30 C
Phnom Penh

ទីក្រុង​គៀវ​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល ខណៈ​ប្រធាន​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ទឹកមុខ​ក្រៀមក្រំ ខណៈ​សំឡឹង​ទៅ​មើល​អគារ​ជាច្រើន​រង​ការ​បំផ្លាញ ហើយ​ហួស​បន្តិច​ទៅ​ដល់​តំបន់​បូចា ទៅ​ពិនិត្យ​មើល​ផ្នូរ​សព​ជនស៊ីវិល​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ហៅថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ក្នុង​ស្ថានភាព​ដូច​នេះ​ហើយ​ដែល​លោក Guterres បាន​ប្រាប់​ទៅ​របប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យ​បញ្ជូន​អ្នកជំនាញ​មក​ចូលរួម​នឹង​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ផ្នូរ​កប់​សព​ជនស៊ីវិល​រាប់​រយ​នាក់​នៅ​តំបន់​បូចា ដែល​ពួកគេ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ នៅ​ពេល​ឃើញ​អគារ​បែកបាក់ ហើយ​ខ្លះ​ត្រូវ​គ្រាប់​ឆេះ​ខ្លោច លោក Guterres នឹកស្រមៃ​ថា ប្រសិនបើ​ក្រុម​គ្រួសារ​របស់​លោក​ជួប​រឿង​បែប​នេះ ថា​តើ​លោក​នឹង​មាន​ទុក្ខព្រួយ​យ៉ាង​ណា។

លោក​គិត​ទៀត​ថា ចុះបើ​ជា​ចៅ​តូចៗ​របស់​លោក ភ័យ​តក់ស្លុត យំ​ស្រែក​រត់​រក​កន្លែង​ជ្រក​គេច​ពី​ការ​ទម្លាក់​គ្រាប់​វិញ ថា​តើ​ពួកគេ​មាន​ទុក្ខសោក​យ៉ាងណា។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា សតវត្ស​ទី​២១ ទៅ​ហើយ មិន​គួរ​មាន​សោកនាដកម្ម​ដោយសារតែ​សង្គ្រាម​បែប​នេះ​ទេ។ លោក Guterres បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ព្រៃផ្សៃ​បែប​នេះ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល គឺ​មីស៊ីល​ចំនួន ២​គ្រាប់​បាន​បាញ់​ចូល​រដ្ឋធានី​គៀវ អំឡុង​លោក Guterres ជួប​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា។

ប៉ុន្តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The New Voice of Ukraine បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ធ្លាក់​លើ​ទីក្រុង​គៀវ នៅ​យប់​ថ្ងៃ​ទី​២៨ មេសា អំឡុង​ពេល​លោក Guterres កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​នេះ។ ជាង​នេះ​ទៅ​ទៀត យ៉ាងហោចណាស់​មាន​មីស៊ីល​ចំនួន ៥​គ្រាប់ ហើយ ២​គ្រាប់​បាន​ធ្លាក់​ចំ​អគារ​របស់​ប្រជាជន​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី​ដែល​លោក Guterres កំពុង​ជួប​លោក Zelenskyy។

បើ​តាម​ក្រុម​មន្ត្រី​អ៊ុយក្រែន មីស៊ីល ២​គ្រាប់​នេះ​បាន​ធ្លាក់​ចំ​តំបន់ Shevchenko ក្នុង​រដ្ឋធានី​គៀវ ហើយ​មួយ​គ្រាប់​ទៀត​បាន​ធ្លាក់​ចំ​អគារ​មួយ​មាន​កម្ពស់ ២៥​ជាន់ ដោយ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់ ១០​នាក់​រង​របួស។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters រាយការណ៍​មក​ថា​ប្រជាជន​ជាច្រើន​បាន​ឮ​សូរ​សំឡេង​ផ្ទុះ​ពីរ​លើក។

នៅពេល​ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​បាញ់​មីស៊ីល​គ្រូស​ដោយ​បាញ់​ចេញពី​នាវាមុជទឹក ហើយ​ថា​ជា​ការ​វាយប្រហារ​ចំ​គោលដៅ​របស់​កងទ័ព​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Interfax ឲ្យ​ដឹង​ថា នេះ​ជា​លើកដំបូង​ដែល​កងទ័ព​រុស្ស៊ី​ប្រើ​នាវាមុជទឹក​បាញ់​មីស៊ីល​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ។

អ្នក​សារព័ត៌មាន​បាន​កត់ត្រា​ថា ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ជួប​លោក Zelenskyy នៅ​រដ្ឋធានី​គៀវ ស្រាប់តែ​ទីក្រុង​មួយ​នេះ​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ នេះ​ជា​លើកដំបូង​ហើយ​ដែល​មាន​ការ​វាយប្រហារ​មក​លើ​រដ្ឋធានី​គៀវ ដោយ​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​សំណាក់​កងទ័ព​រុស្ស៊ី ចាប់តាំងពី​ទីក្រុង​នេះ​ស្ងប់ស្ងាត់​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាក់​ទ័ព​ហើយ​ដក​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។

តែ​ទស្សនកិច្ច​របស់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ធ្វើឡើង​ចំ​ពេល​ទីក្រុង​មូស្គូ កំពុង​បង្កើន​ការ​វាយលុក​លើ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ដោយ​សំដៅ​វាយ​កាន់កាប់​ឱ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​៩ ខែ​ឧសភា ជា​ទិវា​មួយ​ដែល​របប​លោក ពូទីន តែងតែ​ប្រារព្ធ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​កងទ័ព​រុស្ស៊ី លើ​កងទ័ព​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាឌុល អ៊ីត្លេរ កាលពី​សង្គ្រាម​លោក​លើក​ទី​២៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស