31 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ការ​ចោទប្រកាន់​របស់​អាមេរិក​ទាក់ទង​នឹង​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បដិសេធ​ថា ការ​ចោទប្រកាន់​លើ​កំពង់ផែ​រាម​អំពី​វត្តមាន​យោធា​ចិន ពី​សំណាក់​សហរដ្ឋ​អាមេរិក គឺជា​រឿង​មិន​ពិត ព្រោះ​កម្ពុជា​មាន​គោលជំហរ​ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍​ដែល​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ។

មេដឹកនាំ​ខ្មែរ​ដែល​គេ​ចាត់ទុក​ជា​ឧក្រិដ្ឋជន លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក លោក ស្កុត ដេវីដ ផាវិន (Scott David Parven) កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​សព្វថ្ងៃ​នេះ បាន​ឈាន​ដល់​កម្រិត​ល្អ​ប្រសើរ​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​ប្រើ​កណ្ដាប់ដៃ​ដែក​ក្រាញ​អំណាច លោក ហ៊ុន សែន បញ្ជាក់​ទៅ​កាន់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​របស់​អាមេរិក​ថា ពួកគេ​នៅ​មាន​កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើ​បន្ត គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជាពិសេស​អំពី​ការ​ចោទប្រកាន់​កម្ពុជា​ជុំវិញ​វត្តមាន​យោធា​ចិន​លើ​កំពង់ផែ​រាម​ដូច​សព្វថ្ងៃ​នេះ។

អតីត​មេ​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន បាន​លើកឡើង​ពី​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ​២០១៧ ផង​ដែរ​ថា គឺ​ដោយសារតែ​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ប៉ុណ្ណោះ មិនមែន​មាន​បំណង​បង្អាក់​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាមេរិក​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក លោក ស្កុត ដេវីដ ផាវិន (Scott David Parven) អំឡុង​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ឧសភា នេះ។

តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក លោក ស្កុត ដេវីដ ផាវិន (Scott David Parven) បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន ថា កន្លងមក​ក្រុម​ការងារ​របស់​លោក​បាន​ធ្វើ​ការងារ​ជាច្រើន​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​កាន់តែ​ល្អ​ប្រសើរ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ក៏​បាន​ទាក់ទង​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​អាមេរិក​នៅ​ស្ថាប័ន​សភា ក៏ដូចជា​រដ្ឋាភិបាល​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាមេរិក​យល់​ពី​ជំហរ​របស់​កម្ពុជា​ទាំង​ទំនាក់ទំនង​ទ្វេភាគី ទាំង​ការងារ​អាស៊ាន និង​ការងារ​អន្តរជាតិ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​លាតត្រដាង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចំណាយ​ទឹកប្រាក់​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ការ​ជួល​ក្រុមហ៊ុន AKIN GUMP STRAUSS HAUER & FELD LLP ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​ឡើងវិញ ជាពិសេស​ជុំវិញ​ករណី​ផែ​រាម​ដែល​សហរដ្ឋ​អាមេរិក​ចោទ​ថា​កម្ពុជា​បាន​ផ្តល់​ជា​មូលដ្ឋាន​ឲ្យ​យោធា​ចិន​សម្រាប់​ប្រតិបត្តិការ​បច្ចុប្បន្ន​នេះ។

បើ​ទោះបី​លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​មិន​មាន​វត្តមាន​យោធា​ចិន​លើ​កំពង់ផែ​រាម​ក៏ដោយ ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy R. Sherman កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​ខ្លួន​ថា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អ្នកស្រី​បាន​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។

កាលពី​ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជា​និង​ចិន បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​រយៈពេល ៣០​ឆ្នាំ ដោយ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

ជុំវិញ​ពី​ការ​សង្ស័យ​វត្តមាន​យោធា​ចិន​លើ​កំពង់ផែ​រាម​នេះ កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman លើកឡើង​ចំពោះ​មុខ​រដ្ឋាភិបាល​កម្ពុជា​ចំៗ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឲ្យ​បាន​ច្បាស់លាស់​ទេ នោះ​គឺ​មាន​ន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស