ដី​ព្រៃ​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​បាន​គេ​ទន្ទ្រាន។ (រូបថត៖ ហ្វេសប៊ុក)

ជម្លោះដីធ្លី

មន្ទីរ​បរិស្ថាន៖ បុគ្គល​ម្នាក់​ច្រឡំ​ឈូស​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់​ជាង​៣០​ហិកតារ

By ឌឹ ខេមបូឌា ដេលី

April 24, 2022

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បុគ្គល​ម្នាក់​ដែល​ចូល​ឈូស​ឆាយ​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ អស់​ជាង ៣០​ហិកតារ​ដោយសារតែ​ច្រឡំ​មិន​ដឹង​ថា​ជា​ដី​ដែន​ជម្រក ហើយ​ក៏​បាន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​ដោយ​ឆ្លើយតប​ទៅ​នឹង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ សុខ ឧត្ដម បាន​ឱ្យ​ដឹង​ថា ករណី​ជនល្មើស​លួច​ឈូស​ឆាយ និង​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ កើតឡើង​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ចាប់ប្រាំង និង​ចំណុច​ថ្មបណ្ដើត នៅ​ក្នុង​ភូមិ​ដំណាក់ខ្លុង ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស។

បើ​តាម​មន្ទីរ​បរិស្ថាន​ដដែល​ឲ្យ​ដឹង​ថា ករណី​នេះ​មន្ត្រី​បាន​ចុះ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ព្រមទាំង​បាន​សាកសួរ​ដោយ​ជនសង្ស័យ​ឆ្លើយ​អះអាង​ថា ខ្លួន​មិន​បាន​ដឹង​ថា​ជា​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ទើប​ឈូស​ឆាយ​ច្រឡំ ហើយ​ខ្លួន​ក៏​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ដែរ។

កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា គណនី​ហ្វេសប៊ុក​ឈ្មោះ សុខ ឧត្ដម បាន​បង្ហោះ​សារ​ថា «ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ទេ! ដំរី​ងាប់​យក​ចង្អេរ​ទៅ​បាំង»។

សារ​នោះ​បន្ត​ថា កាល​ពី​ពេល​ថ្មីៗ សារព័ត៌មាន​ជាច្រើន​បាន​ចេញ​ផ្សាយ​ជុំវិញ​ការ​ប្រើ​គ្រឿងចក្រ​លួច​ឈូស​ឆាយ​រំលោភបំពាន​ទន្ទ្រាន​យក​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ជា​ដី​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៣ នៅ​ចំណុច​អូរ​ចាប់ប្រាំង និង​ចំណុច​ថ្មបណ្ដើត ស្ថិតនៅ​ក្នុង​ភូមិ​ដំណាក់ខ្លុង ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ពី​សំណាក់​ជន​ខិលខូច។

គណនី​ហ្វេសប៊ុក​ឈ្មោះ សុខ ឧត្ដម ថា​ទោះបីជា​មាន​ការ​លើកឡើង​បែប​នេះ​ក្ដី ប៉ុន្តែ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​លោក លែង សំអេត ជា​អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​កិច្ច​ការងារ​គាំពារ​ព្រៃឈើ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង និង​លោក ម៉ម ផល្លា ជា​ប្រធាន​មន្ទីរ​បរិស្ថាន ហាក់ដូចជា​នៅ​ទ្រឹង​ដោយ​ធ្វើ​ដូច​គ្មាន​អ្វី​កើតឡើង និង​មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ណា​ជូន​ដល់​មហាជន​ឱ្យ​បាន​ដឹង​សោះ។

តែ​យ៉ាងណា​ក៏ដោយ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​ច្រានចោល​ការ​លើកឡើង​នេះ និង​បាន​ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ហ្វេសប៊ុក​ឈ្មោះ សុខ ឧត្តម នោះ​ថែម​ទៀត ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​នោះ​ថា​មាន​លក្ខណៈ​ញុះញង់ បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត និង​ក្រុម​ការងារ​អន្តរ​ក្រសួង​ថែម​ទៀត​ផង។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក ម៉ម ផល្លា ជា​ប្រធាន​មន្ទីរ​បរិស្ថាន ដើម្បី​ធ្វើការ​បំភ្លឺ​បន្ថែម​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​ដែន​ជម្រក​សត្វ​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទំហំ​ដី​ជាង ៣០​ហិកតារ​ជា​ទំហំ​ធំ ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​ភាន់ច្រឡំ​ទេ ព្រោះ​មុន​នឹង​មាន​ការ​ឈូស​ឆាយ គឺ​គេ​មាន​ការ​សុំ​ច្បាប់​ច្បាស់លាស់ មាន​និយាមកា និង​ប្លង់​ត្រឹមត្រូវ​រួច​ទៅ​ហើយ។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន​ត្រូវ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ ហើយ​ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​ប្រព្រឹត្ត​ល្មើស ត្រូវ​ដាក់​ទោស​ទណ្ឌ រួម​ទាំង​រក​អ្នក​ពាក់ព័ន្ធ​ផង នោះ​ទើប​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ​បាន​ជោគជ័យ។

ក្រៅពី​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ បច្ចុប្បន្ន បឹង​ជាលា នៅ​មាត់​ទន្លេ​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​បាន​ឈ្មួញ​ចាក់​ដី​លុប​ផង​ដែរ។

បើ​យោង​តាម​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​៤ មាត្រា​៦២ ចែង​ថា ជន​ដែល​ប្រព្រឹត្ត​បទល្មើស​កាប់​គាស់ រុករាន និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ គឺ​ត្រូវ​រឹបអូស​វត្ថុ​តាង​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល​ដល់ ១៥០​លាន​រៀល៕