មន្ត្រី​ជាន់ខ្ពស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គេហដ្ឋាន​របស់​លោក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។

នយោបាយ

លោក កឹម សុខា៖ ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

By ឌឹ ខេមបូឌា ដេលី

April 27, 2022

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​របស់​លោក​ជាមួយ​រដ្ឋ​បរទេស គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​រួម​របស់​ជាតិ និង​ពលរដ្ឋ​ខ្មែរ ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក សម្ដែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ មេសា ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove បាន​មក​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន​របស់​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នោះ​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នា​ពេល​នេះ។

លោក កឹម សុខា អះអាង​ថា ក្នុង​ជំនួប​នេះ លោក Paul Grove បាន​ពិភាក្សា​ជាមួយ​លោក​លើ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ទាំង​ពេល​កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត ក៏ដូចជា​បញ្ហា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផង​ដែរ។

លោក កឹម សុខា បញ្ជាក់​ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​សម្ដែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ខ្លាំង ក្នុង​នោះ​លោក Paul Grove បាន​លើកឡើង​អំពី​ដំណើរការ​នៃ​សវនាការ​របស់​តុលាការ​កម្ពុជា ដែល​បាន​ចោទប្រកាន់​លើ​រូបលោក​ពី​បទ​ឃុបឃិត​ជាមួយ​អង្គការ​នានា និង​រដ្ឋ​បរទេស ដែល​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ​ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​ចោទប្រកាន់​នេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove ដែល​ជា​មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ (Appropriation Committee) នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ក្នុង​កិច្ចការ​គ្រប់គ្រង​ធនធាន​ថវិកា ក៏ដូចជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាប់​អារម្មណ៍​ខ្លាំង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​ជា​ឈ្មោះ​ជា​ប្រទេស​ដែល​បាន​ឃុបឃិត​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ។

ទោះបីជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សេរីភាព​ក្រោម​បទ​ចោទ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ ក៏​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​បាន​បណ្ដាក់​គ្នា​មក​ជួប​លោក​ជា​ហូរហែ។ ជាក់ស្តែង សកម្មភាព​ការទូត​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ដើម​ឆ្នាំ​២០២២ នេះ បាន​ធ្វើ​ឡើង​ជាង ១០​លើក​មក​ហើយ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​អញ្ជើញ​ឲ្យ​លោក​ទៅ​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ថែម​ទៀត​ផង។

ទោះជា​យ៉ាងណា​ក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​បាន​អូស​បន្លាយ​សវនាការ​របស់​លោក​ចំនួន ៣៧​លើក​ហើយ ប៉ុន្តែ​តុលាការ​នៅតែ​មិន​អាច​កាត់ទោស​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​លោក ហ៊ុន សែន អះអាង​ថា ករណី​របស់​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​២០២៤ បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ រួច៕