ជំនួបកំពូលរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយប្រធានាធិបតីរុស្ស៊ី អំពីសង្គ្រាមនៅអ៊ុយក្រែន បានបិទបញ្ចប់ជាមួយនឹងការផ្ដល់ក្ដីសង្ឃឹមពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថាការចរចាជាមួយអ៊ុយក្រែនអាចបន្តបានទៀត។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២៦ មេសា។ ក្នុងដំណើរដើម្បីស្វែងរកសន្តិភាពចំពោះប្រទេសអ៊ុយក្រែន ដែលធ្លាក់ក្រោមការឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្រោមការបញ្ជាឱ្យលុកលុយដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន តាំងពីថ្ងៃទី២៤ កុម្ភៈ ដែលមកដល់ថ្ងៃពុធ ទី២៧ មេសា នេះ មានរយៈពេល ៦៣ថ្ងៃហើយ។ នៅក្នុងជំនួបជាមួយលោក ពូទីន លោក Antonio Guterres ទទួលបាននូវពាក្យថារុស្ស៊ីចង់បន្តការចរចាឡើងវិញនៅខណៈមេដឹកនាំរុស្ស៊ីផ្ដាច់ការមួយនេះបដិសេធនូវការចោទថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជន និងកងទ័ពអ៊ុយក្រែន។
អង្គុយនៅតុរាងពងក្រពើ ភាគីទាំងពីរអង្គុយឆ្ងាយពីគ្នា ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌស្មើភាព គឺពុំមែនចៅហ្វាយ និងកូនចៅនោះទេ គឺពុំឃើញមានជំនួយការអង្គុយអមនោះទេ។
លោក Guterres ដែលព្យាយាមស្ដាប់លោក ពូទីន ពន្យល់អំពីមូលហេតុនៃសង្គ្រាមនៅលើប្រទេសអ៊ុយក្រែន គឺលោក Guterres ទទួលបានភ្លើងខៀវពីលោក ពូទីន ដែលព្រមឱ្យមានក្រុមភ្នាក់ងារនៃអង្គការកាកបាទក្រហមអន្តរជាតិចូលទៅទីក្រុងម៉ារីយូប៉ូល ដើម្បីពិនិត្យ និងជួយគាំពារផ្នែកមនុស្សធម៌ដល់ប្រជាជនរបស់ទីក្រុងនេះ ដែលរុស្ស៊ីប្រកាសថាបានធ្លាក់ក្រោមការកាន់កាប់ដោយកងទ័ពរុស្ស៊ីហើយនោះ។
ក្រោយពីជំនួបជាមួយលោក ពូទីន លោក Guterres ក៏បានជួបនឹងលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។ ជំនួបរបស់អ្នកទាំងពីរពោរពេញដោយមន្ត្រីអង្គុយហែហម។ ក្រោយបន្តិច អ្នកទាំងពីរបានធ្វើសន្និសីទកាសែតរួមគ្នា។ តាមទីភ្នាក់ងារព័ត៌មាន AFP លោក Guterres បានប្រាប់អ្នកកាសែតនៅចំពោះមុខលោករដ្ឋមន្ត្រី Sergey Lavrov ថា លោកចង់ធ្វើអ្វីទាំងអស់ដែលអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើបាន និងធ្វើអ្វីទាំងអស់ដែលអាចទៅរួច ដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោកប្រាថ្នាចង់ឱ្យរុស្ស៊ី និងអ៊ុយក្រែន ធ្វើការជាមួយគ្នាដើម្បីបើកច្រកផ្លូវមនុស្សធម៌ដោយសុវត្ថិភាព ដោយមានក្រុមការងារអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួល។
ចំណែកលោក Sergei Lavrov បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីត្រៀមខ្លួនរួចរាល់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីជួយជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់ទៀតថា៖ គោលបំណងរបស់រុស្ស៊ីជាចម្បង គឺការពារជនស៊ីវិល ហើយរុស្ស៊ីត្រៀមខ្លួនរួចរាល់ធ្វើការងារនេះជាមួយភ្នាក់ងារមកពីអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយស្ថានភាពឈឺចាប់របស់ជនស៊ីវិល។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ស្ថានការណ៍ធ្ងន់ធ្ងរដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន បានបង្ខំអង្គការពិភពលោកនេះបង្កើនការអំពាវនាវសុំជំនួយជាងទ្វេដងសម្រាប់ប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់ថា មានការគិតថាសង្គ្រាមរបស់រុស្ស៊ីឈ្លានពាននៅអ៊ុយក្រែន នៅទីបំផុតអាចធ្វើឱ្យមនុស្ស ៨លាន ៣សែននាក់ភៀសខ្លួនពីប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងគណៈប្រតិភូរបស់លោកត្រូវចាកចេញពីទីក្រុងមូស្គូ នៅថ្ងៃទី២៧ មេសា ហើយសំដៅទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។
នៅរដ្ឋធានីគៀវ លោក Guterres នឹងស្ដាប់ការពន្យល់ និងការស្នើដំណោះស្រាយពីលោកប្រធានាធិបតី Volodymir Zelenskyy អំពីវិបត្តិរបស់ប្រទេសអ៊ុយក្រែន ដែលធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានទាមទារឱ្យលោក Guterres មកជួបលោក គឺមុនលោកទៅជួបលោក ពូទីន។ មើលទៅ លោក Zelenskyy ចង់ឱ្យលោក Guterres នាំពាក្យសម្ដី និងដំណោះស្រាយរបស់លោកទៅប្រាប់លោក ពូទីន។
តែយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានបង្ហាញភាពម៉ឺងម៉ាត់អំពីការទូតនៅក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ បើទោះបីជាមានកិច្ចប្រឹងប្រែងជាច្រើនពីអន្តរជាតិក៏ដោយ។ លោក Blinken បានថ្លែងដូចនេះខណៈលោកប្រាប់ទៅគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោកថា មកដល់ពេលនេះមិនបានឃើញសញ្ញាណាមួយដែលថា លោកប្រធានាធិបតី Putin មានភាពម៉ឺងម៉ាត់ចំពោះការចរចាប្រកបដោយផ្លែផ្កានោះទេ។
តាមលោក Blinken សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន ភាគច្រើនស្របគ្នានូវអ្វីដែលអ៊ុយក្រែនត្រូវការ ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី គឺសហរដ្ឋអាមេរិកអាចផ្ដល់តាមសំណើ។ លោក Blinken បានប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទៀតថា លោកបានពិភាក្សាអំពីតម្រូវការទាំងនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសអ៊ុយក្រែន។
ស្របពេលសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនឈានដល់ខែទី៣ សហរដ្ឋអាមេរិកបានកោះប្រជុំរដ្ឋមន្ត្រីការពារជាតិជិត ៤០ប្រទេសដែលជាសម្ព័ន្ធរបស់អាមេរិក។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅលើទឹកដីអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ មេសា។ គោលដៅនៃកិច្ចប្រជុំនេះ គឺក្រុងវ៉ាស៊ីនតោនចង់ទាញកម្លាំងរួមគ្នាជួយប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបង្ហាញទំនុកចិត្តថា ប្រទេសអ៊ុយក្រែនអាចយកឈ្នះលើប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមជាងពីរខែមកនេះ។
លោកថ្លែងថា៖ ការតស៊ូរបស់អ៊ុយក្រែនបានផ្ដល់ការជំរុញទឹកចិត្តដល់ពិភពលោកសេរី ហើយអ៊ុយក្រែនខ្លួនគេវិញជឿជាក់ថា អ៊ុយក្រែនអាចឈ្នះ បើគ្រប់គ្នានៅបន្តជួយអ៊ុយក្រែនថែមទៀត។
ចំពោះអ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយនៅមុនកិច្ចប្រជុំរបស់សម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការណាតូ (NATO) ដែលលោកថា រចនាសម្ព័ន្ធយោធារបស់ប្រទេសរុស្ស៊ី ចុះខ្សោយរួចទៅហើយ បន្ទាប់ពីប្រទេសនេះបានធ្វើសង្គ្រាមលើអ៊ុយក្រែនក្រោមទណ្ឌកម្មរបស់ពិភពលោក និងកម្លាំងវាយបករបស់កងទ័ពអ៊ុយក្រែន។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានព្រមាន គឺព្រមានចំពេលមានកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិជាសម្ព័ន្ធមិត្តអាមេរិកជិត ៤០ប្រទេស។
លោក Lavrov ព្រមានថា ក្រុមបស្ចិមប្រទេសកុំមើលស្រាលឱ្យសោះថារុស្ស៊ីមិនហ៊ានបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ គឺប្រាកដណាស់ រុស្ស៊ីនឹងអាចធ្វើបានបើផ្ទុះសង្គ្រាមជាមួយយោធាណាតូ៕