មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពពីបក្សកាន់អំណាច លោក កឹម សុខា អះអាងថា ជំនួបរបស់លោកជាមួយតំណាងទូតនៃប្រទេសជាមិត្តកម្ពុជាកន្លងមក គឺបណ្តាប្រទេសទាំងនោះបានផ្តល់តម្លៃដល់រូបលោកដែលមិនរត់ចោលមាតុភូមិកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការប្រកាន់យកនូវគោលការណ៍អហិង្សា។
ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅថ្ងៃទី១១ ឧសភា ថា ក្នុងជំនួបនេះ លោកបានពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍សំខាន់ៗដែលកំពុងកើតមាននៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងនៅកម្ពុជា នាពេលថ្មីៗនេះ។
មេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ជំនួបរបស់លោកជាមួយតំណាងប្រទេសមហាអំណាចជាបន្តបន្ទាប់នាពេលកន្លងមកនេះ លោកបានលើកឡើងជាច្រើនអំពីទំនាក់ទំនងនានារវាងកម្ពុជាជាមួយប្រទេសទាំងនោះ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាក្នុងតំបន់ ជាដើម។ ជាងនេះទៀត បណ្តាប្រទេសជាមិត្តទាំងនោះក៏លើកពីបញ្ហាលំហប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាការទាមទាររកយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់លោកក្នុងការចូលរួមសកម្មភាពនយោបាយផងដែរ។
លោក កឹម សុខា បញ្ជាក់ថា ទោះបីជាជំនួបរបស់លោករវាងខ្មែរនិងខ្មែរ ក៏ដូចជាជំនួបជាមួយតំណាងរដ្ឋបរទេសជាមិត្តកន្លងមក មិនទាន់បានបង្ហាញនូវលទ្ធផលនៃដំណោះស្រាយជាដុំកំភួនក៏ដោយ ក៏ជំនួបនេះបានបង្ហាញយ៉ាងច្បាស់ថា លោកគឺជាតួអង្គតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែលអាចចូលរួមស្វែងរកដំណោះស្រាយបញ្ហាជាតិរវាងខ្មែរ និងខ្មែរបាន ដោយមានការសាទរពីសហគមន៍អន្តរជាតិ។
លោកបន្ថែមថា ជំនួបរបស់លោកនាពេលកន្លងមកជាមួយតំណាងទូតជាមិត្តកម្ពុជា អាចបង្ហាញពីចិត្តគំនិតរបស់រដ្ឋបរទេសទាំងនោះយ៉ាងច្បាស់ថា ពួកគេនៅតែផ្តល់តម្លៃដល់រូបលោកដែលបានប្ដេជ្ញាចិត្តមិនរត់ចោលមាតុភូមិកម្ពុជា មិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋខ្មែរ សុខចិត្តតស៊ូអត់ធ្មត់ដើម្បីស្វែងរកដំណោះស្រាយដោយតម្កល់ប្រយោជន៍ជាតិជាធំ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ព្រមទាំងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ នៅដើមសប្តាហ៍នេះ។
ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ លោក កឹម សុខា បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី Carmen Moreno និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger ផងដែរ។
បើទោះបីជាលោក កឹម សុខា ស្ថិតក្នុងការចោទប្រកាន់ និងការរឹតត្បិតសេរីភាពយ៉ាងណាក្តី ប៉ុន្តែចាប់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មក តំណាងអង្គទូតនៃប្រទេសដែលជាមិត្តរបស់កម្ពុជាបាននាំគ្នាទៅជួបពិភាក្សាការងារជាមួយលោកជាបន្តបន្ទាប់ ដូចជាតំណាងសហគមន៍អឺរ៉ុប តំណាងទូតសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ដើម្បីបង្ហាញពីការទាមទារទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងបើកសិទ្ធិសេរីភាពមេដឹកនាំបក្សប្រឆាំងឡើងវិញ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការបិទសេរីភាពលោក កឹម សុខា គឺមានតែធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ដូចជាការខាតបង់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ខាតបង់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ដែលនឹងឈានទៅរកការខាតបង់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារហូតឈានដល់ការចាប់ខ្លួនដាក់ពន្ធនាគារកាលពីឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែលោកនៅតែមានភាពស្អាតស្អំ ព្រោះថារហូតមកទល់នឹងពេលនេះ តុលាការកម្ពុជាមិនទាន់មានភស្តុតាងណាមួយដើម្បីដាក់បន្ទុកឈានដល់ការកាត់ទោសលោកនៅឡើយទេ៕