ក្រុមសង្គមស៊ីវិលព្រមានថា ប្រព័ន្ធតុលាការកម្ពុជាអនុវត្តច្បាប់ស្តង់ដារពីរដែលមិនអាចធានានូវយុត្តិធម៌សង្គមបាន ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដោយធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ។
អ្នកគ្រប់គ្រងខាងផ្នែកសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ ឧសភា ថា ការអនុវត្តច្បាប់នៅកម្ពុជាគឺមានស្តង់ដារពីរ ដែលតែងធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិត ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដែលជាគំរូអាក្រក់យ៉ាងធ្ងន់ធ្ងរក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែក្រុមហ៊ុន និងពួកអ្នកមានអំណាចទាំងនោះ។
លោក ឃុន ថារ៉ូ រិះគន់ថា បើទោះបីជារដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលរបស់អង្គការអន្តជាតិ ILO ស្ដីពីសិទ្ធិការងាររបស់កម្មករនិយោជិតនៅកម្ពុជាក៏ដោយ ក៏ការអនុវត្តជាក់ស្តែងផ្ទុយស្រឡះពីខ្លឹមសារច្បាប់ដែលខ្លួនបានផ្តល់សច្ចាប័នទាំងស្រុងដែរ។ លោកបន្តថា ការអនុវត្តគោលនយោបាយសិទ្ធិការងាររបស់រដ្ឋាភិបាល តែងតែការពារផលប្រយោជន៍របស់ថៅកែក្រុមហ៊ុន ជាជាងផលប្រយោជន៍របស់កម្មករនិយោជិត។
ការអះអាងរបស់មន្ត្រីសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារលើកកម្ពស់សិទ្ធិកម្មករនិយោជិតបែបនេះ ស្របពេលដែលកម្មករនិយោជិតនៅកម្ពុជាកំពុងត្រូវរងការរំលោភបំពានលើសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
ចំណែកប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការអនុវត្តច្បាប់ស្ដីពីសិទ្ធិការងារនៅកម្ពុជាសព្វថ្ងៃនេះ មិនបានផ្តល់យុត្តិធម៌ជូនកម្មករនិយោជិតនោះទេ ខណៈមេដឹកនាំសហជីពដែលដឹកនាំតវ៉ាទាមទារយុត្តិធម៌ពីការរំលោភបំពានសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន ត្រូវបានជាប់បណ្តឹងស្ទើរតែគ្រប់គ្នាទៅហើយនៅពេលនេះ។
លោក វន់ ពៅ រិះគន់ថា សិទ្ធិមូលដ្ឋានរបស់កម្មករនៅកម្ពុជាត្រូវបានរឹតត្បិតទាំងស្រុង ព្រោះថាបច្ចុប្បន្ននេះ នៅពេលដែលកម្មកររងនូវការរំលោភសិទ្ធិការងារ កុំថាឡើយដល់ទៅការធ្វើបាតុកម្មទាមទារយុត្តិធម៌ សូម្បីតែធ្វើកូដកម្មដោយអហិង្សា ក៏ត្រូវបានបង្ក្រាបដោយអាជ្ញាធររដ្ឋដែរ ជាក់ស្តែងដូចជាការបង្ក្រាបទៅលើការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរងការរំលោភបំពានសិទ្ធិការងារពីថៅកែក្រុមហ៊ុននៅពេលនេះ ជាដើម។
ច្បាប់ស្ដីពីការងារត្រូវបានរដ្ឋសភាកម្ពុជាអនុម័តតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧ ដែលមាន ១៩ជំពូក និង ៩៦មាត្រា ហើយច្បាប់នេះមានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពសំខាន់ៗស្ដីពីការងាររបស់កម្មករនិយោជិតលើការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កិច្ចសន្យា កាតព្វកិច្ចរបស់គូភាគី សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងតំណាងដោយសហជីព ដើម្បីការពារសិទ្ធិកម្មករពីការរំលោភបំពាន។
ក្រុមអ្នកការពារសិទ្ធិកម្មករនិយាយថា ទោះបីកម្ពុជាមានច្បាប់ស្ដីពីការងារដើម្បីការពារកម្មករពីការរំលោភសិទ្ធិការងារក៏ដោយ ក៏កម្មករនិយោជិតត្រូវរងការធ្វើទុក្ខបុកម្នេញពីថៅកែក្រុមហ៊ុន និងអាជ្ញាធររដ្ឋដដែល។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនមួយនេះបានរងនូវការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរកម្ពុជា ដោយការវាយដំ និងជេរប្រមាថ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ បានចោទការធ្វើកូដកម្មអហិង្សាទាមទារយុត្តិធម៌ពីការរំលោភសិទ្ធិការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះថា គ្រាន់តែជាផែនការនៃការធ្វើបដិវត្តន៍ពណ៌របស់ពួកគេប៉ុណ្ណោះ ខណៈការបង្ក្រាប និងការចាប់ខ្លួនកម្មករទាំងនោះត្រូវបានអនុវត្តរហូតមកទល់នឹងពេលនេះ៕