ក្រុមអ្នកតស៊ូមតិរស់នៅក្រៅស្រុក លើកឡើងថា លោក ហ៊ុន សែន នឹងរងនូវភាពអាម៉ាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារសហរដ្ឋអាមេរិកបានទម្លាក់តម្លៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកយ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានរៀបចំឱ្យមានជំនួបទ្វេភាគីរវាងសហប្រធានទាំងពីរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ឧសភា ថា ភាពអាម៉ាស់នោះដែលបានកើតមានលើមេដឹកនាំកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះ គឺសហរដ្ឋអាមេរិកបានទម្លាក់តម្លៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកយ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា ការទម្លាក់តម្លៃទំនាក់ទំនងការទូតនេះ គឺនៅត្រង់ថា លោក ហ៊ុន សែន ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាមួយលោក ចូ បៃដិន ប៉ុន្តែសហរដ្ឋអាមេរិកបែរជាមិនរៀបចំឱ្យមានជំនួបទ្វេភាគីរវាងសហប្រធានទាំងពីរទៅវិញ។
អ្នកវិភាគរូបនេះលើកឡើងថា ក្រៅពីការបិទមិនឱ្យមានជំនួបទ្វេភាគីរវាងប្រធានអាស៊ាន លោក ហ៊ុន សែន និងលោក ចូ បៃដិន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ឧសភា នេះ អាមេរិកនឹងមិនរៀបចំកិច្ចប្រជុំកំពូលនេះនៅសេតវិមានរបស់ប្រធានាធិបតីនោះទេ តែបែរជារៀបចំនៅទីស្ដីការក្រសួងការបរទេសអាមេរិកជំនួសវិញ។ ដូច្នេះការធ្វើបែបនេះ គឺបង្ហាញថា អាមេរិកមិនឱ្យតម្លៃលើទំនាក់ទំនងការទូតរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាននោះឡើយ។
លោក គឹម សុខ បន្តថា ក្រៅពីភាពអាម៉ាស់ដែលសហរដ្ឋអាមេរិកមិនបានផ្តល់តម្លៃលើទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក លោក ហ៊ុន សែន ខ្លួនឯងក៏បានធ្វើនូវរឿងដែលគួរឱ្យអាម៉ាស់ជាច្រើនទៀតជុំវិញកិច្ចប្រជុំនេះ ក្នុងនោះ លោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីកម្ពុជារាប់រយនាក់ជិះយន្តហោះទៅចូលរួមទទួលលោកនៅសហរដ្ឋអាមេរិកមុនកិច្ចប្រជុំនោះ។ ជាងនេះទៀត លោក ហ៊ុន សែន បានចំណាយលុយជាតិប្រមាណជា ១លានដុល្លារអាមេរិកដើម្បីទាក់ទាញឱ្យពលរដ្ឋខ្មែរប្រមាណជា ១ពាន់នាក់ដែលរស់នៅសហរដ្ឋអាមេរិក ឱ្យនាំគ្នាទៅទទួលលោកក្នុងកម្មវិធីជួបជុំទទួលទានអាហារ ដែលរៀបចំដោយមន្ត្រីបក្សកាន់អំណាចក្នុងវត្តមានរបស់ខ្លួនលើទឹកដីសហរដ្ឋអាមេរិកនេះ។
លោក គឹម សុខ បញ្ជាក់ថា ស្របពេលដែលលោក ហ៊ុន សែន ត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ បែរជាសហភាពអឺរ៉ុប បដិសេធការបោះឆ្នោតនាពេលខាងមុខ និងទាមទារឱ្យបើកលំហប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ ស្របពេលដែលពលរដ្ឋខ្មែរ និងពលរដ្ឋភូមា ដែលរស់នៅសហរដ្ឋអាមេរិក ក៏បាននាំគ្នាមកបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ដែរនោះ។ លោកបន្តថា ការធ្វើបែបនេះ គឺជាការបំបាក់មុខលោក ហ៊ុន សែន យ៉ាងខ្លាំងក្នុងនាមជាប្រធានអាស៊ានដែលត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលនេះ។
លោក គឹម សុខ គូសបញ្ជាក់ថា តាមឥរិយាបថរបស់សហរដ្ឋអាមេរិក ជុំវិញកិច្ចប្រជុំកំពូលនេះ អាមេរិកមិនបានផ្តល់តម្លៃដល់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានដែលត្រូវធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះទេ ហើយកិច្ចប្រជុំនេះ អាមេរិកធ្វើឡើងគ្រាន់តែដើម្បីបង្គ្រប់កិច្ចក្នុងការភ្ជាប់ទំនាក់ទំនងអាមេរិក-អាស៊ានជាមួយប្រទេសដែលជាសមាជិកអាស៊ានមួយចំនួនប៉ុណ្ណោះ។
ចំណែកអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចស្ដារមុខមាត់របស់កម្ពុជា និងមុខមាត់របស់គាត់ឡើងវិញ ប្រសិនបើគាត់ប្រើឱកាសក្នុងពេលវត្តមានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ បើកឱ្យមានការលើកលែងការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការដទៃទៀតឱ្យមានសេរីភាពឡើងវិញ នោះនឹងមានការសាទរពីសហគមន៍អន្តរជាតិជាមិនខាន ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ សប្តាហ៍នេះ ដែលមានការចូលរួមដឹកនាំពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ។
ជុំវិញវត្តមានប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លើទឹកដីសហរដ្ឋអាមេរិកនេះ សារព័ត៌មាន The Cambodia Daily បានទទួលព័ត៌មានជាបន្តបន្ទាប់មកទល់នឹងម៉ោងផ្សាយនេះថា ប្រជាពលរដ្ឋខ្មែរដែលមកពីបណ្តារដ្ឋជាច្រើនក្នុងទឹកដីសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ដើម្បីទាមទារឱ្យលោក ហ៊ុន សែន គោរពរដ្ឋធម្មនុញ្ញ និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ ព្រមទាំងទាមទារឱ្យបើកសិទ្ធិសេរីភាពដល់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការដទៃទៀតដែលកំពុងរងការចោទប្រកាន់ទាំងអយុត្តិធម៌សព្វថ្ងៃនេះ៕