40.3 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ដក​បម្រាម​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​ដក​បម្រាម​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​តាម​ទី​សាធារណៈ ក្រោយ​ករណី​ឆ្លង​កូវីដ-១៩ បាន​ធូរស្បើយ លើកលែងតែ​នៅ​ទីកន្លែង​បិទ​ជិត។

ការ​សម្រេច​នេះ ធ្វើឡើង​នា​កិច្ចប្រជុំ​របស់​គណៈកម្មការ​ប្រឆាំង​កូវីដ-១៩ និង​អ្នក​ពាក់ព័ន្ធ​នា​ល្ងាច​ថ្ងៃ​ទី​២៥ មេសា។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ណែនាំ​ជា​ខ្សែអាត់​សំឡេង​ជិត ១៧​នាទី នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ​ដោយ​បាន​បញ្ជា​ឱ្យ​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចំពោះ​ទីកន្លែង​សាធារណៈ និង​ទីកន្លែង​បើក​ចំហ​នានា​ក្រៅតែ​ពី​ទីកន្លែង​បិទ​ជិត។

ដ្បិតតែ​រដ្ឋាភិបាល​ទុក​លទ្ធភាព​ឱ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​ក្នុង​ការ​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ដោយ​ខ្លួនឯង​នៅ​ទី​សាធារណៈ ប៉ុន្តែ​នៅ​ក្នុង​សារ​សំឡេង​ដដែល​បាន​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កកកុញ និង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​ថា​មាន​កូវីដ-១៩ ដែរ។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​កម្ពុជា លោក ហ៊ុន សែន ក៏​នៅតែ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​សហគមន៍ ខណៈ​នៅ​មាន​ពលរដ្ឋ​ជាង ៦​លាន​នាក់​ទៀត​ដែល​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​នេះ។ ការ​ចាក់​ដូស​ទី​៣ នេះ បើ​ទោះបីជា​លោក​ធ្លាប់​កំណត់​ថា​ជា​វ៉ាក់សាំង​កាតព្វកិច្ច​ក៏ដោយ ក៏​មិន​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​ច្បាប់ ឬ​រដ្ឋបាល​ណា​មួយ​នោះ​ទេ គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ដដែល។

កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដែល​ជា​វ៉ាក់សាំង​កាតព្វកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​សុពលភាព​ប័ណ្ណ​វ៉ាក់សាំង​កូវីដ-១៩ ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​មួយ​ដែល​គ្មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឬ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ដែល​គ្មាន​សុពលភាព​សម្រាប់​ដូស​ទី​៣ ចូល​បម្រើការ​នៅ​រោងចក្រ សហគ្រាស មណ្ឌល​កម្សាន្ត ផ្សារ​រដ្ឋ និង​គ្រឹះស្ថាន​សិក្សា​នោះ​ឡើយ។

លោក ឃួង ស្រេង អះអាង​ថា ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​នៅតែ​បន្ត​គេចវេស​មិន​អនុវត្ត​កាតព្វកិច្ច​ទាក់ទង​នឹង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដែល​ជា «វ៉ាក់សាំង​កាតព្វកិច្ច» ស្របតាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន។

កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​សាកល្បង​ដាក់​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ទៀត​នោះ​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ មេសា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ដែល​បាន​រក​ឃើញ​ចំនួន ២​នាក់ សុទ្ធតែ​ជា​អ្នក​ឆ្លង​ប្រភេទ​អូមីក្រុង និង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់។ ចំណែក​អ្នក​ជា​សះស្បើយ​ថ្មី​វិញ ក្រសួង​ថា​មាន​ចំនួន ២៣​នាក់។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ មេសា នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន​ជាង ១​សែន ៣​ម៉ឺន​នាក់ (១៣៦២៣០​នាក់) ក្នុង​នោះ​អ្នក​ជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង ១​សែន​នាក់ (១៣២៩៦៨​នាក់) និង​អ្នក​ស្លាប់​មាន​ចំនួន​ជាង ៣​ពាន់​នាក់ (៣០៥៦​នាក់)។ ចំណែក​ករណី​ឆ្លង​អូមីក្រុង​ក្នុង​សហគមន៍​វិញ ក្រសួង​ថា​គិត​មក​ដល់​ពេលនេះ​បាន​កើន​ដល់ ១​ម៉ឺន ៤​ពាន់​នាក់ (១៤៤២៧​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស