុន្តែមេដឹកនាំខ្មែរជាមេដឹកនាំមានចរិតកុម្មុយនីស្តទៅហើយ ដែលទទួលឥទ្ធិពលពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ដែលខ្លួនធ្លាប់ជាអតីតមេកម្មាភិបាលនៃរបបនោះកន្លងមក ដូច្នេះក្នុងសតិអារម្មណ៍មេដឹកនាំបែបនេះ គេតែងមើលឃើញពលរដ្ឋខ្លួនឯងសុទ្ធតែជាខ្មាំងសត្រូវជានិច្ច នៅពេលដែលមានការរិះគន់ពីការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួន។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងគំរាមពីការតាមកម្ទេចពលរដ្ឋរបស់ខ្លួន ប្រសិនបើពលរដ្ឋណាម្នាក់ហ៊ានបង្កើតចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ជាក់ស្តែង មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក ហ៊ុន សែន បានគំរាមថា លោកនឹងតាមកម្ទេចរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ឱ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ជាងនេះទៀត កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានអះអាងកាលពីពេលថ្មីៗនេះដែរថា បដិវត្តន៍ពណ៌មិនទាន់ទៅណាឆ្ងាយពីទឹកដីកម្ពុជានៅឡើយទេ ហើយការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា គឺអាចកើតមានគ្រប់ពេល។ លោកបន្ថែមថា ការខ្វែងទស្សនៈគ្នាដែលគ្មានក្រមសីលធម៌ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ដែលអាចបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា៕