34 C
Phnom Penh

អភិបាល​ខេត្ត​ត្បូងឃ្មុំ​ថា​មន្ត្រី​រាជការ​ល្អ ៩៩% និង​អំពាវនាវ​ពលរដ្ឋ​គាំទ្រ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ត្បូងឃ្មុំ ថា​កុំ​យក​មន្ត្រី​រាជការ​កម្ពុជា​ដែល​ល្អ ៩៩% ទៅ​ប្រៀប​ជាមួយ​មន្ត្រី​រាជការ​ខិលខូច​មួយ​ចំនួន​តូច និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។

អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ថា មាន​មន្ត្រី​រាជការ​តិចតួច​ប៉ុណ្ណោះ​ដែល​ជា​មន្ត្រី​ខិលខូច ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ខិតខំ​លះបង់​ច្រើន​ណាស់​ដើម្បី​ប្តូរ​យក​សន្តិភាព​សម្រាប់​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក ជាម ច័ន្ទសោភ័ណ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ បោះឆ្នោត​គាំទ្រ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​ឲ្យ​មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​រូប​នេះ​គ្រប់គ្រង​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​តែង​រិះគន់​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ មេសា នេះ​ថា ការ​លើកឡើង​របស់​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ គឺ​មាន​ចរិត​នយោបាយ​ការពារ​កំហុស​ឲ្យ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ គឺជា​ការ​រំលោភ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​រាជការ​របស់​រដ្ឋ​ដែល​ត្រូវ​បម្រើ​ពលរដ្ឋ​គ្រប់​និន្នាការ​យ៉ាង​ធ្ងន់ធ្ងរ។

លោក ហ៊ុន កុសល អះអាង​ថា ការ​លើកឡើង​របស់​លោក​អភិបាល​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា មន្ត្រី​រាជការ​សព្វថ្ងៃ​នេះ​មិនមែន​ជា​មន្ត្រី​របស់​ពលរដ្ឋ​នោះ​ទេ គឺជា​មន្ត្រី​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​ថា​ប្រសិនបើ​មន្ត្រី​ទាំងនោះ​ជា​មន្ត្រី​របស់​ពលរដ្ឋ ហើយ​ប្រព្រឹត្ត​នូវ​កំហុស ក៏​មិន​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែរ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ប្រព័ន្ធ​ដែល​គ្រប់គ្រង​មន្ត្រី​រាជការ​របស់​រដ្ឋ​ទៅជា​បណ្ដាញ​សមាជិក​បក្ស​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ ដូច្នេះ​ហើយ​ទើប​នៅ​ពេល​ជិត​បោះឆ្នោត​ម្តងៗ ពួកគេ​ប្រឹង​រក​លេស​ដោះសា និង​លុបលាង​កំហុស​របស់​មន្ត្រី​ដែល​ជា​បណ្ដាញ​បក្ខពួក​របស់​គេ​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើ​ពលរដ្ឋ​កន្លងមក។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​ធ្លាប់​បាន​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​គឺជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ពេលវេលា។

យ៉ាងណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​អំណាច​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ប្រើ​តួនាទី​របស់​ខ្លួន​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ឥត​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់​មក​នេះ។

ជាក់ស្តែង កាលពី​ចុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន ៨៤៣​គ្រួសារ ដែល​មាន​ដី​សរុប​ជិត ២​ពាន់​ហិកតារ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ស្រុក​ស្រែអំបិល និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ដីធ្លី​ឲ្យ​ពួកគេ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​កាន់​អំណាច​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួកគេ​នា​ពេល​កន្លងមក។

កាលពី​ឆ្នាំ​២០២០ អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ផ្តល់​ចំណាត់ថ្នាក់​ដល់​កម្ពុជា​ជាប់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ លើ​ពិភពលោក។ អង្គការ​មួយ​នេះ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ជា​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន ឬ​បុគ្គល​ដែល​មាន​តួនាទី និង​មាន​អំណាច​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស