36 C
Phnom Penh

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។

ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។

តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា?

ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។

ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។

អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ គឺ​លោក Robert Mugabe បាន​កាន់​អំណាច​ពី​ឆ្នាំ​១៩៨៧ រហូត​ដល់​ឆ្នាំ​២០១៧។ ក្នុង​ពេល​គ្រប់គ្រង​អំណាច មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​បាន​ចាត់ទុក​ខ្លួនឯង​ថា​ជា​វីរបុរស​របស់​ជាតិ ហើយ​មន្ត្រី​តូច​ធំ​តែង​គោរព និង​កោតខ្លាច​ក្រៃលែង។ ពេល​នោះ​គាត់​ពិតជា​មាន​អំនួត ហើយ​ឈ្លក់​វង្វេង​នឹង​អំណាច​ខ្លាំង​ណាស់។ មេដឹកនាំ​ផ្ដាច់ការ​ក្រាញ​អំណាច​អស់​រយៈពេល ៣០​ឆ្នាំ​រូប​នេះ បាន​តែងតាំង​សមាជិក​គ្រួសារ​របស់​លោក​ឲ្យ​កាន់​តំណែង​សំខាន់​ក្នុង​របប​ដឹកនាំ​របស់​លោក ហើយ​ថែមទាំង​មាន​ផែនការ​តែងតាំង​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង​បន្ត​ពី​ខ្លួន​ទៀត​ផង។

អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ គឺ​លោក Robert Mugabe។

ទីបំផុត ពួក​យោធា និង​សមាជិក​បក្ស​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​បុរស​ខ្លាំង​រូប​នេះ​ពី​តំណែង​ក្នុង​ឆ្នាំ​២០១៧។ ក្រោយ​អស់​អំណាច លោក Mugabe បាន​និយាយ​ថា “ខ្ញុំ​ពិតជា​មិន​បាន​ដឹង​ថា គេ​ស្អប់​ខ្ញុំ​ដល់​ម្ល៉ឹង​សោះ!”

ស្រដៀង​គ្នា​នឹង​លោក Mugabe នេះ​ដែរ មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​រូប​ទៀត​សុទ្ធតែ​បាន​ឆ្លងកាត់​ភាព​ជូរចត់​បែប​នេះ​សម្រាប់​លទ្ធផល​នៃ​អំពើ​ឃោរឃៅ​របស់​ខ្លួន។

មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​រួម​មាន៖

  • អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos បាន​ធ្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​១៩៨៦
  • អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Suharto បាន​ធ្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​១៩៩៨
  • និង​អតីត​ប្រធានាធិបតី​លីប៊ី លោក Muammar Gaddafi បាន​ធ្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១១ រួម​ទាំង​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ផ្សេង​ទៀត។

ការ​បាត់​តំណែង​របស់​មេដឹកនាំ​ផ្ដាច់ការ​ទាំងនេះ សុទ្ធតែ​បាន​កើតឡើង​ពី​ការ​ទម្លាក់​ដោយ​ចលនា​មហាជន និង​ការ​បាត់បង់​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​គឺ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos។
អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Suharto។
អតីត​ប្រធានាធិបតី​លីប៊ី លោក Muammar Gaddafi។

ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ​ដែរ មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ក៏​កំពុង​ឈ្លក់​វង្វេង​នឹង​អំណាច​រហូត​លែង​ស្គាល់​ការពិត​អំពី​ខ្លួនឯង។ ជាក់ស្តែង​ដូចជា​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​ជា​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន កំពុងតែ​គិត​ថា​លោក​ជា​អ្នក​ខ្លាំង​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។

ក្នុង​ប្រទេស​រុស្ស៊ី លោក ពូទីន បាន​បង្ក្រាប​ក្រុម​ប្រឆាំង និង​ចាប់​ដាក់​គុក​ស្រេច​តែ​ចិត្ត។ សហគមន៍​អន្តរជាតិ​ព្យាយាម​សម្របសម្រួល​ជាមួយ​លោក ដើម្បី​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង និង​សកម្មជន​ដទៃ​ទៀត ប៉ុន្តែ​ទោះបី​លោក ពូទីន ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​នៅតែ​បន្ត​អំណាច​ផ្ដាច់ការ​បង្ក្រាប​ក្រុម​ប្រឆាំង​យ៉ាង​ណា​ក្តី ក៏​សហគមន៍​អន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​សម្របសម្រួល និង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ជាពិសេស​ផ្នែក​ប្រេង និង​ឧស្ម័ន​ជាមួយ​លោក​ដដែល។

កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក ពូទីន កាន់​តែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រមូលផ្ដុំ​អំណាច​ក្នុង​ប្រទេស និង​ពង្រីក​ឥទ្ធិពល​រុស្ស៊ី​ក្នុង​ឆាក​អន្តរជាតិ​ឡើងវិញ។ បណ្ដាញ​សារព័ត៌មាន​ខ្លះ​បាន​លើកឡើង​អំពី​ការ​បញ្ចើចបញ្ចើ​ដោយ​មនុស្ស​ជំនិតៗ​របស់​លោក ពូទីន ចំពោះ​ជ័យជម្នះ​របស់​លោក ប៉ុន្តែ​ពួកគេ​បិទ​បាំង​វិបត្តិ​សង្គម​ដែល​កំពុងតែ​កើតមាន​ក្នុង​ប្រទេស។

ការ​បង្ហាញ​តែ​ភាព​ជោគជ័យ​ឥត​ឈប់ឈរ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក ពូទីន កាន់តែ​មាន​មោទកភាព​ហួស​កម្រិត។ កាលពី​ខែ​មេសា ក្នុង​ឆ្នាំ​កន្លងទៅ សារព័ត៌មាន BBC បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ​ថា ការ​ធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​កាត់​យក​ទឹកដី Crimea ពី​ប្រទេស​អ៊ុយក្រែន ក្នុង​ខែ​មីនា ឆ្នាំ​២០១៤ និង​ការ​កម្ចាត់​ក្រុម​អ្នកតស៊ូ​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ប្រទេស Syria ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ចំណោម​អ្នក​សង្កេតការណ៍​ទាំងឡាយ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin)។

ប៉ុន្តែ​ជា​ធម្មតា មូលហេតុ​ដែល​មនុស្ស​នៅ​ជុំវិញ​ជន​ផ្ដាច់ការ​ចូលចិត្ត​លើក​ជើង​មេដឹកនាំ​របស់​ខ្លួន ដោយសារ​ជន​ផ្ដាច់ការ​រូប​នោះ​ចូលចិត្ត និង​ត្រេកត្រអាល​នូវ​ជីវិត​បែប​នេះ ហើយ​ក៏​មិន​អនុញ្ញាត​ជន​ណា​ម្នាក់​អាច​និយាយ​អំពី​ការពិត​របស់​ខ្លួន​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​ផ្ដាច់ការ​ផ្តល់​តម្លៃ​ឲ្យ​តែ​មនុស្ស​ពូកែ​អែបអប និង​កុហក ជាជាង​មនុស្ស​ដែល​មាន​សមត្ថភាព និង​ហ៊ាន​និយាយ​ការពិត។

កាលពី​ដើម​ខែ​មីនា នេះ សារព័ត៌មាន​បរទេស​ជាច្រើន​ក៏​បាន​ចុះផ្សាយ​អំពី​អ្នក​សម្របសម្រួល​កម្មវិធី​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី បាន​ស្រែក​គំហក​ឲ្យ​ទាហាន​ជើងចាស់​រុស្ស៊ី​មួយ​រូប​ដែល​បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ជាច្រើន​បាន​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ ការ​គំហក​នោះ គឺ​ដើម្បី​បិទបាំង​ការពិត​ប៉ុណ្ណោះ។

ចំណុច​នេះ​ក៏​អាច​បញ្ជាក់​ថា តម្លៃ​របស់​ទាហាន​ជើងចាស់​មួយ​រូប​ដែល​ធ្លាប់​ត្រៀម​ខ្លួន​លះបង់​ជីវិត​ដើម្បី​ជាតិ គឺ​មិន​ស្មើ​នឹង​តម្លៃ​របស់​អ្នក​ពូកែ​លើក​ជើង ឬ​បំភ្លៃ​ព័ត៌មាន​ដូចជា​អ្នក​សម្របសម្រួល​កម្មវិធី​ទូរទស្សន៍​ម្នាក់​នេះ​ឡើយ។

ដោយសារ​ទង្វើ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ពូកែ​បិទបាំង​ព័ត៌មាន និង​លើក​ជើង​បែប​នេះ​ហើយ ទើប​លោក ពូទីន មាន​អំនួត​ជ្រុល និង​វាយតម្លៃ​ស្ថានការណ៍​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ខុស​រហូត។

សារព័ត៌មាន និង​អ្នកវិភាគ​អន្តរជាតិ​នានា​បាន​អះអាង​ថា លោក ពូទីន គិត​ថា​ប្រទេស​រុស្ស៊ី​អាច​នឹង​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន​បាន​ទាំងស្រុង ដោយ​ធ្វើការ​វាយប្រហារ​តែ​ក្នុង​រយៈពេល​តែ ៤៨​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីៗ​សុទ្ធតែ​ជា​ការ​ប៉ាន់ស្មាន​ខុស​ទាំងអស់។

រហូត​មកដល់​ពេលនេះ សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន មាន​រយៈពេល​ជិត ៤០​ថ្ងៃ​ហើយ រុស្ស៊ី​មិន​ត្រឹមតែ​មិន​អាច​គ្រប់គ្រង​អ៊ុយក្រែន​បាន​ទេ តែ​ថែមទាំង​មាន​ការ​ខូចខាត​យ៉ាង​ដំណំ​ទៀត​ផង ដោយ​រួម​ទាំង​ការ​ស្លាប់​មេទ័ព​កំពូលៗ​រហូត​ដល់​ទៅ ៤​នាក់​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត លោក ពូទីន បាន​ក្លាយជា​មេដឹកនាំ​ឯកោ​មួយ​រូប​ដែល​មេដឹកនាំ និង​ពលរដ្ឋ​ជុំវិញ​ពិភពលោក​ថ្កោលទោស ប្រមាថ​តិះដៀល។

ប្រសិនបើ​សង្គ្រាម​ឈ្លានពាន​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​នេះ​អូស​បន្លាយ​យូរ​តទៅទៀត ឬ​ក៏​មិន​អាច​ឈ្នះ​ដើម្បី​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន​បាន ប្រទេស​រុស្ស៊ី​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ក្រោម​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ផង និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​សង្គ្រាម​នេះ​ផង។ ជា​សក្ខីភាព សារព័ត៌មាន​នានា​បាន​ចុះផ្សាយ​ថា លោក ពូទីន បាន​ស្នើសុំ​ឲ្យ​ប្រទេស​ចិន​ជួយ​ខ្លួន។ បើ​ដូច្នោះ​មែន លោក ពូទីន អាច​កំពុង​ប្រឈម​នឹង​បញ្ហា​ការ​ខ្វះខាត ហើយ​អាច​នឹង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ថែម​ទៀត។

ដូច្នេះ បើ​គេ​ពិនិត្យ​មើល​ឲ្យ​ស៊ីជម្រៅ​នៃ​ប្រវត្តិ​ធ្លាក់​ទឹក​របស់​មេដឹកនាំ​ផ្ដាច់ការ​នានា គេ​អាច​ឃើញ​នូវ​មូលហេតុ​ចម្បង​មួយ​ចំនួន គឺ​បណ្តាល​មកពី​អ្នក​អែបអប​ពូកែ​លើក​ជើង​នៅ​ជុំវិញ​ខ្លួន​នេះ​ឯង។ ទាក់ទិន​នឹង​ចំណុច​នេះ មាន​សំណួរ​មួយ​ដែល​គួរតែ​ពិភាក្សា៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ជា​អ្នក​ខ្លាំង ឬ​មនុស្ស​ជុំវិញ​ខ្លួន​ជន​ផ្ដាច់ការ​ទាំងនោះ​ជា​អ្នក​ខ្លាំង?

តាមពិត បើ​គេ​មើល​លើ​ស្ថានភាព​ជាក់ស្តែង​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម គេ​ឃើញ​មេដឹកនាំ​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន គឺជា​អ្នក​ខ្លាំង​ជាងគេ​មែន ព្រោះ​គ្មាន​នរណា​ហ៊ាន​តវ៉ា ឬ​ជំទាស់​នឹង​សម្ដី​របស់​លោក​នោះ​ឡើយ។ ថ្វីបើ​លោក ហ៊ុន សែន ជា​មនុស្ស​មាន​អំណាច​ខ្លាំង​មែន ប៉ុន្តែ​បើ​គ្មាន​មន្ត្រី​បែប​ជើងកាង​ជុំវិញ​ខ្លួន​លោក​ជួយ​ទប់​អំណាច​ទេ ក៏​លោក ហ៊ុន សែន មិន​អាច​ឈរជើង​នឹង​ដូច​សព្វថ្ងៃ​នេះ​ដែរ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។

ដូចគ្នា​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​ដែល​បាន​រៀបរាប់​កន្លងមក​នេះ​ដែរ បើ​មន្ត្រី​នៅ​ក្បែរ​លោក ហ៊ុន សែន អាច​ជួយ​ទប់ និង​ទ្រទ្រង់​អំណាច​របស់​លោក​បាន ពួកគេ​ក៏​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច​ក្នុង​ពេល​ណា​មួយ​បាន​ដូចគ្នា​ដែរ។ ដូច្នេះ​លោក ហ៊ុន សែន មិនមែន​ជា​មនុស្ស​ខ្លាំង​ពិតប្រាកដ​ទេ ប៉ុន្តែ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​លោក​ទេ ទើប​ជា​មនុស្ស​ខ្លាំង។

ក្រៅពី​ចំណុច​ទាំងនេះ បើ​គេ​ពិនិត្យ​មើល​លើ​វិស័យ​ពាណិជ្ជកម្ម​វិញ មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន រឹតតែ​ជា​មនុស្ស​ទន់ខ្សោយ​ទៅ​ទៀត ព្រោះ​លោក​ហាក់ដូចជា​ទំនិញ​មួយ​ដែល​ក្រុម​មន្ត្រី​ជំនិតៗ​របស់​លោក​អាច​ទិញ​លោក​ក្នុង​តម្លៃ​មួយ​ដ៏​ថោក​បាន​យ៉ាង​ងាយស្រួល។

ជាក់ស្តែង ប្រសិនបើ​មន្ត្រី​ទុច្ចរិត​ទាំងនោះ​ចង់​ធ្វើ ឬ​ចង់​បាន​សិទ្ធិ​គ្រប់គ្រង​អ្វី​មួយ​ដើម្បី​បាន​ប្រាក់ចំណូល​ចូល​ក្នុង​ហោប៉ៅ​នោះ ពួកគេ​អាច​ប្រើ​ឲ្យ​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​តាម​បំណង ដោយ​គ្រាន់តែ​ត្រូវ​ចំណាយ​លុយ​សូកប៉ាន់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អំពើ​សូកប៉ាន់​ភាគច្រើន ត្រូវ​បាន​គេ​ធ្វើឡើង​តាមរយៈ​មន្ត្រី​ដែល​នៅ​ជុំវិញ​លោក ហ៊ុន សែន នេះ​តែម្តង។

ដូច្នេះ​មេដឹកនាំ​ផ្ដាច់ការ​នានា​ដូចជា​លោក ហ៊ុន សែន នេះ ពេល​ខ្លះ​ហាក់ដូចជា​ទំនិញ​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ ហើយ​សរុប​សេចក្តី​មក មេដឹកនាំ​ផ្ដាច់ការ​មិនមែន​ជា​មនុស្ស​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​ដែល​នៅ​ជុំវិញ​ខ្លួន​ជន​ផ្ដាច់ការ​នោះ​ទេ ទើប​ជា​អ្នក​ខ្លាំង​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស