31 C
Phnom Penh

អ្នក​កាសែត​ស្លាប់​ជាង ២០​នាក់​ក្នុង​សមរភូមិ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន និង​អ្នក​កាសែត​ថតរូប​សុទ្ធតែ​ជា​អ្នក​ដែល​ងាយ​គ្រោះថ្នាក់​ដល់​អាយុជីវិត បើ​ពួកគេ​ចុះ​ស្រង់​ព្រឹត្តិការណ៍​នៅ​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់។ សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន គឺជា​សមរភូមិ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ អ្នក​កាសែត​មាន​ភារកិច្ច​ផ្ទាល់​នៅ​ក្នុង​សមរភូមិ គឺ​ដូច​កងទ័ព​ផង​ដែរ។

គិត​មកដល់​ពេល​នេះ គឺ​ជិត ៧០​ថ្ងៃ​មក​ហើយ។ អាយុជីវិត​កងទ័ព​ទាំង​សងខាង​ស្លាប់​រាប់​ពាន់​នាក់ ខណៈ​ជនស៊ីវិល​ជាតិ​សាសន៍​អ៊ុយក្រែន ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​ស្លាប់​ជាង ៣​ពាន់​នាក់​មក​ហើយ។

សារព័ត៌មាន Interfax Ukraine បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយ​ធ្វើការ​កត់សម្គាល់​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន គឺ​មាន​ជាង ២០​នាក់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ហើយ​ជាពិសេស​អ្នក​កាសែត​ថតរូប​ដែល​ចូល​ថត​យក​ព្រឹត្តិការណ៍​ផ្ទាល់​នៅពេល​ពួកគេ​ចង់​បាន​រូបភាព​អំពី​ការ​ឆេះ​មន្ទីរពេទ្យ សាលារៀន និង​ទីតាំង​ភស្តុភារ​របស់​កងទ័ព ដែល​ពេល​នោះ​ការ​បាញ់​ផ្លោង​របស់​កងទ័ព​រុស្ស៊ី​នៅ​បន្ត​ដែល​បណ្ដាល​ឲ្យ​អ្នកកាសែត​ត្រូវ​គ្រាប់​កាំភ្លើង។

បើ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​វិញ គឺ​ការិយាល័យ​របស់​អ្នកកាសែត​ជាង ១០០​ទីតាំង​ត្រូវ​បាន​បាញ់​បំផ្លាញ​ចាប់​តាំងពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​នោះ។ នេះ​គឺជា​ការ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​អ៊ុយក្រែន ដើម្បី​រំឭក​អំពី​គុណបំណាច់​នៃ​ភារកិច្ច និង​តួនាទី​របស់​អ្នក​សារព័ត៌មាន​នៅ​ចំ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នា​ថ្ងៃ​ទី​៣ ខែ​ឧសភា។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ មក ដែល​រុស្ស៊ី​នៅ​ពីក្រោយ​ក្រុម​ផ្ដាច់ខ្លួន​នៅ​ក្នុង​សមរភូមិ​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស់ អ្នក​សារព័ត៌មាន​បាន​ក្លាយជា​កម្លាំង​មួយ​ដែល​កងទ័ព​រុស្ស៊ី​ដៅ​ជា​មុខសញ្ញា​នៃ​ការ​កម្ទេច។

ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ដែល​ស្លាប់​ជាង ២០​នាក់​នោះ ក៏​មាន​អ្នក​សារព័ត៌មាន​បរទេស​ផង​ដែរ។

នៅ​ក្នុង​ទឹកដី​ដែល​កងទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន គឺ​ការិយាល័យ​របស់​អ្នកកាសែត​ត្រូវ​បាន​វាយ​បំផ្លាញ និង​សម្ភារៈ​ការិយាល័យ​ត្រូវ​កងទ័ព​រុស្ស៊ី​ដុត​កម្ទេច​ចោល​ជាង ១០០​ការិយាល័យ។

ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ទៀត​ថា អ្នកកាសែត​បរទេស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដោយ​គ្រាប់​កាំជ្រួច​របស់​កងទ័ព​រុស្ស៊ី បាញ់​ចូល​រដ្ឋធានី​គៀវ ហើយ​អ្នកកាសែត​រូប​នេះ​មាន​ឈ្មោះ​ថា Vira Hyrych។ គាត់​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​ស្ថាប័ន Radio Liberty ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប្រាគ នៃ​សាធារណរដ្ឋ​ឆេក។ អ្នកកាសែត​រូប​នេះ​មក​ស្រង់​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ទស្សនកិច្ច​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ António Guterres មក​រដ្ឋធានី​គៀវ ជួប​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymir Zelenskyy។

ក្រសួង​ការបរទេស​អ៊ុយក្រែន រក​ឃើញ​អ្នកកាសែត​ស្លាប់​ទាំង​អ្នកកាសែត​បរទេស និង​អ្នកកាសែត​ជនជាតិ​អ៊ុយក្រែន មាន​ជាង ២០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មេសា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស