38 C
Phnom Penh

អតីត​មេដឹកនាំ​និស្សិត​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​ទេ​នោះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២ ឧសភា ថា ប្រសិនបើ​មុន​ការ​មក​ដល់​សហរដ្ឋ​អាមេរិក លោក ហ៊ុន សែន បាន​បើក​ឱ្យ​មាន​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដោយ​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ជាពិសេស​គឺ​ដោះលែង​លោក កឹម សុខា នោះ​លោក​នឹង​នាំគ្នា​ទៅ​គាំទ្រ​វត្តមាន​របស់​លោក ហ៊ុន សែន ជាមិនខាន ហើយ​លោក​នឹង​ថ្វាយបង្គំ​លោក ហ៊ុន សែន បី​ដង​ថែម​ទៀត​បើ​លោក ហ៊ុន សែន អនុញ្ញាត។

លោក​អះអាង​ថា លោក​មិន​ចង់​សម្ដែង​មតិ​ប្រឆាំង​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ព្រោះ​សុទ្ធតែ​ជា​ខ្មែរ​មាន​ឈាមជ័រ​ដូច​គ្នា ប៉ុន្តែ​ដើម្បី​សេរីភាព ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​គ្មាន​ជម្រើស​ណា​ក្រៅពី​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ឡើយ។

លោក សារ៉ូ សូវិជ័យ អះអាង​ថា បើ​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​តែង​នាំគ្នា​ចេញ​ផ្សាយ​អត្ថបទ ឬ​ធ្វើ​បទវិភាគ និង​បទ​វិចារណកថា​វាយប្រហារ​ក្នុង​ខ្លឹមសារ​បង្ហាញ​ពី​ការ​មិន​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​មិត្ត​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​មិន​ដែល​ចាត់ទុក​កម្ពុជា​ជា​សត្រូវ​របស់​ខ្លួន​នោះ​ដែរ ខណៈ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ដល់​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

លោក​រំឭក​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិចារណា​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ព្រោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នា​ពេល​ខាងមុខ​នេះ គឺជា​ការ​លើក​មុខមាត់​កម្ពុជា​ខ្លាំង​ណាស់​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​បើ​ក្នុង​ឱកាស​នោះ បែរ​ជា​មាន​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នាំគ្នា​បាតុកម្ម​ប្រឆាំង​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ទៅវិញ​នោះ ក៏​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាក់មុខ និង​បន្សល់​ទុក​នូវ​កេរ្តិ៍ឈ្មោះ​អសោច​លើ​ឆាក​អន្តរជាតិ​ដូច្នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ពី​ទីក្រុង Philadelphia ទីក្រុង Lowell ពី​រដ្ឋ Virginia រដ្ឋ Maryland Texas California និង​បណ្តា​រដ្ឋ​ជាច្រើន​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា ពួកគេ​នឹង​មក​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែរ។

ការ​រៀបចំ​ក្បួន​ធ្វើ​បាតុកម្ម​នេះ ពលរដ្ឋ​ខ្មែរ​ដែល​មកពី​រដ្ឋ​ទាំងនោះ​បាន​អះអាង​ថា ពួកគេ​បាន​សរសេរ​អក្សរ​លើ​ផ្ទាំង​បដា​ជាច្រើន​ផ្ទាំង ដែល​មាន​ន័យ​ខុសៗ​គ្នា​ថា «លោក ហ៊ុន សែន ត្រូវតែ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា!» «លោក ហ៊ុន សែន ត្រូវតែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ!» «លោក ហ៊ុន សែន ត្រូវតែ​គោរព​រដ្ឋធម្មនុញ្ញ និង​នីតិរដ្ឋ!» ឬ «លោក ហ៊ុន សែន ត្រូវតែ​បញ្ឈប់​ការ​បន្ត​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្រោម​ឥទ្ធិពល​រដ្ឋ​ចិន!» ជាដើម។

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នេះ​ដែរ​ថា ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​តាមរយៈ​នៃ​ការ​ដោះលែង​សកម្មជន​សង្គម ឬ​មេដឹកនាំ​ប្រឆាំង​ឱ្យ​មាន​សេរីភាព​ឡើងវិញ មុន​នឹង​មក​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ខាងមុខ​នេះ គឺ​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​មេដឹកនាំ​ខ្មែរ​រូប​នេះ​យ៉ាង​ច្បាស់​ពី​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន សែន មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពាក់កណ្តាល​ខែ​ឧសភា នេះ ដោយ​មិន​មាន​ការ​សម្បទាន​ក្នុង​ការ​បើក​លំហ​សេរីភាព​នយោបាយ​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ការ​តាំងចិត្ត​យ៉ាង​ខ្លាំងក្លា​មួយ​ក្នុង​ការ​បង្ក​ភាព​អមិត្ត​រវាង​កម្ពុជា និង​អាមេរិក ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ថា សហរដ្ឋ​អាមេរិក​រួម​គំនិត​ក្បត់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា ការ​មក​ចូលរួម​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក​នេះ មិនមែន​លោក ហ៊ុន សែន មាន​តម្លៃ​រហូត​ដល់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​អញ្ជើញ​ឱ្យ​គាត់​មក​ធ្វើជា​សហប្រធាន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​គាត់​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ដែល​គេ​ប្រសិទ្ធិនាម​ថា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការ​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ឧសភា នេះ​ថា ការ​ជំរុញ​ឱ្យ​មាន​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ គឺជា​រឿង​ត្រឹមត្រូវ ត្បិត​កម្ពុជា​មិន​ត្រូវ​បណ្តោយ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដឹកនាំ​តាម​ទំនើង​ចិត្ត​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា ការ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ លោក ហ៊ុន សែន គ្មាន​ជម្រើស​ណា​ក្រៅពី​ការ​លើកឡើង​ពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ទាំង​ដែល​ខ្លួន​ជា​មេដឹកនាំ​ដែល​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​តាម​ទំនើង​ចិត្ត​នោះ​ទេ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ឧសភា នេះ​ដែរ​ថា ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នឹកឃើញ​រឿង​អយុត្តិធម៌​នៅ​កម្ពុជា ដែល​កំពុងតែ​កើតឡើង​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ការ​ចាប់​លោក កឹម សុខា ដាក់​គុក ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បន្ត​បិទ​សិទ្ធិ​នយោបាយ​មន្ត្រី​បក្ស​ប្រឆាំង ជាពិសេស​លោក កឹម សុខា ដែល​ជា​ដើមចម​នៃ​ការ​សម្លាប់​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ការ​ចោទប្រកាន់​ជ្រុល​ហួសហេតុ​លើ​សហរដ្ឋ​អាមេរិក​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ក្នុង​ផែនការ​ក្បត់​ជាតិ ការ​រៀបចំ​ការ​បោះឆ្នោត​តាំងពី​ឆ្នាំ​២០១៨ ដល់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ ដើម្បី​បន្ត​ប្លន់​អំណាច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ការ​បន្ត​ប្រើ​អំណាច​តាម​ទំនើង​ចិត្ត និង​ការ​រំលោភ​សិទ្ធិមនុស្ស​ពាសពេញ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក គឹម សុខ អះអាង​ថា ក្រៅពី​រឿងក្ដី​លោក កឹម សុខា គឺ​លោក ហ៊ុន សែន ត្រូវតែ​ជម្រះ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​សង្ស័យ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា ត្បិត​សំណុំ​រឿង​នេះ​កាន់តែ​សំខាន់​ជាង​ករណី​ណាៗ​ទាំងអស់​សម្រាប់​អាមេរិក ក្នុង​ស្ថានភាព​ពិភពលោក​កំពុងតែ​ច្របូកច្របល់​បច្ចុប្បន្ន​នេះ ព្រោះ​ថា​សហរដ្ឋ​អាមេរិក​ត្រូវការ​ធានា​ថា សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក នឹង​មិន​កាន់តែ​អាក្រក់​ជាង​បច្ចុប្បន្ន​នេះ​ទេ។

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​បាន​សម្រេច​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ ត្រូវ​បាន​ពន្យារពេល​ពីរ​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ដើម​ខែ​កុម្ភៈ និង​លើក​ទី​២ នៅ​ចុងខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ ខណៈ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​មាន​កម្តៅ ឬ​ត្រជាក់​យ៉ាង​ណា​នោះ គេ​នៅ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក គឺ​ចៀស​មិន​ផុត​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស