ក្រុមសន្តិសុខខណ្ឌដូនពេញ បានរុញច្រាន និងចាប់រូបថត រួមទាំងបដារបស់ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេនាំគ្នាយកញត្តិដាក់ទៅស្ថានទូតអាមេរិក ដើម្បីស្នើឱ្យជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីពួកគេឱ្យមានសេរីភាព ខណៈលោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះ។
ការដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអញ្ជើញលោក ហ៊ុន សែន ឱ្យទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។ កិច្ចប្រជុំនេះ គឺចំខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-អាមេរិកដែរ។
អ្នកស្រី អ៊ុក ចន្ធី ភរិយារបស់លោក យឹម សារ៉េត សកម្មជនគណបក្សសង្គ្រោះជាតិ លើកឡើងថា ពួកគាត់ដាក់ញត្តិនៅស្ថានទូតនេះ ដើម្បីស្នើសុំលោក ចូ បៃដិន ជួយអន្តរាគមន៍ឱ្យមានការទម្លាក់រាល់បទចោទប្រកាន់ និងដោះលែងស្វាមីពួកគាត់វិញ អំឡុងពេលលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។
អ្នកស្រីក៏បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលបានរុញច្រាន និងចាប់ទាញយកបដាដែលពួកគាត់លើកបង្ហាញទៅស្ថានទូតទាំងកម្រោល។ លោកស្រីចាត់ទុកសកម្មភាពរបស់អាជ្ញាធរឆ្លុះបញ្ចាំងឱ្យឃើញកម្ពុជាគ្មានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើយ ខណៈសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ត្រូវបានជាប់ពន្ធនាគារ និងអ្នកខ្លះរងបណ្ដឹងនៅតុលាការទាំងមិនបានធ្វើអ្វីខុសសោះ។
យ៉ាងណាក៏ដោយ ក្រុមសន្តិសុខខណ្ឌដូនពេញ បានចាត់ទុកការលើកបដារបស់ស្ត្រីថ្ងៃសុក្រដែលជាភរិយាសកម្មជនបក្សសង្គ្រោះជាតិ ថាបង្កឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ខណៈកន្លងមកសង្គមស៊ីវិលហៅការរារាំងក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យលើកបដាពីសំណាក់ក្រុមសន្តិសុខ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិផ្ទុយពីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស និងនយោបាយ។
ក្រុមស្ត្រីថ្ងៃសុក្រអះអាងថា បើសិនជារដ្ឋាភិបាលកម្ពុជានៅតែមិនដោះលែងស្វាមី និងសាច់ញាតិរបស់ពួកគេទេ ពួកគេនឹងនាំគ្នាតវ៉ាដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសលោកសេរីផ្សេងៗទៀតឱ្យជួយ។
សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់បាននិងកំពុងជាប់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ញុះញង់យោធិនមិនឱ្យស្ដាប់បញ្ជា និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលកំពុងភៀសខ្លួននៅក្រៅប្រទេស៕