34 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​ថា​ជាប់​គុក​ព្រោះ​សង្គ្រាម​នយោបាយ​រវាង សម រង្ស៊ី-ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត ២​ឆ្នាំ បាន​ប្រើប្រាស់​ឱកាស​ចុងក្រោយ​សំណូមពរ​ទៅ​ចៅក្រម​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន ព្រោះ​ពួកគេ​ជា​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ការ​សំណូមពរ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​ចៅក្រម​បាន​ឱ្យ​មេធាវី​ជន​ជាប់ចោទ និង​តំណាង​អយ្យការ រួម​ទាំង​ជន​ជាប់ចោទ​ធ្វើ​សេចក្ដី​សន្និដ្ឋាន និង​សំណូមពរ​ចុងក្រោយ បន្ទាប់ពី​សវនាការ​សួរ​ដេញដោល​ចំនួន ២២​ដង​លើ​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ទុំ ប៊ុនថត បាន​អះអាង​ក្នុង​បន្ទប់​សវនាការ​ថា កន្លងមក​ពួកគេ​បាន​លះបង់​ដើម្បី​ការពារ​ប្រទេស​ជាតិ មិនមែន​រួម​គ្នា​ក្បត់​ជាតិ​ឡើយ។ លោក​បន្ត​ថា ពួកគាត់​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​ហើយ ហើយ​បាន​ព្រាត់ប្រាស​គ្រួសារ​ដោយសារ​សង្គ្រាម​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន។

លោក​បន្ត​ថា រូប​គាត់​និង​អ្នក​ផ្សេង​ទៀត នឹង​មិន​ត្រូវ​បាន​ដោះលែង​ឡើយ បើសិនជា​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅតែ​មិន​ត្រូវ​គ្នា ខណៈ​ចៅក្រម​ដែល​កាត់ក្ដី​រឿង​នេះ​មាន​កាំភ្លើង​ចាំ​ភ្ជង់​នៅ​ពីក្រោយ​ខ្នង​ជាប់​នោះ។ ករណី​នេះ លោក​ស្នើ​ទៅ​ចៅក្រម​ផ្ដល់​យុត្តិធម៌​ដោយ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព ដើម្បី​ឱ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែរ លោក ហេង ច័ន្ទសុធី បាន​អះអាង​ថា លោក​មិន​ដែល​មាន​បំណង​ក្បត់​ពលរដ្ឋ និង​ប្រទេស​ជាតិ​ឡើយ។ លោក​សំណូមពរ​ឲ្យ​មាន​ការ​កាត់ទោស​លោក​ឱ្យ​ទៅ​តាម​អ្វី​ដែល​លោក​ធ្វើ​សច្ចាប្រណិធាន​ឡើង​កាន់​តំណែង។

ដោយឡែក​លោក កាក់ គុម្ភារ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​តុលាការ​ឱ្យ​វែកមុខ​អ្នក​ចោទ​ប្រកាន់​លើ​រូបលោក​ដោយ​គ្មាន​ភស្តុតាង មក​ដាក់​ទោស​តាម​ច្បាប់ ដោយសារ​ពួកគេ​បាន​ចាប់​លោក​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​ទាំង​អយុត្តិធម៌។

ចំណែក​កញ្ញា សេង ធារី ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» នេះ​ដែរ បាន​សម្រេច​ចិត្ត​មិន​ចូល​ក្នុង​បន្ទប់​សវនាការ​ដើម្បី​ធ្វើ​សំណូមពរ​ឡើយ ប៉ុន្តែ​កញ្ញា​បាន​ឱ្យ​មេធាវី​របស់​កញ្ញា គឺ​លោក ជូង ជូងី ចូល​ធ្វើ​សេចក្ដី​សន្និដ្ឋាន។ កញ្ញា សេង ធារី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កញ្ញា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ជាប់​ពន្ធនាគារ ទោះបីជា​កញ្ញា​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​តុលាការ​ចោទប្រកាន់​ក៏ដោយ។ កញ្ញា​ក៏​មិន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដែរ ទោះបី​រង​ការ​គំរាមកំហែង។

កញ្ញា​បញ្ជាក់​ថា បើសិនជា​កញ្ញា​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូចជា​ធ្វើ​តាម​បំណង​របស់​លោក ហ៊ុន សែន ដូច្នេះ​ដែរ ដោយសារ​របប​ដឹកនាំ​បច្ចុប្បន្ន​ចង់​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ចាកចេញ​ពី​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​រក្សា​បទ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៦១​រូប​ដដែល ដោយ​ចាត់ទុក​ការ​ចែករំលែក​សារ​លោក សម រង្ស៊ី ធ្វើឡើង​ក្នុង​គោលបំណង​កៀងគរ​កម្លាំង​ឱ្យ​ចូលរួម​ផ្ដួល​រំលំ​រដ្ឋាភិបាល តាមរយៈ​ការ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល។

សំណុំរឿង «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រួម​គំនិត​ក្បត់» ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក រស់ ពិសិដ្ឋ លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ សំណុំ​រឿង​នេះ​មាន​ជន​ជាប់ចោទ​ចំនួន ៦១​រូប ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ជាង ៦០​នាក់​នោះ គឺ​មាន​តែ ៤​នាក់​ប៉ុណ្ណោះ​កំពុង​ជាប់​ពន្ធនាគារ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស