សន្តិភាព និងសេរីភាព គឺសុទ្ធតែសំខាន់សម្រាប់មនុស្សជាតិ ប៉ុន្តែតម្លៃរបស់វាគឺប្រែប្រួលទៅតាមជំហររបស់មនុស្ស។ គេនិយាយថា ត្រូវការមនុស្សពីរនាក់ដើម្បីសន្តិភាព ប៉ុន្តែត្រូវការមនុស្សតែម្នាក់ប៉ុណ្ណោះដើម្បីបង្កសង្គ្រាម។
សម្រាប់ជនកំសាក គេតែងតែលើកឡើងអំពីតម្លៃសន្តិភាពជាខែលនៃការមិនហ៊ានតស៊ូប្រយុទ្ធ និងសុខចិត្តរស់នៅដោយរណបជាមួយនឹងអ្នកដែលខ្លាំងជាងខ្លួន។ រីឯជនផ្ដាច់ការដែលមានអំណាចខ្លាំង គេតែងតែចង់ឱ្យមនុស្សដែលស្ថិតក្រោមអំណាចរបស់ខ្លួន ធ្វើអ្វីៗតាមខ្លួន ដើម្បីទទួលបានសន្តិភាព។
ជាក់ស្តែង លោក ហ៊ុន សែន តែងតែធ្វើតាមប្រទេសវៀតណាមដើម្បីទទួលបានសន្តិភាព និងតែងតែចង់ឱ្យប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាធ្វើអ្វីៗតាមគាត់ ដើម្បីទទួលបានសន្តិភាព ឬសេចក្តីសុខ។ ប៉ុន្តែគេក៏ឃើញមានក្រុមមនុស្សដែលក្លាហានហ៊ានតស៊ូប្រឆាំងនឹងអំពើជិះជាន់ផងដែរដើម្បីសេរីភាព។ សម្រាប់ក្រុមមនុស្សបែបនេះ សេរីភាពគឺមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះពួកគេមិនព្រមរស់នៅក្រោមនឹមធ្វើជាអាយ៉ងប្រទេស ឬក្រុមណាមួយ។
លោក ហ៊ុន សែន តែងតែខំបង្ហាញប្រជាពលរដ្ឋខ្មែរ និងពិភពលោកថាគាត់ជាអ្នកស្រឡាញ់សន្តិភាព និងជាអ្នកកសាងសន្តិភាពក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអំនួតបែបនេះ លោក ហ៊ុន សែន ប្រឹងព្យាយាមធ្វើខ្លួនឱ្យក្លាយជានិមិត្តរូបសន្តិភាព។
គាត់បានឱ្យគេសរសេរយីហោ «អរគុណសន្តិភាព» នៅកញ្ចប់អំណោយផ្សេងៗ និងព្យួរតាមស្ថាប័នរដ្ឋ និងឯកជននានា។ ពលរដ្ឋដែលបានទទួលអំណោយរបស់រដ្ឋ និងសប្បុរសជនទាំងនោះត្រូវបានគេបង្គាប់ឱ្យនិយាយថា អរគុណសន្តិភាព។
ស្រដៀងគ្នានេះដែរ បុគ្គលិកក្នុងស្ថាប័នរដ្ឋ និងឯកជនខ្លះ ត្រូវបានគេតម្រូវឱ្យតម្រង់ជួរចូលគោរពផ្លាក “អរគុណសន្តិភាព” ម្តងម្នាក់ៗប្រៀបដូចគេចូលគោរពពិធីបុណ្យសពអ៊ីចឹងដែរ។ បន្តិចទៀត បរិពារលោក ហ៊ុន សែន អាចនឹងតម្រូវឲ្យមនុស្សម្នាផងពួងហៅលោក ហ៊ុន សែន ថាបិតាសន្តិភាព ជាបរិវារស័ព្ទតភ្ជាប់នឹងគោរមងាររបស់លោកមិនខានឡើយ។
លោក ហ៊ុន សែន ប្រហែលជាគិតថាប្រជាពលរដ្ឋខ្មែរត្រូវការពាក្យសន្តិភាពនេះជាងអ្វីៗទាំងអស់។ ដើម្បីបង្ក្រាបក្រុមប្រឆាំង និងសកម្មជន លោក ហ៊ុន សែន តែងតែស្រែកថាលោកនឹងកម្ចាត់ចោលទាំងអស់ ទោះជាក្នុងតម្លៃណាក៏ដោយ គឺដើម្បីការពារសន្តិភាព។ ប៉ុន្តែទោះបីជាលោក ហ៊ុន សែន និងរបបគាត់ខំប្រឹងប្រែងយកយីហោសន្តិភាពនេះមកឃោសនាយ៉ាងណាក្តី ក៏វាហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការទាក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរដើម្បីទទួលស្គាល់គាត់ថាជាវីរបុរសសន្តិភាពអ្វីនោះដែរ។
គេអាចធ្វើការអះអាងបែបនេះ ដោយប្រៀបធៀបរូបភាពបិតាសន្តិភាពរបស់លោក ហ៊ុន សែន ទៅនឹងរូបភាពបិតាឯករាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ។
ចំពោះសម្តេច សីហនុ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានផ្តល់តម្លៃជាបិតាឯករាជ្យជាតិបន្ទាប់ពីព្រះអង្គទាមទារឯករាជ្យពីអាណានិគមបារាំងនាឆ្នាំ១៩៥៣។ ដូច្នេះ តើអ្វីទៅជាមូលហេតុដែលយុទ្ធនាការលើកខ្លួនជាបិតាសន្តិភាពរបស់លោក ហ៊ុន សែន គ្មានប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ?
គេពិបាករកចម្លើយប្រាកដនិយមក្នុងការឆ្លើយទៅនឹងសំណួរនេះ ដោយមិនធ្វើការស្ទង់មតិប្រកបដោយវិជ្ជាជីវៈតាមបែបវិទ្យាសាស្ត្រនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គេពុំដែលឃើញមានការសិក្សាណាមួយបែបនោះឡើយ។ តែទោះជាយ៉ាងណាក្តី ក៏គេនៅតែអាចសាកល្បងធ្វើការវិភាគជាទូទៅមួយអំពីប្រភេទ និងតម្លៃសន្តិភាពសម្រាប់មនុស្សជាតិ។ គេអាចលើកយកករណីសិក្សាមួយចំនួនមកធ្វើការសិក្សា និងវិភាគ ដូចជាករណីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ និងករណីមួយចំនួនទៀតដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រមនុស្សលោក។
តទៅនេះជាការសាកល្បងគិតល្អិតល្អន់មួយដើម្បីវិភាគប្រៀបធៀប។
ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ។ ប្រទេសរុស្ស៊ីជាប្រទេសធំ និងជាប្រទេសមហាអំណាចយោធាដ៏មហិមាមួយក្នុងលោក ដែលមានសព្វាវុធទំនើប និងចំនួនកងទ័ពច្រើនជាងប្រទេសអ៊ុយក្រែនឆ្ងាយណាស់។
កាលពីឆ្នាំ២០១៤ ប្រទេសរុស្ស៊ីធ្លាប់ប្រើកម្លាំងទ័ពកាត់ផ្តាច់តំបន់ Crimea ជាដីរបស់អ៊ុយក្រែនដាក់បញ្ចូលទៅក្នុងដែនដីរបស់ប្រទេសរុស្ស៊ី។ ពេលនោះ កងទ័ពអ៊ុយក្រែនមិនអាចធ្វើអ្វីរុស្ស៊ីកើតទេ។ នៅពេលរុស្ស៊ីបើកការវាយលុកនាថ្ងៃទី២៤ កុម្ភៈ នោះ ប្រទេសរុស្ស៊ីបានប្រកាសផែនការវាយគ្រប់គ្រងអ៊ុយក្រែនតែក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។
ពលរដ្ឋអ៊ុយក្រែន និងពិភពលោកក៏ប្រហែលជាគិតដូច្នោះដែរ ព្រោះមានអ្នកជំនាញការសន្តិសុខបស្ចិមប្រទេសខ្លះបានគិតគូរអំពីផែនការជម្លៀសលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ទៅរកកន្លែងដែលមានសុវត្ថិភាព។
បើគេពិនិត្យមើលព្រឹត្តិការណ៍រុស្ស៊ីកាត់យកដីតំបន់ Crimea ក្នុងឆ្នាំ២០១៤ គេអាចយល់ថា កងទ័ពនៃប្រទេសអ៊ុយក្រែនមានភាពទន់ខ្សោយជាងកងទ័ពរុស្ស៊ីឆ្ងាយណាស់ ព្រោះថាសូម្បីតែប្រទេសរុស្ស៊ីកាត់យកដីរបស់ខ្លួនក្តី ក៏ប្រទេសអ៊ុយក្រែនមិនអាចតតាំងនឹងប្រទេសរុស្ស៊ីបានដែរ។ អ៊ីចឹងវាមានន័យថា ប្រទេសអ៊ុយក្រែនខ្លាចប្រទេសរុស្ស៊ី ហើយប្រាកដជាមានការបារម្ភខ្លាំងនៅពេលដែលប្រទេសរុស្ស៊ីធ្វើការគំរាមកំហែងមុនពេលលើកទ័ពចូលឈ្លានពាន។
ក្នុងកាលៈទេសៈបែបនោះ មេដឹកនាំអ៊ុយក្រែនអាចមានផ្លូវពីរសម្រាប់ធ្វើការសម្រេចចិត្ត គឺទី១ ត្រូវធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ី ដើម្បីសន្តិភាព និងទី២ ត្រូវប្រឆាំងនឹងការទាមទាររបស់ប្រទេសរុស្ស៊ីដើម្បីសេរីភាព។
ប្រសិនបើមេដឹកនាំប្រទេសអ៊ុយក្រែនជ្រើសរើសយកផ្លូវទី១ ដែលធ្វើតាមការចង់បានរបស់ប្រទេសរុស្ស៊ី ដើម្បីសន្តិភាព នោះប្រទេសអ៊ុយក្រែនអាចជៀសផុតពីសង្គ្រាម។ ប៉ុន្តែពេលនោះ ជនជាតិអ៊ុយក្រែន ត្រូវតែរស់នៅដោយគ្មានសេរីភាព រណបប្រទេសរុស្ស៊ី និងត្រូវតែគាំទ្រ ឬធ្វើតាមអ្វីដែលប្រទេសរុស្ស៊ីចង់បាន ឬតម្រូវដូចដែលរបបលោក ហ៊ុន សែន ធ្លាប់ធ្វើតាមប្រទេសវៀតណាម និងតែងតែគាំទ្រប្រទេសចិនគ្រប់រឿងអ៊ីចឹង។
ឧបមាថា ប្រទេសអ៊ុយក្រែនអាចសុខចិត្តរណប ឬធ្វើជាអាយ៉ងរបស់ប្រទេសរុស្ស៊ី ដើម្បីទទួលបានសន្តិភាព នោះមិនមែនជាកម្មសិទ្ធិរបស់ប្រទេសអ៊ុយក្រែនឡើយ តែជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។ ដូច្នេះ វាជាសន្តិភាពហេងស៊យដែលអាស្រ័យលើអារម្មណ៍របស់ប្រទេសរុស្ស៊ី និងជាសន្តិភាពដែលពលរដ្ឋអ៊ុយក្រែនអាចទទួលបានជាថ្នូរនឹងការរស់នៅដោយគ្មានសេរីភាព បាត់បង់អធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងប្រកបដោយសេចក្តីភ័យខ្លាចតកូនតចៅ។ សន្តិភាពបែបនេះ គឺជាសន្តិភាពដែលលោក ហ៊ុន សែន កំពុងផ្តល់ជូនពលរដ្ឋខ្មែរ និងសមាជិកគណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។
ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ននេះ បានសម្រេចជ្រើសរើសយកផ្លូវទី២ គឺប្រយុទ្ធស៊ូស្លាប់រស់ដើម្បីសេរីភាព។ ការសម្រេចចិត្តបែបនោះ បាននាំឱ្យប្រទេសរុស្ស៊ីលើកទ័ពចូលឈ្លានពាន និងទម្លាក់គ្រាប់លើទីតាំងសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនយ៉ាងសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យមានការខូចខាត និងស្លាប់បាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ។
ថ្វីបើការសម្រេចចិត្តបែបនេះនាំឱ្យមានវិនាសកម្ម និងមហន្តរាយដ៏ធំធេងចំពោះប្រទេស និងពលរដ្ឋអ៊ុយក្រែនមែន តែគេឃើញជនជាតិអ៊ុយក្រែនទាំងក្នុង និងក្រៅប្រទេស គាំទ្រការសម្រេចចិត្តរបស់មេដឹកនាំខ្លួន។ ជាសក្ខីភាព ប្រជាពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រី ជាពិសេសអ្នកកំពុងរស់នៅក្រៅប្រទេស បានស្ម័គ្រចិត្តចូលរួមកាន់អាវុធការពារមាតុភូមិជាមួយនឹងរដ្ឋាភិបាលរបស់ខ្លួន។
ចំណុចនេះអាចបញ្ជាក់ថា ប្រជាពលរដ្ឋអ៊ុយក្រែនសុខចិត្តប្រយុទ្ធ ឬស៊ូស្លាប់ដើម្បីសេរីភាព។
ដូច្នេះ គេអាចសន្និដ្ឋានថា ប្រជាពលរដ្ឋអ៊ុយក្រែនឲ្យតម្លៃសេរីភាពខ្ពស់ជាង សំខាន់ជាងអ្វីៗទាំងអស់ ដោយរួមទាំងជីវិតផ្ទាល់ខ្លួនផង។
ដូច្នេះ តើគេអាចនិយាយបានថា ប្រជាពលរដ្ឋអ៊ុយក្រែនត្រូវការសេរីភាពជាជាងសន្តិភាពមែនឬទេ?
ការសុខចិត្តប្រយុទ្ធតតាំងជាមួយប្រទេសរុស្ស៊ី ដើម្បីសេរីភាពនោះក៏អាចបញ្ជាក់ថា ពួកគេចង់បានសន្តិភាពដែរ តែគឺជាសន្តិភាពមួយពិតប្រាកដ និងស្ថិតក្នុងដៃជនជាតិអ៊ុយក្រែន។ ចំណុចនេះគឺស្រដៀងគ្នាទៅនឹងការតស៊ូរបស់បណ្ឌិត ម៉ាទីន លូស៊ើឃីង ក្នុងប្រទេសអាមេរិក នាអំឡុងឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៨ និងការតស៊ូរបស់លោក មហាត្មះ គន្ធី ក្នុងប្រទេសឥណ្ឌានាអំឡុងឆ្នាំ១៩២១ ដល់ឆ្នាំ១៩៤០ ដែរ។
បើគេពិនិត្យមើលចលនាតស៊ូដោយអហិង្សាក្នុងប្រទេសអាមេរិក និងប្រទេសឥណ្ឌា គេអាចយល់ថា សេរីភាព ឬឯករាជភាពពិតជាមានតម្លៃជាងអ្វីៗទាំងអស់។ ក្នុងសម័យកាលនៃការតស៊ូរបស់បណ្ឌិត ម៉ាទីន លូស៊ើឃីង ប្រទេសអាមេរិកពុំមានសង្គ្រាមទេ និងកំពុងមានសន្តិភាពពេញលេញ ប៉ុន្តែជនជាតិអាមេរិកស្បែកខ្មៅពុំមានសេរីភាព និងទទួលរងការរើសអើង ប្រកាន់ពូជសាសន៍ពីពួកស្បែកស។ ដូច្នេះ ការដឹកនាំចលនាតស៊ូដោយអហិង្សារបស់បណ្ឌិត ម៉ាទីន លូស៊ើឃីង នៅពេលនោះ គឺដើម្បីទាមទារសេរីភាព និងសមភាពសម្រាប់ជនជាតិអាមេរិកស្បែកខ្មៅ។
ដូចគ្នានេះដែរ ក្នុងសម័យកាលដឹកនាំចលនាតស៊ូដោយអហិង្សារបស់លោក មហាត្មះ គន្ធី ប្រទេសឥណ្ឌាគ្មានសង្គ្រាមទេ តែប្រជាពលរដ្ឋឥណ្ឌារស់នៅដោយគ្មានសិទ្ធិសេរីភាព រស់ក្រោមនឹមអាណានិគមរបស់ប្រទេសអង់គ្លេស។ ពេលនោះ លោក គន្ធី ដឹកនាំចលនាអហិង្សាដើម្បីតស៊ូទាមទារឯករាជ្យ និងសេរីភាពជូនជាតិ និងប្រជាពលរដ្ឋឥណ្ឌា។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋឥណ្ឌាចង់បានតែត្រឹមសន្តិភាពដោយមិនខ្វល់អំពីសេរីភាព ម្ល៉េះជនជាតិឥណ្ឌាត្រូវបន្តរស់នៅក្រោមការត្រួតត្រានៃប្រទេសអង់គ្លេស។
នៅប្រទេសកម្ពុជាវិញ កងទ័ពវៀតណាមប្រមាណ ២សែននាក់ត្រួតត្រាកាន់កាប់ទឹកដីខ្មែរ បន្តុបរដ្ឋអំណាចរណបក្រុងហាណូយ ដាក់ជំនាញការបង្គាប់បញ្ជា ដោតកន្លុះញាក់ខ្សែតាមគ្រប់ក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យ ទាំងរដ្ឋបាលស៊ីវិល ទាំងអង្គភាពកងទ័ព ហើយបន្សល់ទុករហូតដល់សព្វថ្ងៃ។
បើពលរដ្ឋខ្មែរមិនតស៊ូ មិនប្រយុទ្ធរើបម្រះទាមទារសិទ្ធិសេរីភាព ឯករាជភាព អធិបតេយ្យជាតិក្នុងទសវត្ស១៩៨០ ទេនោះ សហគមន៍អន្តរជាតិក៏មិនខ្វល់រឿងខ្មែរជួយរកសន្តិភាពឲ្យខ្មែរទូទៅដែរ។
បើគេផ្អែកលើករណីរបស់ប្រទេសអ៊ុយក្រែនបច្ចុប្បន្ន និងការតស៊ូរបស់បណ្ឌិត ម៉ាទីន លូស៊ើឃីង និងលោក មហាត្មះ គន្ធី ក្នុងអតីតកាលនោះ គេអាចមើលឃើញថា សេរីភាពជាអាទិភាព និងអត្ថិភាពដំបូងបំផុតដែលមនុស្សត្រូវការ ព្រោះវាជាមូលដ្ឋានគ្រឹះនៃការនាំមកនូវសន្តិភាពពិតប្រាកដ។
ដូច្នេះ ថ្វីបើការតស៊ូដើម្បីសេរីភាព តែលទ្ធផលចុងក្រោយនោះគឺដើម្បីសន្តិភាពមួយពិតប្រាកដដែលពួកគេអាចបានដោយមានសេរីភាព និងឯករាជ្យយូរអង្វែងប្រកបដោយសេចក្តីថ្លៃថ្នូរ និងគ្មានការគំរាមកំហែង៕