ប្រជាសហគមន៍នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឡើងមកប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើសហគមន៍ «ឧត្តមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយនៅទីនោះ។
ពលរដ្ឋរស់នៅឃុំពោធិ៍មាស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោកស្រី ឃន ខន បានប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងរៀបចំដែនដីថា ពួកគាត់នាំគ្នាតវ៉ាកន្លងមកគ្រាន់តែចង់រក្សាព្រៃឈើទុក ដោយថាបច្ចុប្បន្ន ព្រៃឈើសហគមន៍ «ឧត្តមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» កំពុងរងការកាប់បំផ្លាញ ទោះបីជាព្រៃនេះសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ក៏ដោយ។
ស្ត្រីវ័យចំណាស់ដែលធ្លាប់ត្រូវបានក្រុមទាហាន «ង៧០» វាយឱ្យរងរបួសរូបនេះបន្តថា ពលរដ្ឋខ្លះទៀតដែលមកដាក់ញត្តិនៅក្រសួងដែនដីនាថ្ងៃទី៩ ឧសភា នេះ ដើម្បីស្នើឲ្យក្រសួងជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលបានអូសបន្លាយចូល ១២ឆ្នាំមកហើយ ដែលមកដល់បច្ចុប្បន្ន មិនទាន់មានដំណោះស្រាយនៅឡើយ។
ចំណែកពលរដ្ឋម្នាក់ទៀត លោក សយ សាត បានរៀបរាប់ប្រាប់ទៅមន្ត្រីក្រសួងដែនដីដែលចេញមកទទួលញត្តិថា ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វក្នុងព្រៃសហគមន៍ «ឧត្តមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» កំពុងកើតឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ ហើយនៅពេលដែលពួកគាត់ទៅហាមឃាត់ និងទប់ស្កាត់ បែរជាក្រុមទាហានមកបាញ់គំរាមវាយខ្នោះ និងសម្លាប់ពលរដ្ឋទៅវិញ។
លោកបន្តថា បើសិនជាក្រសួងដែនដីមិនបញ្ជាទៅអាជ្ញាធរខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យបញ្ឈប់ និងជួយទប់ស្កាត់ទេ ព្រៃឈើដែលជាជម្រកសត្វគ្រប់ប្រភេទ និងជាកន្លែងពលរដ្ឋអាស្រ័យផលនោះ នឹងវិនាសដោយសារកាប់បំផ្លាញ និងឈូសឆាយដីស្ទើររាល់ថ្ងៃពីសំណាក់ក្រុមទាហាន និងពលរដ្ឋមួយចំនួនតូចទាំងនោះ។
ពលរដ្ឋរូបនេះបន្តថា ក្រុមទាហានគំរាមបាញ់ប្រជាពលរដ្ឋទាំងឃោរឃៅ ដោយគ្រាន់តែពួកគាត់នាំគ្នាតវ៉ាមិនឱ្យឈូសឆាយដីព្រៃដែលជាជម្រកសត្វ និងកន្លែងសម្រាប់ពលរដ្ឋថែរក្សាព្រៃ។
លោក សយ សាត អះអាងថា ការស្នើសុំឱ្យក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ដោយថាការតវ៉ា និងស្នើរបស់ពួកគាត់តាំងពីដើមរហូតដល់ពេលនេះ មិនមែនចង់បានជាដីឯកជនទេ ប៉ុន្តែពួកគាត់តែងចង់ថែរក្សាព្រៃនេះទុកជាទីសក្ការៈរបស់វត្ត និងទុកសម្រាប់សហគមន៍ឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងដឹង ហើយរដ្ឋត្រូវរក្សាទុកជាសម្បត្តិរដ្ឋ។
ការដែលពលរដ្ឋប្រមាណ ៧០០នាក់ដែលនាំគ្នាឡើងមកប្រមូលផ្ដុំគ្នា ដើម្បីដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី៩ ឧសភា នេះ បន្ទាប់ពីក្រុមទាហាន «ង៧០» ធ្លាប់បាញ់គំរាម និងប្រើហិង្សាលើប្រជាសហគមន៍ដែលធ្វើឱ្យពលរដ្ឋខ្លះបាក់ដៃ និងរបួសមុខ ជាដើម។
វិវាទដីធ្លីនេះបានកើតឡើងចាប់តាំងពីរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយបានកាត់ដីទំហំជាង ២៦០ហិកតារ (២៦២,២៤ហិកតារ) ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន ៤១គ្រួសារសម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង ធ្លាប់អះអាងថា ដីដែលកាត់ទៅឱ្យគ្រួសារកងទ័ពនេះ មិនប៉ះពាល់ដល់ដីសហគមន៍ឡើយ។ លោកបានចោទពលរដ្ឋដែលនាំគ្នាតវ៉ានោះថាជាក្រុមបក្សប្រឆាំង ហើយថាការតវ៉ានោះមានការញុះញង់ពីមេខ្យល់ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
ការអះអាងរបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វើឡើងផ្ទុយពីការរកឃើញរបស់ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថាការកាត់ដីចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ របស់ក្រសួងបរិស្ថាន ដើម្បីបែងចែកឱ្យទៅគ្រួសារកងទ័ពនៅឃុំត្រពាំងជោរ កន្លងមក មានភាពមិនប្រក្រតីជាច្រើន និងបានប៉ះពាល់ដល់ដីសហគមន៍ថែមទៀត។ ការប៉ះពាល់ដីសហគមន៍នេះ បានធ្វើឱ្យប្រជាសហគមន៍រងគ្រោះ ក្នុងនោះពលរដ្ឋចំនួន ១០នាក់កំពុងរងបណ្តឹងនៅតុលាការ ដោយថាក្រុមទាហានបានប្ដឹងបន្ទាប់ពីពួកគាត់នាំគ្នាតវ៉ា និងចុះទប់ស្កាត់ការឈូសឆាយដីព្រៃ។
បើតាមក្រុមសហគមន៍ ឱ្យដឹងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មានផ្ទៃដីព្រៃទំហំជាង ២ពាន់ហិកតារ ប៉ុន្តែក្រោយមក ក្រុមហ៊ុនឯកជន និងក្រុមទាហានបាននាំគ្នាចូលទៅរំលោភយកជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះ ដីព្រៃសហគមន៍នៅសល់ដីតិចតួចប៉ុណ្ណោះ៕