រដ្ឋសភាកម្ពុជាបានបោះឆ្នោតជ្រើសរើសលោក កែប ជុតិមា ធ្វើជាប្រធានគណៈកម្មការទី៤ ជំនួសតំណែងលោក ហ៊ុន ណេង បងប្រុសរបស់លោក ហ៊ុន សែន ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ។
ការបោះឆ្នោតជ្រើសរើសលោក កែប ជុតិមា ធ្វើឡើងក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ មានលោក ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាចំនួន ១០៦រូបទៀតចូលរួមផងដែរ។
លោក កែប ជុតិមា ដែលបច្ចុប្បន្នជាអនុប្រធានគណៈកម្មការទី៩ គឺគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើជាបេក្ខជនប្រធានគណៈកម្មការទី៤ ជំនួសតំណែងលោក ហ៊ុន ណេង បងប្រុសរបស់លោក ហ៊ុន សែន។
លោក កែប ជុតិមា មិនត្រឹមតែជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាជាតិប៉ុណ្ណោះទេ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្រៅពីបោះឆ្នោតជ្រើសតាំងលោក កែប ជុតិមា នាថ្ងៃទី១១ ឧសភា នេះ រដ្ឋសភាកម្ពុជាក៏សម្រេចផ្តល់សុពលភាពនៃអាណត្តិរបស់លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជំនួសលោក ហ៊ុន ណេង ដែលបានទទួលមរណភាព ស្របពេលដែលលោក ខឹម ច័ន្ទគិរី ក៏ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាថែមទៀត។
ចំណែកលោក ពេជ្រ គឹមស្រ៊ាង ត្រូវបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាផងដែរ។
អតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ណេង បានចូលនិវត្តន៍នៅឆ្នាំ២០១៣ និងបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ លោកត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាជាតិរហូតមកដល់លោកទទួលមរណភាពដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែឧសភា៕