ភរិយាសមាជិកគណបក្សសង្គ្រោះជាតិ ថាការសម្រេចរបស់តុលាការកំពូលឱ្យប្ដីរបស់គាត់ជាប់ពន្ធនាគារ ៧ឆ្នាំទាក់ទងទៅនឹងការបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេសប៊ុក គឺជារឿងអយុត្តិធម៌បំផុត។
នៅថ្ងៃពុធ ទី៤ ខែឧសភា នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានសម្រេចបដិសេធបណ្ដឹងសារទុក្ខរបស់សមាជិកគណបក្សសង្គ្រោះជាតិ លោក គង់ សំអាន ដោយចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមថាជារឿងត្រឹមត្រូវ។
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០២០ បានប្រកាសសាលដីកាដោយសម្រេចឱ្យលោក គង់ សំអាន ជាប់ពន្ធនាគារ ៧ឆ្នាំ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញការបង្ហាញសារគាំទ្រលោក សម រង្ស៊ី លើហ្វេសប៊ុក។ ដោយមិនសុខចិត្តនឹងការសម្រេចនេះ លោក គង់ សំអាន បានប្ដឹងសារទុក្ខមកតុលាការកំពូលឱ្យជួយផ្ដល់យុត្តិធម៌ដល់ខ្លួន ក្រោយពីតុលាការថ្នាក់ក្រោមកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៧ឆ្នាំ។
លោកស្រី អៀប សួគ៌ ដែលជាភរិយារបស់លោក គង់ សំអាន បង្ហាញការខកចិត្តដែលតុលាការជាន់ខ្ពស់មួយនេះនៅតែកាត់ឱ្យប្ដីរបស់គាត់ជាប់ពន្ធនាគារ ៧ឆ្នាំ ទាំងប្ដីរបស់លោកស្រីមិនបានធ្វើខុសអ្វី។ អ្នកស្រីបន្តថា ប្ដីរបស់គាត់ធ្វើគ្រូបង្រៀនបម្រើជាតិរហូតដល់អាយុ ៧០ឆ្នាំ បែរជាមកត្រូវជាប់គុកទៅវិញ។
អ្នកស្រីចាត់ទុកការសម្រេចរបស់តុលាការកំពូលជារឿងអយុត្តិធម៌ ព្រោះប្ដីរបស់គាត់មិនបានធ្វើខុសទេ។ លោកស្រីថា លោកស្រីខំឡើងមកសុំឱ្យតុលាការកំពូលជួយ បែរជាតុលាការកំពូលយកក្រដាសមកសូត្រដដែលវិញ។ តើយុត្តិធម៌នៅទីណា?
ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការ លោក គង់ សំអាន បានចាត់ទុកការសម្រេចរបស់តុលាការកំពូលពេលនេះ ថាជារឿងអយុត្តិធម៌សម្រាប់រូបគាត់ និងគ្រួសារ។ លោកថា វាជារឿងអយុត្តិធម៌ដែលលោកមិនអាចទទួលយកបាននោះទេចំពោះការសម្រេចនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ថាការសម្រេចរបស់តុលាការកំពូល គឺជារឿងអយុត្តិធម៌សម្រាប់លោក គង់ សំអាន និងគ្រួសាររបស់គាត់។ លោកថា នៅក្នុងដំណើរការនៃសវនាការចាប់ពីថ្នាក់សាលាដំបូងដល់សាលាឧទ្ធរណ៍ វាហាក់ដូចជាមិនមានភស្តុតាងក្នុងការចោទប្រកាន់ និងផ្ដន្ទាទោសលើគាត់។ លោកយល់ថា រឿងនេះវាជាសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងខេត្តត្បូងឃ្មុំ បានកាត់ទោសឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយចំនួន ៧នាក់ក្នុងសំណុំរឿង «រួមគំនិតក្បត់» ក្នុងនោះមានជនជាប់ចោទ ២នាក់ជាប់ពន្ធនាគារ ៥ឆ្នាំ ខណៈជនជាប់ចោទ ៥នាក់ទៀតជាប់ពន្ធនាគារចំនួន ៧ឆ្នាំ ប៉ុន្តែក្នុងចំណោមជនជាប់ចោទទាំង ៧នាក់ អ្នកដែលជាប់ពន្ធនាគារ គឺមានតែលោក គង់ សំអាន នោះទេ។
កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ពីខេត្តកំពត ដោយអំពាវនាវឱ្យពលរដ្ឋដែលចាញ់បោកក្រុមលោក សម រង្ស៊ី ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយសន្យាមិនយកទោសពៃរ៍អ្វីនោះឡើយ។ លើសពីនេះ លោកថែមទាំងបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៩ វិច្ឆិកា ថែមទៀតផង។
ជាមួយគ្នានោះ លោកក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការជាមួយមន្ត្រីតុលាការ ដើម្បីដកដីកាដែលបានចេញចាប់ខ្លួនជនមួយចំនួន ព្រមទាំងដោះលែងអ្នកដែលបានចាប់ខ្លួនពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកា ដោយលោកថា ពួកសកម្មជនទាំងនោះចាញ់បោកការឃោសនារបស់ក្រុមលោក សម រង្ស៊ី តែប៉ុណ្ណោះ។
សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ចោទក្នុងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕