27.5 C
Phnom Penh

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។

ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។

លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន លោក​ថា​មាន​គណបក្ស​ចំនួន​១៧ បាន​សម្រេច​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយ​មួយ​ចំនួន​គាត់​មិន​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​ទេ ប៉ុន្តែ​ពួកគេ​បាន​ត្រៀម​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣ វិញ។

លោក​បន្ត​ថា ពលរដ្ឋ​អាច​នឹង​យល់​បាន​ហើយ​ថា អ្វី​ទៅ​ដែល​គួរ​ធ្វើ អ្វី​ទៅ​ដែល​មិន​គួរ​ធ្វើ​អំឡុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​គ្រប់គ្រង​អំណាច​នោះ។

លោក ហ៊ុន សែន ក្រើន​រំឭក​ទៅ​អាជ្ញាធរ​ឱ្យ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដើម្បី​ឱ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ដូចៗ​គ្នា​ដែល​ជា​ការ​បង្ហាញ​ពី​បរិយាកាស​នយោបាយ​អព្យាក្រឹត។ តែ​យ៉ាងណា លោក ហ៊ុន សែន ចាត់ទុក​ការ​ថ្លែង​របស់​លោក​នា​ថ្ងៃ​នេះ មិនមែន​ជា​ការ​ឃោសនា​ទេ ប៉ុន្តែ​លោក​ថា​គ្រាន់តែ​ជា​ការ​បញ្ជាក់​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​ទាំង​ការ​វាយ ឬ​ការ​ជេរប្រមាថ​គ្នា​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា​មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ គ.ជ.ប នោះ​ទេ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ (និចហ្វិក) លោក សំ គន្ធាមី ចាត់ទុក​ការ​លើកឡើង​របស់ គ.ជ.ប មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បច្ចុប្បន្ន​មាន​តែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

ទោះបីជា​មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​វា​ហាក់​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ ដោយសារ​បច្ចុប្បន្ន ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​បាន និង​កំពុង​រង​ការ​គំរាមកំហែង និង​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ពី​អ្នក​មាន​អំណាច និង​កងកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ដោយ​រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​កម្ពុជា។

របាយការណ៍​ដដែល​ថា ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​ប្រឆាំង​អ្នកទោស​នយោបាយ ជាដើម។

ក្រៅពី​បញ្ហា​នេះ ក៏​មាន​ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាម​ទំនើង​ចិត្ត និង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ចាប់​ខ្លួន ឬ​កាត់ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស