លោក ហ៊ុន សែន ថ្លែងថា កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនកើនដល់ ៩០% ហើយដោយនៅសល់ ១០% ទៀត កំពុងចរចាបោះបញ្ចប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០១៩ កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនបានតែ ៨៤% ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានចំនួន ៦% ទៀត។
លោកបញ្ជាក់ថា បង្គោលព្រំដែន ៦% ដែលបានបោះរួចនេះ ភាគីទាំងពីរបានឯកភាពគ្នានឹងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ២០២២ ហើយនៅសល់ ១០% ទៀត កំពុងចរចាគ្នាដើម្បីឈានបោះបញ្ចប់។ ព្រំដែនដែលនៅសល់ ១០% នៅតំបន់ដាក់ដាំ និងដាក់ហ៊ូត ខេត្តមណ្ឌលគិរី។
លោក ហ៊ុន សែន អះអាងថា រូបលោកមិនបានលក់ដីឱ្យវៀតណាមដូចការចោទប្រកាន់ឡើយ ដោយថាបើសិនជាលោកលក់ដីមែននោះ ការបោះបង្គោលព្រំដែនមិនចាំបាច់ចរចាយូរឆ្នាំជាមួយវៀតណាមឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងរឿងបោះបង្គោលព្រំដែនជាមួយវៀតណាម ដោយបង្ហាញស្មារតីស្មោះនឹងប្រយោជន៍វៀតណាម និងមិនខ្វល់ពីប្រយោជន៍ទឹកដីខ្មែរឡើយ។ លោកបន្តថា គ្រប់ពេលដែលបោះបង្គោល អាជ្ញាធរលោក ហ៊ុន សែន បើកចំហជាមួយវៀតណាម ទាំងជាមួយអាជ្ញាធររដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាម ឱ្យដឹងឮគ្រប់ជ្រុងជ្រោយ ប៉ុន្តែលាក់បាំងប្រជាពលរដ្ឋខ្មែរ ខណៈប្រជាពលរដ្ឋខ្មែរដែលបានដឹងត្រឹមតែលទ្ធផលនៃទិន្នន័យបោះបង្គោលរួចហើយជាចំនួនភាគរយពីមាត់លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយក៏មិនបានដឹងថា វៀតណាម និងលោក ហ៊ុន សែន បោះបង្គោលរបៀបណា និងមានបង្កប់អ្វីខ្លះក្នុងបង្គោលព្រំដែននោះទេ។
អ្នកវិភាគរូបនេះថា ជំនួបរវាងលោក ហ៊ុន សែន និងក្រុមមេដឹកនាំវៀតណាម គ្រប់ពេលវាហាក់ដូចជាបង្ហាញនូវប្រពៃណីដែលលោក ហ៊ុន សែន ទៅទទួលយកទិន្នន័យនៃបញ្ហាព្រំដែន និងជនអន្តោប្រវេសន៍ពីភាគីវៀតណាម ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋខ្មែរទៅតាមផែនការរបស់វៀតណាម។
លោក គឹម សុខ សម្គាល់ឃើញថា ទាំងករណីព្រំដែន និងរឿងអន្តោប្រវេសន៍ លោក ហ៊ុន សែន និងក្រុមគាត់មិនដែលហ៊ាននិយាយមុនទិន្នន័យដែលវៀតណាមទម្លាយនោះទេ។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស លោក ម៉ែន ណាត បានចាត់ទុកការបោះបង្គោលព្រំដែនបច្ចុប្បន្នធ្វើឡើងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់លើផែនទីមាត្រដ្ឋានខ្នាត ១/១០០០០០ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។ ចំណែកមាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
កម្ពុជាមានផ្ទៃដីសរុបទំហំ ១៨១០៣៥គីឡូម៉ែត្រការ៉េ ដែលមានព្រំដែនគោកជាប់ប្រទេសវៀតណាមប្រវែង ១២៧០គីឡូម៉ែត្រ៕