បញ្ញវន្តខ្មែរនៅក្រៅស្រុក ប្រឆាំងដាច់អហង្ការចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ព្រោះជាការបោះឆ្នោតមួយដែលរៀបចំឡើងដោយគណបក្សកាន់អំណាចដែលធ្វើឲ្យគ្មានយុត្តិធម៌ និងគ្មានតម្លាភាព។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ឧសភា ថា ការបោះឆ្នោតដែលគ្មានយុត្តិធម៌ និងគ្មានតម្លាភាព គ្រាន់តែជាការរៀបចំនូវផែនការមួយដើម្បីបោកប្រាស់ពលរដ្ឋខ្មែរម្ចាស់ប្រទេសឱ្យចូលរួមក្នុងល្បិចកលរបស់មេដឹកនាំបក្សកាន់អំណាចប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា ការចូលរួមនូវការបោះឆ្នោតដែលរំលោភបំពានរដ្ឋធម្មនុញ្ញបែបនេះ គឺជាការជួយលើកតម្កើងនូវសភាវៈអាក្រក់ ដើម្បីសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ទង្វើបែបនេះ ក៏ជាអំពើទុច្ចរិតនយោបាយមួយដែលពលរដ្ឋខ្មែរម្ចាស់ឆ្នោតត្រូវតែចូលរួមថ្កោលទោសលើទង្វើអ្នកនយោបាយទាំងនោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលដំណើរការនៃការបោះឆ្នោតអាណត្តិទី៥ នៅកម្ពុជាកាន់តែខិតជិតមកដល់នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់។ ប៉ុន្តែការបោះឆ្នោតនេះត្រូវគេមើលឃើញថា គ្រាន់តែជាដំណើរការបង្គ្រប់កិច្ចឱ្យបក្សកាន់អំណាច ដើម្បីឱ្យពួកគេអាចបន្តការដឹកនាំនូវអាណត្តិថ្មីទាំងបំពានច្បាប់ប៉ុណ្ណោះ។
ចំណែកប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត បានអះអាងកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១ ឧសភា) ថា បើពិនិត្យលើប្រព័ន្ធច្បាប់បោះឆ្នោត ពិនិត្យលើច្បាប់ស្ដីពីគណបក្សនយោបាយ ពិនិត្យលើសមាសភាពអាជ្ញាធរជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប និងប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ស្របពេលដែលកម្ពុជាកំពុងតែជួបវិបត្តិនយោបាយផងនោះ គេអាចវាយតម្លៃបានថា ដំណើរការនៃការបោះឆ្នោតខាងមុខនេះត្រូវបានចាត់ចែងដោយគណបក្សកាន់អំណាចគ្រប់បែបយ៉ាងទាំងអស់។
លោក ម៉ែន ណាត អះអាងថា បើក្រឡេកទៅមើលយន្តការបោះឆ្នោត ដូចជាការបែងចែកអាសនៈ និងដកហូតអាសនៈគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដោយការរំលាយបក្សប្រឆាំងដ៏ធំនោះ គណបក្សដែលចូលរួមការបោះឆ្នោតទាំងអស់ គួរតែរៀនសូត្រពីប្រវត្តិដ៏អាក្រក់របស់បក្សកាន់អំណាចឡើងវិញ ដើម្បីកុំឱ្យខ្លួនដើរជាន់ដានចាស់ដែលគណបក្សកាន់អំណាចធ្លាប់បានធ្វើលើគណបក្សប្រឆាំងកាលពីអតីតកាលនោះ។
ក្រុមអ្នកសង្កេតការណ៍ធ្លាប់បានលើកឡើងជុំវិញការបោះឆ្នោតនេះដែរថា ដើម្បីធានាឯករាជភាពនូវដំណើរការនៃការបោះឆ្នោតទៅបាន លុះត្រាតែរៀបចំ គ.ជ.ប ឱ្យជាស្ថាប័នអព្យាក្រឹតពេញលេញជាមុនសិន ក្នុងនោះគឺមានសមាសភាពប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប ត្រូវតែតែងតាំងដោយព្រះមហាក្សត្រជាដាច់ខាត។ លើសពីនេះ អនុប្រធាន គ.ជ.ប ត្រូវជ្រើសតាំងដោយព្រឹទ្ធសភា ហើយរដ្ឋសភាមានសិទ្ធិជ្រើសតាំងសមាជិក គ.ជ.ប ១រូប និងសមាជិក ១រូបផ្សេងទៀតត្រូវជ្រើសតាំងដោយរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សមាសភាពទាំង ៩រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធសឹងតែមកពីគណបក្សកាន់អំណាចទាំងអស់ ក្នុងនោះរួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម ជាអនុប្រធាន និងលោក ហង្ស ពុទ្ធា ជាសមាជិក ជាដើម ដែលផ្ទុយទាំងស្រុងពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញដែលបានចែងពីសមាសភាពរបស់គណៈកម្មាធិការនេះ៕