29 C
Phnom Penh

តុលាការ​កោះហៅ​ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​លើក​ទី​ពីរ​ក្នុង​បទ​ចោទ​ញុះញង់​ឱ្យ​រើសអើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចេញ​ដីកា​កោះ​ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រចាំ​ខេត្ត​នេះ​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។

ក្នុង​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ជា សា បាន​តម្រូវ​ឱ្យ​អតីត​គ្រូពេទ្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង ៩:៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ក្នុង​សំណុំរឿង «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ដែល​ប្រព្រឹត្ត​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន ស្ថិតនៅ​ភូមិ​ប៉ាហ៊ីត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន។

ការ​ចេញ​ដីកា​កោះ​ជា​លើក​ទី​ពីរ​របស់​តុលាការ​ខេត្ត​ប៉ៃលិន នេះ ធ្វើឡើង​បន្ទាប់ពី​លោក ខឹម មុនីកុសល បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ ដោយ​លោក​ថា​មិន​ទាន់​មាន​មេធាវី។

លោក ខឹម មុនីកុសល ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន កំពុង​ជាប់​បណ្ដឹង​ចំនួន​ពីរ​នៅ​ឯ​តុលាការ ក្នុង​នោះ​បណ្ដឹង​ទី​មួយ​ទាក់ទង «បណ្ដឹង​បរិហារ​កេរ្តិ៍» របស់​លោក ចេង តូ ដោយ​តុលាការ​បាន​កោះហៅ​លោក​ឱ្យ​ចូល​ទៅ​បំភ្លឺ​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២២ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ម្តង​រួច​មក​ហើយ។ ចំណែក​ពាក្យ​បណ្តឹង​មួយ​ទៀត​ទាក់ទង​បទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ដែល​ប្រព្រឹត្ត​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន ស្ថិតនៅ​ភូមិ​ប៉ាហ៊ីត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ដោយ​តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

លោក ខឹម មុនីកុសល ត្រូវ​បាន​អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ជា​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ថា «មិន​បាន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះ​ទេ ប៉ុន្តែ​នាំគ្នា​អង្គុយ​លេង Facebook ក្នុង​តង់ និង​ថត​រូប​បង្អួត​គេ​ឯង​ទៅវិញ»។

កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ក្នុង​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ជាមួយ​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​យុត្តិធម៌ នា​ទីស្ដីការ​ក្រសួង ថ្នាក់​ដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​ស្នើ​ក្រសួង​យុត្តិធម៌ ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ និង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ចំពោះ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​នីតិវិធី​តុលាការ។ លើស​ពី​នេះ ពួកគេ​ក៏​ស្នើសុំ​ឱ្យ​ពន្យារ​ពេល​នីតិវិធី​តុលាការ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ដោយ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ។

កាលពី​ចុង​ខែ​មេសា គណបក្ស​ភ្លើង​ទៀន បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​របស់​ខ្លួន​ជាច្រើន​រូប​ដែល​រង​ការ​បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​មិន​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស