អ្នកឃ្លាំមើលសង្គមមួយរូបព្រមានថា លោក ហ៊ុន សែន គ្មានឱកាសស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញនោះទេ ប្រសិនបើមិនទម្លាក់ចោលបទចោទលើសំណុំរឿងលោក កឹម សុខា និងជម្រះការសង្ស័យជុំវិញមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ឧសភា ថា នៅពេលលោក កឹម សុខា នៅតែត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិនោះ គឺស្មើនឹងរដ្ឋាភិបាលកម្ពុជាចោទប្រកាន់សហរដ្ឋអាមេរិកពីបទឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដូច្នោះដែរ។
លោកចោទជាសំណួរថា តើសហរដ្ឋអាមេរិកអាចទទួលយកបានទេ នៅពេលដែលកម្ពុជានៅតែបន្តចោទប្រទេសរបស់ខ្លួនពីបទឃុបឃិតក្នុងសំណុំរឿងក្បត់កម្ពុជា ក្នុងពេលដែលកម្ពុជាព្យាយាមស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញនោះ?
លោក គឹម សុខ អះអាងថា ករណីមួយទៀត រដ្ឋាភិបាលកម្ពុជាក៏ត្រូវជម្រះឲ្យជ្រះស្រឡះដែរអំពីការសង្ស័យរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា នាពេលកន្លងមក ពីព្រោះថាសំណុំរឿងនេះចាំបាច់ណាស់សម្រាប់សហរដ្ឋអាមេរិក។
នៅថ្ងៃទី៦ ឧសភា លោក គឹម សុខ ក៏បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា បន្ទាប់ពីកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន គួរតែមានរៀបចំកម្មវិធីសន្និសីទកាសែតរួមគ្នានៃសហប្រធានទាំងពីរ គឺលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ចូ បៃដិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឱកាសឲ្យអ្នកសារព័ត៌មានពីជុំវិញពិភពលោកសួរដេញដោលអំពីជំហររបស់លោក ហ៊ុន សែន ចំពោះរដ្ឋប្រហារនៅប្រទេសភូមា ការសម្លាប់ប្រជាធិបតេយ្យ ឧក្រិដ្ឋកម្មបោះឆ្នោតឃុំ-សង្កាត់ ការប្រតិដ្ឋរឿងក្បត់ជាតិចោទប្រកាន់លោក កឹម សុខា និងការសង្ស័យមូលដ្ឋានទ័ពចិននៅកម្ពុជា។
ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថាកំពុងតែស្ថិតក្នុងភាពរកាំរកូសយ៉ាងខ្លាំង ទាំងនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការនានា ក្នុងនោះមេដឹកនាំកម្ពុជា លោក ហ៊ុន សែន តែងចោទសហរដ្ឋអាមេរិកថាជាប្រទេសមហាអំណាចដែលប្រើប្រាស់ល្បិចកលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈនៃការអនុវត្តស្តង់ដារពីរអំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ជុំវិញភាពមិនចុះសម្រុងគ្នារវាងទំនាក់ទំនងកម្ពុជា-អាមេរិកនេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចវាយកម្ទេចអគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាម ដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ។ ការវាយកម្ទេចអគារដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិនប្រើប្រាស់មូលដ្ឋានទ័ពរាម សម្រាប់ធ្វើជាមូលដ្ឋានយោធាជើងទឹករបស់ពួកគេ ប៉ុន្តែបញ្ហានេះត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង។
ជុំវិញបញ្ហានេះ កាលពីអំឡុងឆ្នាំ២០១៨ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ធ្លាប់បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដោយបង្ហាញអំពីកង្វល់ចម្បងបំផុតនៃមូលដ្ឋានយោធាចិននៅកម្ពុជា និងព្រមានថា ប្រសិនបើកម្ពុជាផ្តល់មូលដ្ឋានតំបន់រាមឱ្យកងទ័ពជើងទឹកចិន ឈរជើងមែននោះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកដោយចៀសមិនផុតនោះទេ។
ដោយឡែកទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០២០ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក អេរិន ស្វាតជេស (Arend Zwartjes) បានអះអាងថា សហរដ្ឋអាមេរិកនឹងនៅតែលើកឡើងជាមួយរដ្ឋាភិបាលកម្ពុជា ទាំងជាសាធារណៈក្តី ទាំងជាលក្ខណៈឯកជនក្តី ចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែលកាន់តែរួមតូចទៅៗនៅកម្ពុជាបច្ចុប្បន្ននេះ។
លោក អេរិន ស្វាតជេស (Arend Zwartjes) បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររហូតមក ប៉ុន្តែការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើក្រុមប្រឆាំងដែលកំពុងតែឡើងកម្តៅបច្ចុប្បន្ននេះ ហាក់កំពុងដើរផ្ទុយពីវត្ថុបំណងរបស់សហរដ្ឋអាមេរិកទៅវិញ។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរដែលគំរាមកាន់អំណាចមួយជីវិត លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអះអាងថា កម្ពុជាបានគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងអនុវត្តនូវនីតិរដ្ឋរបស់ខ្លួនបានយ៉ាងល្អប្រសើរ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក៕